Ad Code

រដ្ឋមន្ត្រីការបរទេស​កម្ពុជា បញ្ជាក់​ពី​មូលហេតុ ដែល​កម្ពុជា​សម្រេច​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នៅ​ឆ្នាំក្រោយ



ភ្នំពេញ ​៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​អះអាងថា មាន​មូលហេតុ​ជាច្រើន ដែល​កម្ពុជា​យើង​សម្រេច​ធ្វើជា​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) នៅ​ឆ្នាំក្រោយ ពីព្រោះ​កិច្ចប្រជុំ​នេះ ត្រូវបាន​ចាត់ទុកជា​វេទិកា​ផ្លូវការ​តែមួយគត់ សម្រាប់​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ទ្វីបអាស៊ី និង​អឺរ៉ុប ដែល​ផ្ដោតលើ​ការងារ​ពង្រឹង​ភាពជា​ដៃគូ​ជំរុញ​ឲ្យ​មាន​សន្តិភាព និង​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ចីរភាព។

ការបញ្ជាក់​របស់​ឯក​ឧ​ត្ត​ម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បែបនេះ ខណៈដែល​ឯកឧត្តម​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប ស្តីពី "​កម្ពុជា​ឆ្ពោះទៅ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ឆ្នាំ​២០២០ និង​គោលនយោបាយ​ការបរទេស​កម្ពុជា ក្នុង​បរិបទ​សកល​បច្ចុប្បន្ន​" ដែល​កិច្ចប្រជុំ​នេះ រៀបចំឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ ដែល​សហការ​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ។

ថ្លែង​ទៅកាន់​អ្នកចូលរួម ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើក​ជា​សំណួរ​ថា ហេតុអ្វី​បានជា​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១៣ នៅ​ឆ្នាំ ២០២០ ហើយ​កិច្ចប្រជុំ​កំពូល​នេះ​មាន​សារៈសំខាន់​ដូចម្ដេចខ្លះ ?​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកឡើងថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) ត្រូវបាន​ចាត់ទុកជា​វេទិកា​ផ្លូវការ​តែមួយគត់​សម្រាប់​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ទ្វីបអាស៊ី និង​អឺរ៉ុប ដែល​ផ្ដោតលើ​ការងារ​ពង្រឹង​ភាពជា​ដៃគូ​ជំរុញ​ឲ្យ​មាន​សន្តិភាព និង​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ចីរភាព​។ កិច្ចប្រជុំ​នេះ មាន​វិសាលភាព​គ្របដណ្ដប់​លើ​ទិដ្ឋភាព​នយោបាយ និង​សន្តិសុខ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ទិដ្ឋភាព​វប្បធម៌​សង្គម ហើយ​យន្តការ​នេះ គឺជា​វេទិកា​ដ៏​ល្អប្រសើរ​សម្រាប់​ថ្នាក់ដឹកនាំ​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​នានា​ផងដែរ.

តាម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​លើកដំបូង​នា​ខែមីនា​ឆ្នាំ​១៩៩៦ នៅ​ទីក្រុង​បាងកក ដែលមាន​រដ្ឋ​ជា​ស្ថាបនិក​ត្រឹមតែ​២៦​ប៉ុណ្ណោះ វេទិកា​នេះ​បាន​ពង្រីក​សមាជិកភាព​របស់ខ្លួន​រហូតដល់​ទៅ​៥៣​ប្រទេស និង​ដៃគូ​។ បូក​បញ្ចូល​គ្នា​ទៅ វេទិកា ASEM នេះ បាន​តំណាង​ឲ្យ​ប្រមាណ​៦៥ ភាគរយ​នៃ​សេដ្ឋកិច្ចពិភពលោក​, ៦០​ភាគរយ​នៃ​ប្រជាជន​, ៥៥​ភាគរយ នៃ​ពាណិជ្ជកម្ម និង​៧៥​ភាគរយ​នៃ​ទេសចរណ៍​ពិភពលោក​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បន្តថា កម្ពុជា​បាន​ចូលរួម​ក្នុង​យន្តការ​នេះ ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​៥ ដែល​បាន​ធ្វើឡើង​កាលពី​ឆ្នាំ​២០០៤ នៅ​ប្រទេស​វៀតណាម​មកម្ល៉េះ ដែល​យើង​ចាត់ទុក​កិច្ចប្រជុំ​នេះ ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់ និង​តំបន់​ដែល​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា​។ ទី​១, កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប បានផ្ដល់​ឲ្យ​កម្ពុជា នូវ​ឱកាសល្អ​ក្រៃលែង ដើម្បី​លើកកម្ពស់​មុខមាត់​រប​ស់​ខ្លួន​នៅលើ​ឆាក​អន្តរជាតិ​។ ទី​២, វេទិកា​នេះ​ផ្តល់ឱកាស​ដល់​កម្ពុជា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​ជាមួយ​សមាជិក​ដទៃទៀត តាមរយៈ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​នានា នៃ​ដំណើរការ​របស់ ASEM និង​ជំរុញ​សេដ្ឋកិច្ច និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាក់លាក់ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​រួមមាន​ការផ្លាស់ប្ដូរ​ពាណិជ្ជក​ម្មការ​វិនិយោគ​ទេសចរណ៍ និង​វប្បធម៌​ជាដើម​។ ទី​៣, កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប បានរួម​ចំណែក​លើកស្ទួយ​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា​ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន​។ ទី​៤, ការតភ្ជាប់​នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប គឺជា​វេទិកា​ដ៏​រស់​រវើក​បំផុត​សម្រាប់​កម្ពុជា ដើម្បី​ការលើកកម្ពស់​ការផ្លាស់​ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន​នៅក្នុង​បរិបទ ដែល​តំបន់​អាស៊ី​-​អឺរ៉ុប កំពុង​តែមាន​ការតភ្ជាប់​គ្នា​កាន់តែខ្លាំង​ឡើង​ខ្លាំង​ឡើង។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បានលើកឡើង​ទៀតថា ជាច្រើន​ឆ្នាំ​កន្លងមកនេះ កម្ពុជា​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​នៅក្នុង​សកម្មភាព​នានា​នៃ​ដំណើរការ​របស់ ASEM ។ ជាក់ស្ដែង​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍ ASEM ចំនួន​២​បន្ថែម​លើ​ព្រឹត្តិការណ៍​នេះ ដែល​រួមមាន "​វគ្គ​បណ្ដុះបណ្ដាល​លើក​ទី​៧ ក្រោម​គំនិត​ផ្ដួចផ្ដើម​នៃ​វគ្គ​បណ្ដុះបណ្ដាល​ការទូត​អាស៊ី​អឺរ៉ុប​" និង "​កិច្ចសន្ទនា​ស្ដីពី​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​៨ ក្រោម​ប្រធានបទ​ការលើកកម្ពស់​ភាពជា​ដៃគូរ​ទឹក ដើម្បី​កំណើន និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​"​។ ជាមួយគ្នា​នោះ ក៏មាន​សកម្មភាព និង​ព្រឹត្តិការណ៍​ជាច្រើន​ទៀត ដែល​បណ្តា​ប្រទេស​ជា​សមាជិក ASEM ផ្សេងទៀត​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​កម្ពុ​ជាមាន​គណៈប្រតិភូ​ចូលរួម​ផងដែរ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើក​ជា​សំណួរ​ទៀតថា ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប គឺ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត និង​ប្ដូរ​វេន​គ្នា​រៀងរាល់​២​ឆ្នាំ​ម្ដង ដោយ​ម្ដង​ធ្វើ​នៅ​អាស៊ី ម្ដង​ធ្វើ​នៅ​អឺរ៉ុប​។ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើកចុងក្រោយ​បានធ្វើ​ឡើង​នៅ​ខែតុលា ២០១៨ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ដែល​នៅ​ទីនោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានប្រកាស​ជា​ផ្លូវការ ពី​ការទទួលយក​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ហើយ​ការប្រកាស​នេះ បានទទួល​ការផ្តល់​តម្លៃ និង​អបអរសាទរ​ជាខ្លាំង​ពី​ថ្នាក់ដឹកនាំ ASEM ទាំងអស់​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់ដែរថា វា​ពិតជា​ភារកិច្ច​ប្រកបដោយ​មហិច្ឆតា ដែល​យើង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ដ៏​ធំ​បែបនេះ ពីព្រោះថា នឹងមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូល​ដល់​ទៅ​៥៣​រូប ហើយ​ប្រាកដ​ណាស់​ថា កិច្ចប្រជុំ​នេះ​ត្រូវការ​ប្រភពធនធាន​ច្រើន ដើម្បី​ដោះស្រាយ​ការ​ប្រឈម​ក្នុងការ​រៀបចំ​ដូចជា​បញ្ហា​ថវិកា​ធនធានមនុស្ស​កា​រ​ផ្គត់ផ្គង់​ផ្នែក​បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ពិធីការ​កំរិត​ខ្ពស់ និង​បញ្ហា​សន្តិសុខ​ដ៏​ល្អិតល្អន់​បំផុត ប៉ុន្តែ​យើង​ក៏​ទទួលស្គាល់​ដែរ​ថា ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​កម្ពុជា​យើង នឹង​បាន​ប្រយោជន៍​មកវិញ​ច្រើន​ផងដែរ ដែល​កិច្ចប្រជុំ​នេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ធំ​បំផុត មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​សម័យថ្មី​របស់​កម្ពុជា ហើយ​វា​ពិតជា​កិត្តិយស​ដ៏​វិសេសវិសាល​ខ្លាំងណាស់​សម្រាប់​ប្រជាជាតិ​យើង​។ យើង​ធ្លាប់មាន​បទពិសោធ​ន៏​ក្នុង​ការរៀបចំ​ដោយ​ជោគជ័យ​នូវ​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់ និង​ថ្នាក់​អនុតំបន់​ជាច្រើន ដូចជា​កិច្ចប្រជុំ​កំពូល​អាស៊ាន ឆ្នាំ​២០០២ ឆ្នាំ​២០១២ ជាដើម ប៉ុន្តែ​វា​មិនមាន​ទ្រង់ទ្រាយ​ធំ​ដូច​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​នា​លើក​នេះឡើយ ដូច្នេះ​ក្នុងឋានៈ​ជា​រាជរដ្ឋាភិបាល​មួយ​ប្រជាជាតិ​មួយ​យើងទាំងអស់គ្នា​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ធានា​ឲ្យ​កិច្ចប្រជុំ​កំពូល​នេះ​ដំណើរការ​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ៕



​  

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu