ភ្នំពេញ ៖ មនុស្សបីនាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងរវាងរថយន្តកាមរីឆ្លាម និងរថយន្តសណ្ដោងកន្ទុយរ៉ឺម៉កវែងខ្នាតយក្សដឹកដែក កាលពីព្រឹកព្រលឹម ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៤ មុខទីតាំងលក់សាច់ក្រក ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ ដែលស្លាប់ទាំងបីនាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ក្នុងនោះភាគីរថយន្តកាមរី បានស្លាប់ពីរនាក់ និងភាគីរថយន្តសណ្ដោងកន្ទុយរ៉ឺម៉កស្លាប់ម្នាក់ ដោយសារពេលឡានរេចង្កូតធ្លាក់ផ្លូវ ហើយធ្លាក់ដែកសង្កត់លើទាំងអស់គ្នា តែក្នុងនោះស្ត្រីម្នាក់ ភាគីខាងរថយន្តកាមរីឆ្លាមបានរងរបួសធ្ងន់។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2H-2239 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុរថយន្តនេះ បានវ៉ាជែងរថយន្តដឹកដែកខ្នាតវែងពណ៌ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ 3D-9712 ដែលកំពុងបើកបរស្របទិសគ្នា។
ប្រភពបន្ដថា ពេលកំពុងបើកវ៉ាជែងនោះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត បើកមកពីខាងមុខបញ្ច្រាសទិសគ្នាជាមួយរថយន្តកាមរីឆ្លាម ពេលឃើញស្ថានភាពបែបនេះ រថយន្តកាមរីឆ្លាមបានបើកងាកគេចចូលខាងស្ដាំដៃវិញ ទើបបណ្ដាលឲ្យរថយន្តដឹកដែកបុកពីក្រោយរថយន្តកាមរីតែម្ដង ពេលនោះរថយន្តទាំងពីរគ្រឿងបានរេចង្កូតទៅធ្លាក់ចូលប្រឡាយទឹកស្អុយតាមចិញ្ចើមផ្លូវទាំងអស់គ្នាតែម្ដង។
ប្រភពបន្ដថា មុនពេលធ្លាក់ចូលប្រឡាយទឹករថយន្តដឹកដែក ក៏ជ្រុលទៅបុកនឹងដើមអំពិលទឹកបាក់អស់មួយដើមទៀត ហើយទើបធ្លាក់ដែកសង្កត់លើតៃកុងរថយន្តស្លាប់ដោយកៀបជាប់នៅក្នុងរថយន្ត ហើយជនរងគ្រោះដែលជិះនៅក្នុងរថយន្តកាមរីឆ្លាម បានខ្ទាតចេញមនុស្សមកខាងក្រៅ តែក៏ត្រូវបានស្លាប់ដោយសារតែដែកសង្កត់លើទាំងពីរនាក់ភ្លាមៗផងដែរ។ ដោយឡែក ស្ដ្រីរងរបួសនោះស្ថិតនៅក្នុងរថយន្តមិនបានខ្ទាតចេញមកក្រៅនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ និងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នាចុះទៅពិនិត្យវាស់វែងយករថយន្តមករក្សាទុកនៅប៉ុស្តិ៍កន្ទោកជាបណ្ដោះអាសន្នសិន ហើយបានប្រគល់សពជនរងគ្រោះទាំងបីឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ដោយរង់ចាំសាច់ញាតិក្រុមគ្រួសារចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments