ភ្នំពេញ ៖ អង្គការសមាគមន៍អភិរក្សសត្វព្រៃ និងអង្គការអភិរក្សអន្តរជាតិ រួមជាមួយការចូលរួមសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន គ្រោងចំណាយថវិកាប្រមាណ ២១លានដុល្លារ សម្រាប់រយ:ពេល ៥ឆ្នាំដែលអនុវត្តដោយ Tetra Tech លើការអភិរក្ស ព្រៃឡង់ ដែល គ្របដណ្តប់លើខេត្តចំនួន ៤ គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។
ក្រសួងបានឲ្យដឹងថា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ លោក រដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតលោកស្រីបណ្ឌិត សាន អីលី នាយកគម្រោងសុវត្ថិភាពស្បៀង និងបរិស្ថាន និងលោកម៉ាធ្យូ អែដវុធសិន ប្រធានគម្រោងព្រៃឡង់បៃតង និងសហការី ចូលជួបដើម្បីពិភាក្សាលើគម្រោងស្តីពី "ស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ជលសាស្ត្រ ប្រព័ន្ធអេកូឡូស៊ី ខ្សែច្រវាក់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ដែនជម្រកសត្វ ព្រៃព្រៃឡង់" និងធ្វើការណែនាំសមាស ភាពក្រុមការងារស្រាវជ្រាវគម្រោងផងដែរ។
តាមអ្វីដែលលោកស្រីបណ្ឌិត និងលោក ម៉ាធ្យូ អែដវុធសិន បានជម្រាបជូនលោករដ្ឋមន្ត្រីជ្រាបនោះគឺថា លោកនឹងដឹកនាំក្រុមការងារស្រាវជ្រាវគម្រោងព្រៃឡង់បៃតងចុះពិនិត្យ និងវាយតម្លៃលើស្ថានភាពជារួមនៃតំបន់នោះដើម្បីធើ្វការកំណត់វិសាលភាពលើការសិក្សាស្វែងយល់បឋមជំហានដំបូង បន្ទាប់មកក្នុងអំឡុងខែមេសា ឬឧសភាខាងមុខនេះ ក្រុមការងារនឹងចុះមកសិក្សា និងវាយ តម្លៃលើទិន្នន័យបឋមនោះឲ្យបានស៊ីជម្រៅ ច្បាស់លាស់ និងទូលំទូលាយជាចុងក្រោយ។ គោល បំណងសំខាន់ៗរបស់គម្រោងមាន ៣ ទី១. ស្វែងយល់ពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ជលសាស្ត្រ ប្រព័ន្ធអាកូឡូស៊ីនៅតំបន់នោះ ទី២. ស្វែងយល់ពីខ្សែច្រវាក់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ និងទី៣. សមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធក្នុងការបន្សាំនឹងការប្រែប្រួលអាកាសធាតុដើម្បីកំណត់អាទិភាពនៃការអនុវត្តគម្រោងនេះ ដែលមានរយៈពេល ៥ឆ្នាំ (២០១៨-២០២២)។
លោករដ្ឋមន្ត្រីបានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈ អង្គការ USAID ដែលបានជួយគាំទ្រផ្តល់ថវិកាសម្រាប់យកមកអនុវត្តគម្រោងខាងលើ និងថ្លែង អំណរគុណផងដែរជូនចំពោះក្រុមការងារដែលបានផ្តួចផ្តើមជាគំនិតលើកសំណើ និងរៀបចំគម្រោងដ៏មានសារប្រយោជន៍សម្រាប់អភិវឌ្ឍ និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ដែលមានសក្តានុពលផ្នែកធនធានធម្មជាតិដូចជាព្រៃឈើ សត្វព្រៃ ប្រព័ន្ធជីវចម្រុះ ជលសាស្ត្រ និងអេកូឡូស៊ី ដែលបាននឹងកំពុងផ្តល់ប្រយោជន៍យ៉ាងមហាសាលទាំងផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនជនជាតិដើមភាគតិចដែលកំពុងរស់នៅពឹងអាស្រ័យលើធនធានធម្មជាតិដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ។
លោកបន្តថា គម្រោងនេះ ពិតជានឹងជួយកែលម្អ និងថែរក្សាសុខភាពប្រព័ន្ធអេកូឡូស៊ីព្រៃ និងទឹកជុំវិញដែនជម្រកសត្វព្រៃព្រៃឡង់តាមរយៈការអភិវឌ្ឍ និងការគ្រប់គ្រងប្រកបដោយចីរភាពក្នុងដែនវិសាលភាពព្រៃឡង់។ លោកបានជម្រាបជូនភ្ញៀវបន្ថែមថា ការអភិវឌ្ឍសហគមន៍ព្រៃឈើ និងការការពារ ថែរក្សាធនធានធម្មជាតិគឺជាអាទិភាពដ៏ចំបងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានជាសេនាធិការ។ ដូច្នេះគម្រោងនេះពិតជាសមស្របតាមឆន្ទៈរបស់ក្រសួងក្នុងគោលបំណងរួមចំណែកថែរក្សាធនធានធម្មជាតិ (ព្រៃ និងសត្វព្រៃ) ឲ្យបានគង់វង្សសម្រាប់មនុស្សជាតិជំនាន់ក្រោយ ម្យ៉ាងវិញទៀតគម្រោងនឹងអាចជួយលើកតម្កើងកម្រិតជីវភាពរបស់ប្រជាសហគមន៍ដែលកំពុងរស់នៅពឹងអាស្រ័យលើធនធានធម្មជាតិ តាមរយៈធ្វើការចងក្រងជាសហគមន៍ បង្កើតមុខរបបកសិកម្ម រៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល និងបណ្តុះបណ្តាលបច្ចេកទេសសមស្របតាមលក្ខខណ្ឌភូមិសាស្ត្រ វប្បធម៌ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនជនជាតិដើមភាគតិច។ ក្រៅពីនេះ គម្រោងនឹងជួយបញ្ជ្រាបនូវចំណេះដឹងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងជាពិសេសក្នុងបរិបទនៃការវិវឌ្ឍន៍រីកចម្រើនផ្នែកសេដ្ឋកិច្ចជាតិ និងកំណើននៃសេចក្តីត្រូវការស្បៀងទាំងបរិមាណ និងគុណភាព។
បន្ទាប់ពីបានជ្រាបពីដំណើរការនៃការសិក្សាស្រាវជ្រាវ ការអនុវត្តគម្រោង និងលទ្ធផលរំពឹងទុក របស់គម្រោង លោករដ្ឋមន្ត្រីបានសម្តែងនូវក្តីសង្ឃឹម និងជឿជាក់ច្បាស់ថាគម្រោងនឹងទទួលបានជោគជ័យតាមការរំពឹងទុក ហើយលោកបានស្នើឲ្យគម្រោងសហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គភាពពាក់ព័ន្ធក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយដៃគូអភិវឌ្ឍពាក់ព័ន្ធ និងវិស័យឯកជនឲ្យបានល្អប្រសើរគ្រប់កាលៈទេសៈ ធ្វើយ៉ាងណាឲ្យដំណើរ ការនៃការអនុវត្តគម្រោងប្រព្រឹត្តទៅបានរលូន និងទទួលបានលទ្ធផលល្អប្រសើរ ។ ហើយទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី បានស្នើឲ្យដៃគូ យកចិត្តទុកដាក់ បញ្ចូលនូវបច្ចេកវិទ្យាកសិកម្មសមស្របទៅក្នុងការដាំដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃ កសិ ធុរកិច្ច និងកសិ-ទេសចរណ៍ ផងដែរ ដោយត្រូវធ្វើយ៉ាងណា ឲ្យសមាជិកសហគមន៍ទទួលបានការលើកកម្ពស់កម្រិត ជីវភាព កាត់បន្ថយភាពក្រីក្រ និងសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០។
សូមអនុញ្ញាតជម្រាបជូនថា ព្រៃឡង់បានគ្របដណ្តប់លើខេត្តចំនួន ៤ គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ២១លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំដែលអនុវត្តដោយ Tetra Tech, អង្គការសមាគមន៍អភិរក្សសត្វព្រៃ និងអង្គការអភិរក្សអន្តរជាតិ រួមជាមួយការចូលរួមសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន៕
Source: Kampuchea Thmey Daily
0 Comments