Ad Code

ពលករ​ ,​ពលការិនី​ អាច​មាន​ប្រាក់ចំណូល​អតិបរមា​១៥០០​ដុល្លារ​ក្នុង​១​ខែ ​និង​បាន​ផ្ញើ​​មក​ជួយ​គ្រួសារ​នៅ​កម្ពុ​ជា​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ



ភ្នំពេញ​ ៖​ ស្នាមញញឹម​លាយឡំ​ដោយ​សំណើច​របស់​កម្មករ​,​កម្ម​ការិនី ​និង​អតីត​កម្មករ​ដែល​ធ្លាប់​បំពេញការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ក្នុង​ឱកាស​ជួបជុំ​ពិសា​របាយ​សាមគ្គី​កាលពី​រសៀល​ថ្ងៃទី​១១​ ខែ​មីនា ដែល​រៀបចំ​ដោយ​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​ប្រទេស​កូរ៉េ និង​លោកស្រី​បានបង្ហាញ​ពី​មោទនភាព​នៃ​ការ​រីកចម្រើន​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ និង​ជំនាញ​វិជ្ជាជីវៈ​ក្រោយពី​បងប្អូន​បាន​ឆ្លងកាត់​បទពិសោធន៍​ការងារ​នៅ​ប្រទេស​កូរ៉េ។

ជា​អ្នកការទូត​វៃក្មេង​ដែល​បាន​បំពេញការងារ​ជា​ឯកអគ្គរាជទូត​ជិត​៣​ឆ្នាំ​ប្រចាំ​ប្រទេស​កូរ៉េ​លោក​ឡុង ឌី​ម៉​ង់ បាន​លើកឡើងថា ក្នុងនាម​ជា​យុទ្ធជន​ជួរមុខ​លើ​សមរភូមិ​ការទូត គឺ​ត្រូវតែ​ការពារ​ផល​ប្រយោជន៍​,​អធិបតេយ្យភាព​ជាតិ និង​កិត្តិយស​ជាតិ​នៅ​បរទេស។

លោក​ឡុង ឌី​ម៉​ង់ បន្តថា ​៖ ​បច្ចុប្បន្ន​មាន​ជនជាតិ​កម្ពុជា​ជា​ពលករ​,​ជា​សិស្ស​,​ជា​អ្នក​បំពេញការងារ​ជាដើម​មាន​ជាង​៦​ម៉ឺន​នាក់​នៅ​កូរ៉េ។ មាន​កិច្ច​ជាច្រើន​ដែល​ក្រុមការងារ​ស្ថានទូត​កម្ពុជា​នៅ​កូរ៉េ​ត្រូវបំពេញ ជាពិសេស​ជា​អ្នកបម្រើ​សេវា​សាធារណៈ និង​ដោះស្រាយ​រាល់​បញ្ហា​ជូន​ពលករ ពលការិនី​ដោយ​ការទទួលខុសត្រូវ​និង​ប្រកបដោយ​ឆន្ទៈ។ ជាមួយគ្នានេះ សាធារណរដ្ឋ​កូរ៉េ​ បានផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​ប្រសើរ​លើ​វិស័យ​ការងារ​ធ្វើ​ឲ្យ​ពលករ​,​ពលការិនី របស់​យើង​អាចមាន​ប្រាក់ចំណូល​អតិបរមា​១៥០០​ដុល្លារ​ក្នុង​១​ខែ និង​បាន​ផ្ញើ​​ប្រាក់​មក​ជួយ​ក្រុម​គ្រួសារ​នៅ​ក្នុង​ប្រទេស​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។

លោក​ឯកអគ្គរាជទូត​បន្ថែមថា យើង​តែង​ប្រកាន់​ស្មារតី​ទទួលខុសត្រូវ និង​ធ្វើការ​ជា​ក្រុម​របស់​ក្រុមការងារ​ស្ថានទូត​ដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា នៅ​កូរ៉េ មិន​ដូច​ពួក​អគតិ​ខំប្រឹង​ឃោសនា​បង្ខូច​កិត្តិយស​ជាតិ​ដោយ​អយុត្តិធម៌​នោះទេ។

ក្នុង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា​និង​កូរ៉េ​នាពេល​នេះដែរ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ លោក​ម៉ូ​ន​ជេ អ៊ី​ន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៦​មីនា ឆ្នាំ​២០១៩​នេះ​ដែល​ស្របទៅនឹង​គោលនយោបាយ​បើកចំហ​មកកាន់​ទិស​ខាងត្បូង របស់​កូរ៉េ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu