Ad Code

ខឹង​ប្រពន្ធ​រត់ចោល​ ផឹក​ស្រា​ស្រវឹង​ដើរ​ដុត​ផ្ទះ​អ្នកភូមិ​អស់​៤​ខ្នង



សៀមរាប​ ៖ ​បុរស​ម្នាក់​ កើត​វិបត្តិ​ផ្លូវចិត្ត​ដោយ​ផ្តើមចេញពី​រឿង​ប្រពន្ធ​រត់ចោល​ ហើយ​ផឹកស្រា​ស្រវឹង​បែកគំនិត​កាន់​កាំបិត​ឡូឡា ​និង​ដើរ​ដុត​ផ្ទះ​ពលរដ្ឋ​អស់​៤​ខ្នង សំណាងល្អ​សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅ​ឃាត់ខ្លួន​ទាន់​ពេល។

ហេតុការណ៍​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​១១ ​ខែ​មីនា​ឆ្នាំ​២០១៩​ ​ស្ថិត​ក្នុង​ភូមិ​ចំនួន​៣​គឺ​ភូមិ​ក្នុង ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២​នេះ​ថា កម្លាំង​នគរបាល​មូលដ្ឋាន​នៃ​ស្រុក​ពួក បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឡា លា ភេទ​ប្រុស អាយុ​៤៧ មុខរបរ​ធ្វើស្រែ ស្រុកកំណើត​នៅ​ភូមិ​ព្រៃធំ ឃុំ​កោ​ក​ធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប។ ជនសង្ស័យ​រូប​នេះ ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្រះ ឃុំ​រើ​ល ស្រុក​ពួក ខេត្ត​សៀមរាប ដែល​បាន​ប្រព្រឹត្ត​ករណី​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនា​(​ដុត​ផ្ទះ​)​កើតឡើង​នៅ​វេលា​ម៉ោង ១២​និង​៣០​នាទី ថ្ងៃ​១១​មីនាឆ្នាំ​២០១៩​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​របស់​ជនរងគ្រោះ​៤​ខ្នង កើតឡើង​ចំនួន​៣​ភូមិ ក្នុង​មូលដ្ឋាន​ឃុំ​រើ​ល ស្រុក​ពួក។ ផ្ទះ​ទី​១ របស់​ជនរងគ្រោះ ឈ្មោះ ញ៉ា​ណ លឿ ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ ភូមិ​ស្រះ ឃុំ​រើ​ល ស្រុក​ពួក ផ្ទះ​ទំហំ​៦​គុណ​៥ កម្ពស់​២​ម៉ែត្រ ជញ្ជាំង​ក្ដារ ប្រក់​ស៊ី​ប្រូ​(​ឆេះ​អស់ទាំង​ស្រុង​)​។ ផ្ទះ​ទី​២​ឈ្មោះ ព្រឿ​ម គង់ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​រើ​ល ស្រុក​ពួក ផ្ទះ​ទំហំ​៥​គុណ​៤​កម្ពស់​១,៨០​ប្រក់​ស័ង្កសី​ បណ្តាល​ឲ្យ​ខូចខាត​ឆេះ​ស្រូវ​១,៥០​តោន . កង់​១ ​ទូរទស្សន៍​១. ផ្ទាំង​សូ​ឡា​១​គ្រឿង​(​ឆេះ​អស់ទាំង​ស្រុង​)​។​ ផ្ទះ​ទី​3​ឈ្មោះ ភាវ ថា ភេទ​ស្រី អាយុ​៥៨​ឆ្នាំ​រស់នៅ​ភូមិ​ក្បាលក្រពើ ឃុំ​រើ​ល ស្រុក​ពួក ខូចខាត​ឆេះ​គ្រឿង​ឈើ​ទុក​ធ្វើ​ផ្ទះ​១​ឈុត . ស្រូវ​១​តោន​កន្លះ . ទូរទស្សន៍​១ . សូ​ឡា​១​គ្រឿង . កង់​៣​គ្រឿង​និង​ប្រាក់​បាទ​៤៥០០០​បាទ​(​ឆេះ​អស់ទាំង​ស្រុង​)​។​ ផ្ទះ​ទី​៤​ឈ្មោះ មឿ​ន មឿត ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​រើ​ល ស្រុក​ពួក​ខេត្តសៀមរាប​ផ្ទះ​ទំហំ​៦​គុណ​៥​ម៉ែត្រ​កម្ពស់​២​ម៉ែត្រ​ខូចខាត​ឆេះ​ស្រូវ​២​តោន . ទូរទស្សន៍​១ សូ​ឡា​មួយគ្រឿង​(​ឆេះ​អស់ទាំង​ស្រុង)។

លោក​បន្ថែមថា មូលហេតុ បណ្តាលមកពី​ជនបង្ក​ខាងលើ មាន​វិបត្តិ​ផ្លូវចិត្ត​ក្នុង​គ្រួសារ​(​ប្រពន្ធ​ចុះចោល​ចេញពីផ្ទះ​) ហើយ​ផឹកស្រា​ស្រវឹង​ជាប្រចាំ។

បច្ចុប្បន្ន​កម្លាំង​នគរបាល​មូលដ្ឋាន​នៃ​ស្រុក​ពួក កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជនបង្ក ទៅ​ការិយាល័យ​ជំនាញ​ចាត់​ការបន្ត​តាមផ្លូវ​ច្បាប់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu