ភ្នំពេញ ៖ លោក អាន វិសាល ដែលគេស្គាល់ថាជាតារាចម្រៀង ល្បីឈ្មោះម្ចាស់បទ «ទឹកភ្នែកខ្ទើយ» ត្រូវបានក្រុមក្មេងស្ទាវ មួយក្រុមវាយមួយញញួរចំក្បាល បែកក្បាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ព័ត៌មាននៃអំពើហិង្សាលើតារាចម្រៀងរូបនេះ ត្រូវបានបែកធ្លាយកាលពីព្រលប់ថ្ងៃទី៨ ខែមីនា ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់បានស្រាវជ្រាវវែកមុខជនដៃដល់ឃើញនៅឡើយទេ បើទោះបីជា ជនរងគ្រោះបានដាក់ពាក្យបណ្ដឹង រួចហើយ។
ករណីអំពើហិង្សាលើតារាចម្រៀង នេះបានកើតឡើង តាំងពីម៉ោង១១និង៣០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយនៅផ្លូវលេខ113 ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោក អាន វិសាល ដែលគេស្គាល់ថា ជាតារាចម្រៀង ល្បីឈ្មោះម្ចាស់បទ «ទឹកភ្នែកខ្ទើយ» រងបួសបែកក្បាល ខាងឆ្វេង ហូរឈាម។
ប្រភពព័ត៌មានពីនារីម្នាក់ នៅកន្លែងកើតហេតុបានប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុ លោក អាន វិសាល បានចេញពីច្រៀងនៅហាងមួយកន្លែង ហើយបានបើកម៉ូតូ CD មួយគ្រឿង ធ្វើដំណើរតាមផ្លូវ ខណៈមកដល់ចំណុចកើតហេតុ បានចុះទៅទិញអីហូប។ ភ្លាមនោះ ក៏មានក្រុមក្មេងស្ទាវជិះម៉ូតូមកដល់ជិតគាត់ ដោយបើករេពេញផ្លូវ ហើយលោក អាន វិសាល បានប្រាប់ទៅកាន់ក្រុមក្មេងស្ទាវនោះថា អាអូនកុំបើក ម៉ូតូលឿនពេកប្រយ័ត្នប៉ះគេ ស្រាប់តែក្មេងស្ទាវនោះ ខឹងជិះមកឈប់មុខតូបលក់អីវ៉ាន់មួយកន្លែង ដែលគេស្គាល់ថា ជាកន្លែងម្ដាយក្មេងស្ទាវនោះ ដើរចូលកន្លែងលក់អីវ៉ាន់រួច ទាញញញួរមកវាយក្បាលលោក អាន វិសាល បណ្ដាលឲ្យបែកក្បាលរបួសធ្ងន់។
ប្រភពបន្តទៀតថា ក្រោយមក ក្រុមក្មេងស្ទាវនោះ ប្រុងលើក ញញួរវាយថែមទៀត គាត់បានចូលទៅជួយ ស្រាប់តែក្មេងស្ទាវ បានវាយគាត់ ទៀតផង ហើយក្រុងក្មេងស្ទាវទាំងនោះ ក៏បានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ នារីម្នាក់ បានជួយលោក អាន វិសាល ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ នគរបាលបឹងកេងកងទី២ ដើម្បីងាយស្រួលដល់សមត្ថកិច្ច ស្វែងរកក្រុមក្មេងស្ទាវ យកមកផ្ដន្ទាទោសទៅតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments