Ad Code

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បង្ហាញ​ការ​ឈឺចាប់ ៖ ការ​ខិតខំ​២០,៣០​ឆ្នាំ លះបង់​ពេលវេលា លុយកាក់ តែ​លទ្ធផល​បាន​មក​វិញ ជា​ជន​ក្បត់បក្ស



ភ្នំពេញ ​៖ អតីត​តំណាងរាស្ត្រ និង​ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង (CNRP) មួយចំនួន ដែល​ទើប​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ កាលពី​ថ្មីៗ​នេះ បានបង្ហាញ​ពី​ការឈឺចាប់​ចំពោះ​អ្វីដែល​ថ្នាក់ដឹកនាំ​របស់ខ្លួន​ផ្តល់​ឲ្យ ក្រោយពី​ការខិតខំ​ចំណាយ​ពេលវេលា​រយៈពេល​២០,៣០​ឆ្នាំ គឺ​ទទួលបាន​ពាក្យ​មួយ​មាត់ ជា​ជន​ក្បត់ជាតិ ក្បត់បក្ស ហើយ​ការ​លាបពណ៌​បែបនេះ វា​ជាការ​បន្ត​ការឈឺចាប់ និង​បង្ក​ការ​បែកបាក់​នៅក្នុង​សង្គម​។

ការ​លើក​ឡើង​របស់​អតីត​តំណាងរាស្ត្រ និង​ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រឹក​ ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ ដែល​សន្និសីទ​នេះ ធ្វើឡើង ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន ក្រោយ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ (​នៅ​សណ្ឋាគារ​សាន់វេរ​) ។



លោក អ៊ូ ចាន់​រ័ត្ន អតីត​តំណាងរាស្ត្រ​មណ្ឌល​តាកែវ និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​មនុស្ស​ក្នុងចំណោម​៥​នាក់ ដែល​ទើប​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​បាន​ថ្លែងថា ការ​ស្នើ​សិទ្ធិ​នយោបាយ​វិញ​នេះ គឺជា​គន្លឹះ​បន្ទន់​ឥរិយាបទ​មួយ ដើម្បី​ស្វែងរក​ការ​ជជែក​គ្នា​រវាង​ខ្មែរ និង​ខ្មែរ ក្នុង​ការ​ដោះលែង​លោក កឹម សុខា។

​ទាក់ទង​ដល់​ការចោទប្រកាន់​របស់​ម​នុស្ស​មួយចំនួន ក៏ដូចជា​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​លោក សម រង្ស៊ី ជាដើម​ថា មាន​ការទិញ​ទឹកចិត្ត ឬ​លក់ដូរ​នោះ លោក អ៊ូ ចាន់​រ័ត្ន អះអាង​ថា នោះ​គឺជា​ការ​លាប​ពណ៌​ឲ្យ​គ្នា ហើយ​ការ​លាប​ពណ៌​ឲ្យ​គ្នា​នេះ អត់​មាន​អ្វី​ចំណេញ​ដល់​សង្គមជាតិ​នោះ​ទេ ក្រៅពី​ការ​បញ្ចូល​ការឈឺចាប់​ទៅ​ក្នុង​សង្គម នាំ​ឲ្យ​មានការ​បែកបាក់​នៅក្នុង​សង្គម “​មកដល់​ថ្ងៃនេះ អត់​មាន​ពាក់ព័ន្ធ​ដល់​រឿង​ទិញដូរ​អី​ទាំងអស់ ហើយ​ការ​លា​បព​ណ៌​ទាំងអស់​នេះ ខ្ញុំ​សុំ​បំភ្លឺ​ឡើងវិញ សូម​ឲ្យ​បញ្ឈប់​”​។

ឆ្លើយតប​សំណួរ​ថា ហេតុ​អី​មិន​រង់ចាំ​ដំណោះស្រាយ ដែល​អតីត​ថ្នាក់ដឹកនាំ CNRP កំពុង​ស្វែងរក​នៅ​ក្រៅ​ប្រទេស ? លោក អ៊ូ ចាន់​រ័ត្ន អះអាង​ថា ពួក​លោក​អគុណ​ចំពោះ​ការ​ខិតខំ​របស់​ថ្នាក់ដឹកនាំ CNRP មួយចំនួន ប៉ុន្តែ​រហូត​មក​ដល់ពេលនេះ យើង​រក​គន្លឹះ​ចេញ​អត់​ឃើញ ដោយសារ​មានការ​ប្រឈម​រវាង​និន្នាការ​ទាំងពីរ (​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​) ហើយ​លោក​គិតថា នេះ​ជា​រឿង​ដែល​ត្រូវ​ដោះស្រាយ​រវាង​ខ្មែរ​គ្នាឯង​។ បើសិនជា​សហគមន៍​អន្តរជាតិ​គេ​ប្រឹង​ប៉ុណ្ណឹង​ហើយ រវាង​ខ្មែរ​គ្នាឯង​មិន​ព្រម​ជជែក​គ្នា មិន​ព្រម​ចរចា ដើម្បី​វាសនា​អនាគត​ប្រទេសជាតិ​ខ្លួនឯង​នោះ​ទេ គ្មាន​បរទេស​ណា គ្មាន​អន្តរជាតិ​ណា គេ​មក​សម្រេចចិត្ត​ជំនួស​យើង​នោះទេ ដូច្នេះ​ទាល់តែ​យើង​បោះដៃ​រកគ្នា បន្ទន់​ឥរិយាបទ​រក​គ្នា ទើប​មាន​ដំណោះស្រាយ​។



ចំពោះ​ការ​ចោទប្រកាន់ថា​ ក្បត់បក្ស​ជាដើម លោក អ៊ូ ចាន់​រ័ត្ន បាន​បញ្ជាក់​ថា “​បើ​រាប់​ទៅ​មិនជា​ប៉ុន្មាន​ទេ នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ម៉ា​ងៃៗ វា​ជា​ការ​លា​បព​ណ៌​ទាំង​មេដឹកនាំ ទាំង​សកម្មជន ហើយ​ឥឡូវនេះ បង្រៀន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ចង្អុលមុខ​គ្នា​ទៅវិញទៅមក ហើយ​ចោទថា​ក្បត់ ខ្ញុំ​ឃើញថា ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​សោកស្តាយ​មែនទែន​។ មុននឹង​ចោទ​មនុស្សម្នា​ក់ថា ក្បត់ជាតិ ក្បត់បក្ស ក្បត់​រាស្ត្រ វា​ជា​ពាក្យ​ធ្ងន់​មែនទែន ពី​អតីតកាល​មក លឺ​អ្នកណា​ក្បត់ជាតិ​ម្នាក់ៗ រឿង​ធំ​ណាស់ តែ​ឥឡូវនេះ​យើង​យក​មក​លា​បព​ណ៌​ឲ្យ​គ្នា​ទៅវិញទៅមក ទៅជា​រឿង​សាមញ្ញ រឿង​អី​មិន​ទៅជា​សង្គម​មួយ​បាក់បែក ធ្វើ​ឲ្យ​យើង​រក​ឯកភាព​ជាតិ​មិនឃើញ ដោយសារ​អី ដោយសារ​ផ្នត់គំនិត​យើង ការ​សាបព្រោះ​របស់​អ្នកនយោបាយ​ធំៗ ធ្វើ​ឲ្យ​មនុស្ស​មើលឃើញ​គ្នា​សុទ្ធតែ​សត្រូវ សុទ្ធតែ​ជន​ក្បត់ ក្រៅពី​ក្រុម​អញ​ពីរ​បីនាក់​ហ្នឹង​សុទ្ធតែ​ក្បត់​ទាំងអស់ អ្នកណា​មិន​ដើរ​តាម​ខ្លួន អ្នកណា​មិន​ស្របតាម​មតិ​ខ្លួន​ក្បត់ជាតិ ក្បត់បក្ស ក្បត់​រាស្ត្រ ដូច្នេះ​នេះ​វា​ជា​ការ​បន្ត​ការឈឺចាប់​នៅក្នុង​សង្គម ខ្ញុំ​ឃើញ​ចឹ​ង​”​។

តាម​លោក អ៊ូ ចាន់​រ័ត្ន កន្លងមក​អ្នកចូលរួម​ជាមួយ​គណ​បក្សប្រឆាំង​២០, ៣០​ឆ្នាំ ចំណាយ​ទាំង​ថវិកា ទាំង​ពេលវេលា ពី​ក្រុមគ្រួសារ ដល់ពេល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បាន​ពាក្យ​មួយ​មាត់គត់ គឺ​ក្បត់ជាតិ ក្បត់បក្ស ក្បត់​រាស្ត្រ អត់​អរគុណ​អ្វី​ដែល​គ្នា​បាន​ខំ​ធ្វើ​២០, ៣០​ឆ្នាំ ហើយគ្នា​អត់​ដែល​បាន​អី​ទេ យើង​យល់​ហើយ អ្នក​នៅក្នុង​បក្ស​ប្រឆាំង​ពិបាក​ណាស់ អត់​ស្រួល​ទេ តែ​យើង​ធ្វើ​នេះ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ បើ​យើង​នៅតែ​បន្ត​អូស​បន្លាយ​ចំពោះ​ស្ថាន​ការ​នយោបាយ​បែបនេះ​ឲ្យ​រ៉ាំរ៉ៃ​យូរ​ទៅៗ វា​នឹង​ធ្វើ​ឲ្យ​ការ​បែកបាក់​កាន់តែខ្លាំង​ទៅៗ ហើយ​បើ​យើង​នៅតែ​បន្ត​យុទ្ធសាស្ត្រ ដែល​មិនមែន​ជា​ការ​បង្រួបបង្រួម​ទេ ការ​បែកបាក់ នឹង​បន្ត​ទៅ​ទៀត បើសិន​ពួក​លោក​មិន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះទេ​។

ចំណែក​លោកស្រី ទេព សុ​ទ្ធី ក៏ដូចជា​អ្នក​ផ្សេងៗ​ទៀត ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ដែរ​នោះបាន​លើក​ឡើង​ថា ការ​ស្នើសុំ ក៏ដូចជា​ទទួលយក​នីតិសម្បទា​ឡើងវិញ​នេះ គឺជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ ដែល​យើង​ត្រូវតែ​ចេះ​ប្រើ​សិទ្ធិ​របស់​ខ្លួន ហើយ​បញ្ជាក់​ថា នឹង​មិន​មានការ​បង្កើត​គណបក្ស​ថ្មី​ណាមួយ​នោះ​ទេ ហើយ​នៅតែ​ឈរ​លើ​ស្មារតី​នៃ​បង្រួបបង្រួម CNRP ដដែល និង​នៅតែ​ប្រកាន់​ជំហរ​បន្តជីវិត​នយោបាយ​ជាមួយ CNRP ដដែល បើ​ទោះ​បី​ជា CNRP មិន​មាន​រូបរាង​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ​។



ទាក់ទង​បញ្ហា​នេះ លោក សួស យ៉ា​រ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃទី​២៥ មីនា ថា សង្គម​មួយ​ត្រូវការ​រួមរស់​ទាំងអស់​គ្នា ទោះបី​មានគំនិត​ខុសគ្នា ក៏​អាច​រស់​ជាមួយគ្នា​បានដែរ​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​បើ​ខ្មែរ​ចង់​រស់​ជួបជុំគ្នា អ្នកនយោបាយ​ត្រូវតែ​ឈប់​ក្លាយជា​ឧបករណ៍​បរទេស ហើយ​ស្ម័គ្រចិត្ត​ចូលក្នុង​សង្គម​វិញ​។ EBA និង GSP មិនមែន​របស់​យើង​ទេ ពេលណា​គេ​ត្រូវ​យក​វិញ គឺ​គេ​យក​ហើយ សំខាន់​ខ្មែរ​ត្រូវ​ស្គាល់​តម្លៃ​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន និង​ភាព​ក្រីក្រ​របស់​ប្រជាជន មិន​គួរ​ដើម្បី​នយោបាយ​ទុច្ចរិត ដើរ​ញុះញង់​បរទេស​ឲ្យ​បន្ទាប​តម្លៃ​ជាតិ​សាសន៍​ខ្លួន​ទេ​។ ប្រការ​សំខាន់​របស់​ស​ង្គ​ម​ខ្មែរ​ត្រូវ​ថែរក្សា​សន្តិភាព បង្កើន​គុណភាព​ធនធានមនុស្ស និង​បង្កើន​ពហុ​ទីផ្សារ លើ​ការផលិត​ខុសៗ​គ្នា​”​។

សូម​បញ្ជាក់​ថា រហូតមកដល់​ពេលនេះ អតីត​តំណាងរាស្ត្រ និង​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​០៩​នាក់​ហើយ ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្តល់​នីតិសម្បទា​ឡើងវិញ នោះ រួមមាន ទី​១, លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទី​២, លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង ទី​៣, លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម សុវណ្ណនី អតីត​សមាជិក​គណៈកម្មាធិការ​នាយក របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ទី​៤, លោក កង គឹម​ហាក់ អតីត​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ជា​សមាជិក​គណៈកម្មាធិការ​នាយក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទី​៥, លោក ជីវ កត្តា អតីត​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទី​៦, លោក អ៊ូ ចាន់​រ័ត្ន អតីត​តំណាងរាស្ត្រ​មណ្ឌល​តាកែវ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទី​៧, លោក ច័ន្ទ សិលា ជា​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទី​៨, លោកស្រី ទេព សុ​ទ្ធី អតីត​តំណាងរាស្ត្រ​មណ្ឌល​តាកែវ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ទី​៩, លោក រៀល ខេ​ម​រិ​ន្ទ្រ អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ស្វាយរៀង និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

ទន្ទឹម​នឹង​ការ​ស្នើសុំ ក៏ដូចជា​ការ​ទទួលយក​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ ពួកគេ​ទទួល​បាន​ការ​ឆ្លើយតប​ពី​មេដឹកនាំ ក៏ដូចជា​សកម្មជន​ផ្កាប់មុខ​មួយចំនួន​មកវិញ​ថា ជា​ជន​ក្បត់ជាតិ ក្បត់បក្ស ក្បត់​រាស្ត្រ ហើយ​អ្វី​ដែល​ពួកគាត់​បាន​ខិតខំ​រយៈពេល​២០, ៣០​ឆ្នាំ ក្លាយទៅជា​ឥតន័យ​បន្តិច​សោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu