ប្រទេសថៃ ៖ ទាហានឈុតខ្មៅថៃមួយរូប ដែលមានអង្គភាព ស្ថិតក្នុងកងរយលេខ១១២ បានរងរបួសយ៉ាងធ្ងន់ធ្ងររហូតដាច់ជើងម្ខាង ព្រមទាំងបានបញ្ជូនតាមឧទ្ធម្ភាគចក្រ ទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ បន្ទាប់ពីបានជាន់ទៅលើគ្រាប់មីន ខណៈពេលកំពុងល្បាតតាមខ្សែបន្ទាប់ព្រំដែន។
យោងតាមរបាយការណ៍ដែលយើងទទួលបាន គឺ ហេតុការណ៍ នៃការផ្ទុះគ្រាប់មីននេះ បានកើតឡើងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០និង៤០នាទីព្រឹក ត្រង់ចំណុចបរិវេណ ហ៊ួយច័ន្ទដែង ស្ថិតនៅភាគខាងកើត នៃច្រកអន្តរជាតិ អានសេះ ក្នុងស្រុកណាំយិន ខេត្តឧប៊ុន រាជធានី ប្រទេសថៃ។
របាយការណ៍បានបន្តថា នៅមុនពេលកើតហេតុ គឺ ទាហានឈុតខ្មៅក្នុងកងរយ លេខ ១១២ ជាច្រើនរូប បានចេញល្បាតតាមខ្សែបន្ទាត់ព្រំដែន ថៃ កម្ពុជា ដើម្បីរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ។ នៅពេលនោះដែរ មន្ត្រីយោធាម្នាក់ ឈ្មោះ ផាត់ផុង ហាលាភ បានជាន់ទៅលើគ្រាប់មីនដែលនៅសេសសល់ពីសម័យសង្គ្រាម បណ្តាលឲ្យផ្ទុះឡើង និងលាន់ឮកងរំពងពេញព្រៃ។
ភ្លាមៗនោះដែរ គេសង្កេតឃើញថា កជើងខាងស្តាំម្ខាងរបស់ជនរងគ្រោះ ត្រូវបានដាច់ និងសើយស្បែកគួរឲ្យរន្ធត់ក្រៃលែង ទើបកម្លាំងយោធាទាំងនោះបានសែងជនរងគ្រោះចេញពីព្រៃ ព្រមទាំងបានទាក់ទងអោយឧទ្ធម្ភាគចក្រ ចេញមកទទួលយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ដោយរហូតមកទល់នឹងពេលនេះគេមិនដឹងថា ជីវិតជនរងគ្រោះយ៉ាងណានោះទេ ដោយម្នាក់ៗបានសន្និដ្ឋានថា
គឺជាគ្រាប់មីនដែលនៅសេសសល់ពីសម័យសង្គ្រាម ប៉ុន្តែគេមិនដឹងថា ជាប្រភេទគ្រាប់មីនអ្វីនោះទេ ៕
Source: Kampuchea Thmey Daily
0 Comments