Ad Code

គាស់​បន្ទប់​លួច​ទៀតហើយ នៅ​ស្រុក​ថ្មគោល តែ​សមត្ថកិច្ច​ព្យាយាម​លាក់​រឿង​



បាត់ដំបង ៖ ករណី​គាស់​ទម្លុះទម្លាយ​បានកើត​ឡើងជា​ញឹកញាប់ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ថ្មគោល ប៉ុន្តែ​អ្វីៗ​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ព្យាយាម​បិទបាំង​ដើម្បី​កុំ​ឲ្យ​រឿងអាស្រូវ​នេះ​ខ្ចរខ្ចាយ​ទៅ​ខាង​ក្រៅ និង​ចង់​បង្ហាញថា​ នៅក្នុង​មូលដ្ឋាន​គ្មាន​សកម្មភាព​ចោរកម្ម។​

​គួរ​បញ្ជាក់ថា​ កន្លងមក​នៅក្នុង​ស្រុក​ថ្មគោល គឺមាន​ករណី​ចោរកម្ម​បានកើត​ឡើង​ជា​ញឹកញាប់ លើស​ពី​ស្រុក​នានា ​ក្នុង​ខេត្ត​បាត់ដំបង ហើយ​រឿង​ដែល​កើតឡើង​គឺ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ព្យាយាម​បិទបាំង រហូត​មានរឿង​ខ្លះ​គេ​មិន​រាយការណ៍​ថែមទៀត ព្រោះ​ខ្លាច​ខូច​ឈ្មោះ​លោក​អធិការ ដែល​សំណុំរឿង​ចោរកម្ម​នេះ​ កាន់​តែ​មាន​កំណើន​ដោយសារតែ​គេ​មិន​អាច​បំបែក​បាន។​

​ជាក់ស្តែង ​កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង១១និង១៥នាទី ថ្ងៃត្រង់​ នៅ​ចំណុច​វត្ត​និគ​មា​រាម ហៅ​វត្ត​និគម​ក្រៅ ស្ថិតក្នុង​ភូមិ​និគម​ក្រៅ ឃុំ​ជ្រោយ​ស្តៅ​ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ក៏មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ ឬ ករណី​គាស់​ទម្លុះទម្លាយ ទៅលើ​កុដិ​ព្រះសង្ឃ ដោយ​បាន​ប្រមូល​គ្មាន​សល់។​

​រឿងនេះ​ ត្រូវបាន​សមត្ថកិច្ច​ព្យាយាម​បិទបាំង ដោយ​អាង​លេស​ថា កំពុង​ស្រាវជ្រាវ​ ប៉ុន្តែ​មកទល់នឹង​ពេលនេះ​នៅតែ​ស្ងៀមស្ងាត់​ដដែល។ ដោយ​នៅ​ពេល​កើតហេតុ​គេ​ឃើញ​ជន​មិន​ស្គាល់មុខ​បានធ្វើ​សកម្មភាព​គាស់​សោ​ទ្វារ​កុដិ​របស់​ព្រះសង្ឃ​ ព្រះនាម ឆោម មាឃ ព្រះជន្ម​៤១​ព្រះវស្សា។​

ក្នុងករណី​នេះដែរ ជនសង្ស័យ​បាន​ប្រមូលយក​នូវ​ទ្រព្យសម្បត្តិ និង​លុយកាក់​ជាច្រើន​ដូចជា ប្រាក់​រៀល​ចំនួន ៤០០.០០០​រៀល ប្រាក់​ដុល្លារ ចំនួន​៩០០​ដុល្លារ​ ប្រាក់​បាត ចំនួន ៧​.០០០​បាត ឡេ​ប​ថប ពណ៌​ទឹកប្រាក់​១​គ្រឿង និង អាយ​ផេ​ត​ ពណ៌​ទឹកប្រាក់១គ្រឿង ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព។​

​រហូត​មក​ទល់នឹង​ពេលនេះ សមត្ថកិច្ច​មូលដ្ឋាន​ដែល​មាន ​លោក ផង់ សុភាព ជា​អធិការ នៅតែ​ប្រើ​ភាសា​ថា កំពុង​ស្រាវជ្រាវ នៅឡើយ ដែល​បញ្ហា​នេះ​ស្ទើរតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​អស់​ជំនឿ និង​គ្មាន​ភាព​កក់ក្តៅ​ក្នុង​អារម្មណ៍៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu