កីឡាករ Da Cruz Guardiano Eliel សមាជិកថ្មីរបស់ក្លិបកីឡាបាល់ទាត់វិសាខា ក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) រដូវកាលឆ្នាំ២០១៩ បានសម្ដែងអារម្មណ៍សោកស្ដាយ ក្រោយមិនអាចជួយក្លិប ដណ្ដើមយក ៣ពិន្ទុពីការប្រកួតដំបូងកាលពីចុងសប្ដាហ៍ថ្មីៗនេះ ខណៈគិតថានឹងបំភ្លេចការប្រកួតបើកឆាកចោល ហើយព្យាយាមធ្វើឲ្យបានល្អ ដើម្បីទទួលបានជ័យជម្នះសម្រាប់ប្រកួតបន្តបន្ទាប់។
កីឡាករជនជាតិប្រេស៊ីល បានលើកឡើងថា «ចំពោះប្រកួតដំបូង ខ្ញុំគិតថា ក្រុមយើងលេងបានល្អហើយ ប៉ុន្ដែគួរឲ្យស្ដាយ ដែលយើងមិនអាចទទួលបាន ៣ពិន្ទុ តែខ្ញុំនឹងបំភ្លេចការប្រកួតដំបូង ហើយព្យាយាមនិងប្រឹងប្រែងការប្រកួតបន្ទាប់។ ខ្ញុំសង្ឃឹមថា យើងនឹងធ្វើបានល្អបំផុត នៅប្រកួតបន្ទាប់»។សម្រាប់ប្រកួតដំបូងដែលបញ្ចប់ទៅលទ្ធផលស្មើគ្នា ០-០ ជាមួយក្រុមសូលទីឡូអង្គរ កីឡាករម្ចាស់អាវលេខ៣១ សម្លឹងឃើញថា «មូលហេតុក្រុមយើង មិនអាចឈ្នះក្រុមសូលទីឡូអង្គរ ភាគច្រើនដោយសារខ្វះសំណាង។ ប៉ុន្ដែយើងមិនត្រូវទម្លាក់កំហុសឲ្យខ្លួនឯងទេ យើងត្រូវខំប្រឹងបន្ថែម ដើម្បីយកពិន្ទុឲ្យបានច្រើនជាងនេះ ។ បើយើងព្យាយាមឲ្យអស់ពីសមត្ថភាព ចុងក្រោយយើងនឹងទទួលបានជ័យជម្នះ»។
កីឡាករ Da CRUZ GUARDIANO ELIEL មានតួនាទីជាខ្សែប្រយុទ្ធ និងពាក់អាវលេខ ៣១ ប្រចាំក្រុមវិសាខា ដែលជាក្លិបដំបូងរបស់គេនៅប្រទេសកម្ពុជា។ CRUZ បានចាប់ផ្ដើមអាជីពបាល់ទាត់ជាមួយក្រុមយុវជន Parana FC នៅឆ្នាំ២០០៧ តែ ១ឆ្នាំក្រោយមកគេ បានក្លាយជាកីឡាករកម្រិតអាជីព ហើយបានលេងឲ្យក្លិប ក្នុងប្រទេសកំណើតជាច្រើន ដូចជាក្លិប Rondonopolis, ក្លិប Cristal FC, ក្លិប Cianorter, ក្លិប Nacional និងក្លិប Uberaba ជាដើម ។ ចំពោះក្លិបក្រៅស្រុក ដែល CRUZ ធ្លាប់លេង រួមមានក្លិប Sportivo Luqueno(ប៉ារ៉ាហ្គាយ) ឆ្នាំ២០១០) ។ ក្លិប Perak FA(ម៉ាឡេស៊ី) ឆ្នាំ២០១៣-២០១៤ ។ ក្លិប Busaiteen(ប៉ារ៉ែន) ឆ្នាំ២០១៤-២០១៥ ។ ក្លិប UiTM(ម៉ាឡេស៊ី) ឆ្នាំ២០១៥-២០១៦ ។ ក្លិប Nakhon Pathom United(ថៃ) ឆ្នាំ២០១៦ និងចុងក្រោយលេងឲ្យក្លិប SPORTING CLUDE IDEAL(ព័រទុយហ្គាល់) ឆ្នាំ២០១៧-២០១៨។
កីឡាករដែលមានបទពិសោធន៍ប្រកបអាជីពច្រើនទ្វីបរូបនេះបានបញ្ជាក់ទៀតថា «ដូចបងប្អូនឃើញអញ្ចឹងការប្រកួតដំបូង យើងប្រឹងប្រែង ហើយក៏មានភាពសប្បាយរីករាយដែរ អត់មានបញ្ហាអ្វីទេ តែអ្វីសំខាន់ កុំឲ្យតែចាញ់ការប្រកួត។ ប៉ុន្ដែប្រកួតបន្ទាប់យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីឈ្នះ។ ចំពោះក្ដីរំពឹងឈ្នះពានវិញ អ្នកណាក៏ចង់បានដែរ សំខាន់យើងត្រូវព្យាយាម។ តែអ្វីៗត្រូវធ្វើការជាជំហ៊ានៗ ហើយបើយើងព្យាយាម ខ្ញុំសង្ឃឹមថា វិសាខានឹងទទួលបានពាន ក្នុងរដូវកាលនេះ»។
យោងតាមកាលវិភាគបន្ទាប់ពីប្រកួតស្មើក្រុមសូលទីឡូអង្គរ ០-០ កាលពីពេលថ្មីៗ ក្លិបកីឡាបាល់ទាត់វិសាខា នឹងបន្ដបើកទ្វារកីឡដ្ឋានវិសាខារបស់ខ្លួនក្នុងរាជធានីភ្នំពេញ ទទួលក្លិបគិរីវង់សុខសែនជ័យក្នុងសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments