សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានបញ្ជូនមន្ដ្រីរបស់ខ្លួន ២រូប រួមមានលោក Pedro Correia និងលោក Joern Schlimm មកប្រទេសកម្ពុជា ដើម្បីសិក្សាជាមួយក្លិបបាល់ទាត់សមាជិកលីគកំពូលកម្ពុជា (Metfone Cambodian League) ពីអាជ្ញាប័ណ្ណក្លិបបាល់ទាត់អាជីព (AFC Club Licensing) ដើម្បីមានឱកាសប្រកួតក្នុងពានរង្វាន់កម្រិតទ្វីបនៅឆ្នាំ២០២០ ខាងមុខ។
ជាក់ស្តែងក្លិបបឹងកេតអែហ្វស៊ី និងក្លិបវិសាខាអែហ្វស៊ី បញ្ជាក់ថា មន្ត្រីទាំង២រូបរបស់ AFC សុទ្ធតែបានធ្វើដំណើរទៅការិយាល័យនិងកីឡដ្ឋានរបស់ខ្លួនដើម្បីត្រួតពិនិត្យនិងសិក្សាពីលទ្ធភាពអាជ្ញាប័ណ្ណក្លិបកម្រិតទ្វីបនេះ។ ទន្ទឹមនឹងនេះក្លិបទាំង២សុទ្ធតែទទួលបានការសរសើរនិងលក្ខខណ្ឌវិជ្ជាមានពីមន្ត្រីតំណាងឲ្យ AFC ផងដែរ។
យោងតាមការបង្ហាញបញ្ជីរបស់ AFC សម្រាប់ឆ្នាំ២០១៩ នេះមានក្លិបទាំង៤របស់កម្ពុជា រូមមានក្លិបបាល់ទាត់ភ្នំពេញក្រោន និង បឹងកេត ទទួលបានពេញលេញបូករួមជាមួយ ណាហ្គាវើល និង វិសាខា ដែលទាំង២ក្លិបនេះស្ថិតនៅក្នុងការតាមដានពីសហព័ន្ធដែលអាចដកហូតវិញក្នុងករណីណាមួយ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ កន្លងទៅមានក្លិបបាល់ទាត់ចំនួន៦នៅលីគកំពូលកម្ពុជាដែលទទួលបានអាជ្ញាប័ណ្ណពី AFC រួមមានបឹងកេត, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើល, ក្រសួងការពារជាតិ និងអង្គរថាហ្គឺរ។
ជាគោលការណ៍ក្លិបណាមួយដែលទទួលបានអាជ្ញាប័ណ្ណពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីនេះគឺបានសេចក្ដីថា ទទួលបានឱកាសចូលរួមប្រកួតក្នុងកម្មវិធីដែលរៀបចំដោយសហព័ន្ធតំណាងប្រទេសរៀងៗខ្លួន ដូចជា ពានកម្រិតទី១ AFC Champions League និងពានកម្រិតទី២ AFC Cup ដែលធ្វើឡើងជារៀងរាល់ឆ្នាំ។ ចំពោះក្លិបមិនទទួលបានអាជ្ញាប័ណ្ណនេះ ទោះបីជាឈ្នះជើងឯកតាមប្រទេសរបស់ខ្លួននីមួយៗ ត្រូវតំណាងឲ្យប្រទេសខ្លួនចេញប្រកួតលើឆាកអន្តរជាតិដែលរៀបចំដោយ AFC ក៏ដោយក៏ត្រូវធ្លាក់សិទ្ធិទៅក្រុមដែលអាជ្ញាប័ណ្ណវិញដោយស្វ័យប្រវត្តិ។
ដើម្បីទទួលបានអាជ្ញាប័ណ្ណនេះក្លិបនីមួយៗត្រូវគោលតាមលក្ខខណ្ឌមួយចំនួនដូចជា គ្រូបង្វឹកក្រុមធំ ដែលមានអាជ្ញាប័ណ្ណគ្រូ “A License”,មានយុវជនយ៉ាងតិច២ក្រុម ហើយចូលរួមក្នុងលីគយុវជន ជាមួយនឹងគ្រូដែលកាន់អាជ្ញាប័ណ្ណគ្រូ “C License”, មានក្រុមគ្រូពេទ្យប្រចាំក្លិប,មានកិច្ចសន្យាត្រឹមត្រូវរវាងក្លឹបជាមួយកីឡាករ,មានកម្មវិធីអភិវឌ្ឍន៍យុវជន, មានកីឡដ្ឋានស្តង់ដារ,ទីលានហ្វឹកហាត់,ការិយាល័យក្លឹបនិង មន្ត្រីរដ្ឋបាល ដូចជាអគ្គលេខាធិការក្លឹប, ហិរញ្ញិក, សន្តិសុខ និងក្រុមមន្ត្រីព័ត៌មានរចនាសម្ព័ន្ធក្លិប កញ្ចប់ហិរញ្ញវត្ថុរបស់ក្លិបជាដើម៕
Source: Kampuchea Thmey Daily
0 Comments