ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងមានប្រសាសន៍បញ្ជាឲ្យសមត្ថកិច្ចនៅតាមព្រំដែនរឹតបន្តឹងតឹងរ៉ឹង ចំពោះឈ្មួញទុច្ចរិត លួចជ្រួកពីប្រទេសវៀតណាម បើសិនរកឃើញប៉ុស្តិ៍ណាដែលឲ្យជ្រូកចូល នឹងត្រូវដកដំណែងមេប៉ុស្តិ៍នោះតែម្តង គ្មានការលើកលែងនោះទេ។
លោកអភិបាលខេត្តមានប្រសាសន៍បែបនេះ កាលពីព្រឹកថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងកិច្ចសាលប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀង ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង/ស្រុក កងកម្លាំងទាំង៣ និងទីចាត់ការពាក់ព័ន្ធចំណុះសាលាខេត្តជាច្រើនរូបទៀតផងដែរ។
លោកអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
១-ត្រូវចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុតចំពោះបញ្ហាឈ្មួញទុច្ចរិត លួចដឹកជ្រូកចូលមកតាមច្រកនានា ពីប្រទេសវៀតណាម។ ក្នុងករណីមានការលួចដឹកជ្រូកចូលតាមច្រកណាមួយ ហើយមិនបានអនុវត្តន៍ ចាត់វិធានការទៅលើឈ្មួញទុច្ចរិតទាំងនោះ ប្រធានវីរព្រំដែន ឬអ្នកកាន់នៅតំបន់នោះ នឹងត្រូវទទួលនូវវិន័យអភិក្រម ទី៥ របស់ប្រមុខនៃរាជរដ្ឋាភិបាល។ ២-ត្រូវរៀបចំតុបតែងលាបថ្នាំ សម្អាតទីធ្លាកន្លែងធ្វើការ កែលំអភ្លើង បំភ្លឺសាធារណៈ និងតុបតែងភ្លើងលម្អ នៅតាមបណ្ដាមន្ទីរ-អង្គភាពរៀងៗខ្លួន មុនថ្ងៃសង្ក្រាន្តស្វាយរៀងចូលមកដល់។ ៣-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវរៀបចំឈូសឆាយ ក្រាលខ្សាច់ភ្នំ ស្រោចទឹក តាមបណ្ដោយ ច្រាំងទន្លេវៃគោ និងកែសម្រួលផ្លូវវាងខាងក្រោមស្ពានតាហោ ដោយរៀបចំឲ្យមានរនាំងការពារសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍ និងដាក់ភ្លើងបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក នាឱកាសបុណ្យចូលឆ្នាំថ្មី និងចូលរួមពិធីសង្ក្រាន្តស្វាយរៀងនាពេលខាងមុខ។ ៣-អាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ខិតខំអប់រំផ្សព្វផ្សាយដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងបង្ការគ្រោះអគ្គិភ័យ ដែលបង្កឡើងនៅក្នុងរដូវប្រាំងខាងមុខនេះដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូប ទៀន ការដុតសំរាម ចម្ការ វាលស្រែ ការឆ្លងចរន្តអគ្គិសនី និងគ្រឿងឆេះផ្សេងៗ ដែលនាំឲ្យមានគ្រោះអគ្គិភ័យជាដើម។ ៤-ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្រូវមានវិធានការទប់ស្កាត់ និង អន្តរាគមន៍ឲ្យបានទាន់ពេលវេលាក្នុងករណីមានអគ្គិភ័យកើតឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ៥-ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរក្រុង-ស្រុក ត្រូវរៀបចំឲ្យមានវេនប្រចាំការ និងផែនការការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ជួយសម្រួលចរាចរណ៍គ្រប់ទីកន្លែង និងបង្កលក្ខណៈ ល្អប្រសើរ តាមមណ្ឌលកម្សាន្ត តាមរមណីយដ្ឋាននានា ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ៦-មន្ទីរពាក់ព័ន្ធត្រូវចាត់តាំងឲ្យមានការលេងល្បែងប្រជាប្រិយរបស់ជាតិ និងទប់ស្កាត់ឲ្យបាននូវល្បែង ណាដែលប្រាសចាកនឹងច្បាប់ និងខុសប្រពៃណីជាតិ។ ៧-ពង្រឹងការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ តាមបណ្តាច្រករបៀង និងកុំឲ្យមានទំនិញខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ រួមទាំងជនអន្តោប្រវេសន៍។ ៨-គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ៩-កងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវរក្សាការពារសុវត្ថិភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅតាមវត្តអារាម កន្លែងកម្សាន្តនានា នៅមូលដ្ឋាន ដើម្បីលក្ខណៈភាពសប្បាយរីករាយជូនប្រជាពលរដ្ឋដែលមក កម្សាន្ត និងជួបជុំបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៕
Source: Kampuchea Thmey Daily
0 Comments