Ad Code

កីឡាករ ឈិន ឈឿន បន្ត​ស្វែងរក​ជំនួយ​មុន​ចេញទៅ​ចែករំលែក​បទពិសោធន៍​បាល់ទាត់​នៅ​សាលារៀន​មួយ​ក្នុង​ខេត្តកំពង់ធំ



កីឡាករ ឈិន ឈឿន ខ្សែបម្រើ​ស្លាប​ប្រចាំ​ក្រុម​ក្រសួងការពារជាតិ សមាជិក​ក្នុង​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League) ត្រៀម​រៀបចំ​ចេញទៅ​ចែករំលែក​បទពិសោធន៍​បាល់ទាត់​នៅ​សាលាបឋមសិក្សា​មួយ​ក្នុង​ខេត្តកំពង់ធំ គ្រា​ដែល​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន សម្រាក​មួយរយៈ​មុន​រដូវ​កាល​ថ្មី​មកដល់​។

​កីឡាករ ឈិន ឈឿន ធ្លាប់​បាន​ឲ្យ​ដឹង​ថា «​ដោយសារ​ការ​ស្រលាញ់​តាំងពីរ​តូច​រហូត​មក​ដល់ពេលនេះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ក្ដី​ស្រមៃ​មួយ បាន​បង្កើត​ក្រុមយុវជន និង​បាល់ទាត់​។ សម្រាប់​ក្រុម​មួយ​នេះ គឺ​ខ្ញុំ​បានធ្វើ​វា ដោយ​ការស្រលាញ់ លះបង់ ចេញពី​ចិត្ត មិនដែល​គឺថា​ចង់បាន​ផលប្រយោជន៍​អ្វី​នោះទេ ទៅវិញ​នេះ គឺ​ចង់ឃើញ​ប្អូនៗ យុវជន ប្អូនៗ​នៅតាម​សាលារៀន ដែលមាន​ការខ្វះខាត សម្ភារៈ​សិក្សា សម្ភារៈ​កីឡា នឹង​ផ្នែក​បាល់ទាត់ ផង​ដែល ជាការ​ជំរុញ​លើកទឹកចិត្ត​ប្អូនៗ ដើម្បី​មាន​អនាគត​ដល់​ល្អ នឹង​យុវជន​ល្អ​សំរាប់​ប្រទេសជាតិ​យើង​»​។



គម្រោង​កម្មវិធី​ចុះ​ចែករំលែក​បទពិសោធន៍ និង​ហ្វឹកហាត់​បាល់ទាត់ នេះ​នឹង​ធ្វើឡើង​នៅ លើ​ទឹកដី​សាលាបឋមសិក្សា​អូ​អំបែង ដែល​ស្ថិតនៅ​ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ប៉ុន្តែ​នៅ​មិនទាន់​បាន​កំណត់​កាលបរិច្ឆេទ​ច្បាស់​នៅឡើយ​ទេ​។ ក្រៅពីនោះ​ក៏មាន​ចែកជូន​រង្វាន់​ស​ម្រា​ប់​សិស្ស​ដែលមាន​ការខ្វះខាត​ជា​នូវ​សម្ភារៈ​សិក្សា ដូចជា សៀវភៅ ប៊ិច ខ្មៅ​ដៃ ដីស ក្តារឆ្នួន ជាពិសេស​នោះ​គឺ ឯកសណ្ឋាន​សម្រាប់​សិក្សា​។

បច្ចុប្បន្ន​សាលាបឋមសិក្សា​អូ​អំបែង មាន​សិស្សានុសិស្ស​ចំនួន​១២១​នាក់ ប្រុស​៦៣ និង​ស្រី​៥៨​នាក់ ចាប់ពី​ថ្នាក់​ទី​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី​៦​។ កម្មវិធី​នេះដែរ​ក៏មាន​ការចូលរួម​ពី​កីឡាករ ឈិន ឈឿន​,​ពូ​ឈី​វ​,​ជ័យ ចិ​ត្រា អ៊ុំ វិចិត្រ​...​ជាដើម ព្រមទាំង​សមាជិក​ដទៃ​ផងដែរ​។ សម្រាប់​បងប្អូន​ទស្សនិកជន​ចង់​ធ្វើការ​ចូលរួម​ឧបត្ថម្ភ​សូម​ទាក់ទង​ទៅ​កីឡាករ ឈិន ឈឿន ផ្ទាល់​តាម​លេខ​ទូរស័ព្ទ 016950960​ឬ​លោក ជុំ ពុទ្ធា​រ៉ា 07822992 ឬ​ហុង ដា​រិ​ទ្ធ 010661469​។

កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ ធ្លាប់​បាន​ចែករំលែក​បទពិសោធន៍ និង​សម្ភារៈ​កីឡា​មួយចំនួន​នៅតាម​តំបន់​មួយចំនួន​ដូចជា​នៅ​ខេត្តកំពង់ចាម ខេត្តស្វាយរៀង ប៉ៃលិន និង​ខេត្តតាកែវ នេះដែរ​។ កន្លងមក​ក្រៅពី​បង្ហាត់​បច្ចេកទេស​បាល់ទាត់​ក្រុមការងារ​នេះ​ក៏​តែងតែ​នាំយក​សម្ភារៈ​កីឡា និង​ម្ហូបអាហារ​ផ្ដល់​ដល់​យុវជន​ដែល​ចូលរួម​ហ្វឹកហាត់​ផងដែរ​។

សូម​រំលឹក​ថា ​កីឡាករ ឈិន ឈឿន ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី​អាយុ​១៣​ឆ្នាំ​រហូតដល់​ឈុត​ធំ នាពេល​បច្ចុប្បន្ន​។ ក្រៅពីនោះ​រូបគេ​បាន​ចូលរួម​ជាមួយ​ក្លិប​ក្រសួងការពារជាតិ កាលពី​ឆ្នាំ ២០០៧ ប៉ុន្ដែ​កាលនោះ​នៅត្រឹម​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ ហើយ​រហូតដល់​ឆ្នាំ​២០០៩ ទើប​លោក ទេព ឡុង​រចនា បានដាក់​ឲ្យ​ក្នុង​ក្រុម​ជម្រើស​១១​នាក់​ដំបូង​។ រូបគេ​ធ្លាប់បាន​ជួយ​ក្រុម​លើកពាន​រង្វាន់​សំខាន់ៗក្នុង​ស្រុក​មួយ​ចំនួន​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu