Ad Code

ជ័រ ពៅ ឡើង​គូ​ឯក​ដោយ​ជួប​ជាមួយ​ សួង សុវណ្ណ​ថា ​លើស​ង្វៀន​ស្ទឹងមានជ័យ​



អ្នក​ប្រដាល់​ស្រករ​ក្រោយ ​ជ័រ ពៅ ក្លិប​ថ្មគោល​ពោធិ៍​សែន​ជ័យ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​សួង សុវណ្ណ​ថា អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ​ក្នុងនាម​ជា​គូ​ឯក សម្រាប់​ការប្រកួត​នា​រសៀល​ថ្ងៃ​សៅរ៍ ​ទី​០៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​

ជា​លើក​ទី​១​ហើយ ដែល​ ជ័រ ពៅ ឡើងជា​គូ​ឯក​នេះ​។ ហើយក៏​ជា​លើក​ទី​១​ដែរ សម្រាប់​ការជួប​ប្រកួត​ជាមួយ​ សួង សុវណ្ណ​ថា នេះ។ ជ័រ ពៅ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ តែ​គេ​មាន​ថ្វីដៃ​ល្អ​ និង​ខ្លាំង ហើយ​ធ្លាប់​វាយ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ថែមទៀត​នាពេល​កន្លងមក​។​

សួង សុវណ្ណ​ថា ជា​អ្នក​ប្រដាល់​ជើងចាស់ គេ​មាន​កម្រិត​សមត្ថភាព​បច្ចេកទេស​លើ ជ័រ ពៅ​ ច្រើន​គួរសម​ដែរ។​ តែ​យ៉ាងណា​បើ​ធៀប​ជាមួយ ​ជ័រ ពៅ សួង សុវណ្ណ​ថា​ អាច​ចាញ់ ជ័រ ពៅ។​

ជ័រ ពៅ គេ​មាន​កណ្ដាប់ដៃ​ល្អ ទាត់​ក៏​ល្អ​ និង​ខ្លាំង​ដែរ​។ ពិសេស​នោះ ជ័រ ពៅ គេ​មាន​តែម​លើ​ សុវណ្ណ​ថា ត្រង់​គេ​ខ្ពស់ជាង ដែល​អំណោយផល​ក្នុង​ការ​ប្រើ​ជង្គង់ ​និង​កែង។​ ប៉ុន្តែ​យ៉ាងណា បញ្ហា​កម្លាំង​កាយសម្បទា​វិញ​នោះ ជ័រ ពៅ ក៏​អាច​ឈ្នះ​សុវណ្ណ​ថា​ដែរ ព្រោះ​ជ័រ ពៅ គេ​ក្មេង​ជាង។​

រវាង​សួង សុវណ្ណ​ថា និង ជ័រ ពៅ ជួប​ប្រកួត​គ្នា​លើក​នេះ មិនអាច​ទស្សន៍ទាយ​មុន​បាន​ថា នរណា​ឈ្នះ នរណា​ចាញ់​នោះឡើយ។​

ការប្រកួត​ចុងក្រោយ ជ័រ ពៅ គឺ​គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើងចាស់​ង៉ែត វុ​ធ ក្នុង​ទឹក​ទី​២ ឯ​ការប្រកួត​ចុងក្រោយ​របស់​សួង សុវណ្ណ​ថា​វិញ គេ​ប្រកួត​ឈ្នះ​ដោយ​ការ​ស៊ី​ឡាក​ថន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ក្នុង​ទឹក​ទី​២។

និយាយ​រួម រវាង​ពួកគេ​ទាំងពីរ​នាក់​នេះ សួង សុវណ្ណ​ថា គេ​មាន​ផ្លែ​ល្អ​ជាង​ជ័រ ពៅ ដោយសារ​គេ​មាន​បទ​ពិសោធន៍​លើ​សង្វៀន​ច្រើនជាង ​ជ័រ ពៅ។ ​ចាំមើល ការជួបគ្នា​រវាង ​ជ័រ ពៅ និង​ សួង សុវណ្ណ​ថា នេះ តើ​អ្នកណា​ជា​អ្នកឈ្នះ​នោះ?។​

អេ រ៉ា​វ៉ាន់​ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា ត្រូវគេ​ផ្គូ​ឲ្យ​ប្រកួត​ជាមួយ​គួ​ន ប៊ុន​ហ៊ីម អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ពន្លឺ​សាមគ្គី​មកពី​ខេត្តបាត់ដំបង។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​។ ពីរ​នាក់​នេះ មិន​ធ្លាប់​ដែល​ប៉ះគ្នា​ម្តងណា​នៅឡើយ​ទេ​ពីមុនមក។​
​គួ​ន ប៊ុន​ហ៊ីម មិនជា​អ្នក​ប្រដាល់​ខ្លាំង​ ឬ​ល្បីឈ្មោះ​នោះទេ តែ​គេ​វាយ​ខ្លាំង កណ្ដាប់ដៃ​រហ័ស ជើង​ទាត់​ក៏​ខ្លាំង​ដែរ។ ​ប៉ុន្តែ​អ្នក​ប្រដាល់​រូបនេះ មានចិត្ត​ប្រដាល់​មិនសូវ​ធំ​នោះទេ។ ​គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់​ បឺត ​សង្ឃឹម អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ក្នុង​ទឹក​ទី​១។​

អេ រ៉ា​វា់​ចាន់​រាជ ជា​អ្នក​ប្រដាល់​ខ្លាំង​ស្រករ​ក្រោយ គេ​មានចិត្ត​ប្រដាល់​ធំ។ គេ​ធ្លាប់​ជួប​អ្នក​ប្រដាល់​ជើង​ចាស់​ប៉ុន្មាន​នាក់​ហើយ ហើយ​វាយ​ឈ្នះ​ថែមទៀត គឺ​មិនធម្មតា​ឡើយ។​ ប្រកួត​លើកចុងក្រោយ​នេះ គេ​វាយ​ឈ្នះ​ ម៉ន ខួច ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ក្នុង​ទឹក​ទី​១។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការ​ការជួបគ្នា​រវាង​ អេ រ៉ា​វ៉ាន់​ចាន់​រាជ និង គួ​ន ប៊ុន​ហ៊ីម នេះ ពុំមាន​អ្នក​ណា​ហ៊ាន​ទាយ​មុន​ថា នរណា​ឈ្នះ នរណា​ចាញ់​នោះឡើយ។​

ជន សាវុធ អ្នក​ប្រដាល់​ក្លិប​កងពល​ដឹកជញ្ជូន​លេខ​៩០ ត្រូវ​ជួប​ប្រកួត​ជាមួយ​ម៉ន វ​ណ្ណី អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤ គីឡូ​ក្រាម។ ​ពួកគេ​ទាំងពីរ​នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ទេ​កន្លងមក។​

ម៉ន វ​ណ្ណី នេះ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ​ជន សាវុធ​ ទេ តែ​គេ​វាយ​សម្រុក​ខ្លាំង កម្លាំង​ស៊ុ​ហ្វ​ក៏​ខ្លាំង និង​រឹងមាំ​ដែរ​។​ ជា​ទម្លាប់​ប្រកួត​កន្លងមក ពីរ ​ឬ​បី​ទឹក​ដំបូង​នោះ ម៉ន វ​ណ្ណី សម្រុក​វាយ​ទៅលើ​គូប្រកួត​គ្មាន​បន្ធូ​ដៃ​ឡើយ គូប្រកួត​ទប់​មិនបាន​ពេលនោះ​ទេ គឺ​នឹង​ត្រូវ​សន្លប់​ក្រោម​កណ្ដាប់ដៃ ​ឬ​កែង​របស់​ម៉ន វ​ណ្ណី មិន​ខាន តែ​បើសិនជា​គូប្រកួត​ទប់​បាន​វិញ​នោះ វ​ណ្ណី អាច​នឹង​ចាញ់​វិញ​មិន​ខាន។

ទោះជា​យ៉ាងណា តាម​ការវិភាគ​របស់​ក្រុម​វិភាគ​ប្រដាល់​នោះ រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ប្រហាក់​ប្រហែល​គ្នា​ប៉ុណ្ណោះ ដូច្នេះ​រឿង​នរណា​ឈ្នះ នរណា​ចាញ់ មិនអាច​សន្និដ្ឋាន​មុន​បានទេ។​

សំណាង ចាន់​នឿន អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ត្រូវគេ​ផ្គូឲ្យ​ជួប​ប្រកួត​ជាមួយ សយ សុខ អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ ប្រកួត​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម​ដែរ។ រវាង​អ្នក​ប្រដាល់​ទាំងពីរ​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក។ ចាំមើល ពីរ​នាក់​នេះ តើន​រណា​ឈ្នះ?៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu