ភ្នំពេញ ៖ គ្រឿងជាច្រើនកញ្ចប់ ត្រូវបានអ្នករត់ឡានតាក់ស៊ីយកមកប្រគល់ជូនសមត្ថកិច្ចដើម្បីជួយវែកមុខជនជួញដូរ ប្រុងនឹងលោតឆ័ត្រទៅខេត្ត ដោយវេចខ្ចប់យ៉ាងស្អាតយកមកផ្ញើឡានតាក់ស៊ី តែត្រូវបានម្ចាស់មានការសង្ស័យបើកមើលទាន់ ឃើញសុទ្ធតែគ្រឿងញៀនក៏ជនអ្នកមកផ្ញើនោះក៏ប្រញាប់គេចខ្លួនបាត់ភ្លាមៗនោះផងដែរ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ថ្ងៃទី៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក្ត ព.ស ២៥៦២ ត្រូវថ្ងៃសុក្រទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៩ព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ បានទទួលព័ត៌មានអំពីករណីអ្នកដំណើរម្នាក់មិនស្គាល់អត្តសញ្ញាណបានយកអីវ៉ាន់វិចខ្ចប់ថង់ផ្លាស់ស្ទីកពណ៌លឿង យកមកផ្ញើតាមរថយន្តតាក់ស៊ី ពីភ្នំពេញទៅកំពង់សោម។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ខណៈដែលអ្នករត់ឡានតាក់ស៊ីនោះទទួលបានឥវ៉ាន់នោះដោយមានការសង្ស័យបានបកស្កុតបិតឥវ៉ាន់នោះមើល ឃើញសុទ្ធតែគ្រឿងញៀននោះរួចងាកទៅរកអ្នកផ្ញើនោះក៏ជិះម៉ូតូចេញបាត់ ហើយក៏រាយការណ៍ជូនសមត្ថកិច្ចមកហែកមើលក៏ឃើញមានក្រាមពណ៌ស ថ្លា ចំនួន៤កញ្ចប់ធំ នឹង១កញ្ចប់តូចសង្ស័យជាគ្រឿងញៀន ហើយយកទៅប្រគល់ជូនសមត្ថកិច្ចប្រចាំការនៅចំណតរថយន្តតាក់ស៊ីផ្សារធំថ្មី(ចំណតរថយន្តបាត់ដំបង)។
បន្ទាប់មកកម្លាំងចម្រុះ បានការសហការជាមួយការិយាល័យជំនាញរាជធានីភ្នំពេញ យកទៅរក្សាទុកនៅអធិការ ដើម្បីអនុវត្តន៍នីតិវិធីបន្ត។
ពាក់ព័ន្ធនឹងហេតុការណ៍នោះដែរ កម្លាំងជំនាញបានបង្ហើបថា ករណីនោះមិនយូរមិនឆាប់នឹងឈានដល់ការបង្ក្រាបបានជនសង្ស័យជួញដូរគ្រឿងញៀនរូបនោះជាក់ជាមិនខានឡើយព្រោះភស្តុតាងត្រូវមានតម្រុយខ្លះហើយ៕
Source: Kampuchea Thmey Daily
0 Comments