Ad Code

សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ ចាប់​ម៉ូតូ​គេច​ពន្ធ ​នាំចូល​ពី​ប្រទេស​វៀតណាម​បាន​៦​គ្រឿង ប្រគល់​ជូន​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កំពង់ឆ្នាំង​អនុវត្តន៍​ការ​បង់ពន្ធ​តាមច្បាប់



​កំពង់ឆ្នាំង ​៖ ម៉ូតូ​ម៉ាក​ហុងដា អាល់​ហ្វា​គេច​ពន្ធ​ចំនួន​០៦​គ្រឿង ត្រូវបាន​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​មូលដ្ឋាន​ស្ទាក់​ចាប់បាន​នៅ​ចំណុច​ជិត​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​អុស ស្រុក​ជល​គិរី នៅ​វេលា​ម៉ោង៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣​ ខែ​មីនា ឆ្នាំ​២០១៩ ក្នុង​ពេល​ជនសង្ស័យ​មួយ​ក្រុម​ បាននាំគ្នា​ជិះ​ម៉ូតូ​ទាំងនោះ ឆ្លង​កាត់​ពី​ខេត្តកំពង់ចាម ចូលមក​ស្រុក​ជលគីរី នាំ​យក​ម៉ូតូ​ទាំងនោះ​យកមក​ដាក់លក់​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​។​

លោក​វរសេនីយ៍ឯក ជិន សុផាត នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា​ ក្នុងពេល​ទទួលបាន​បទបញ្ជា ពី​លោក​ឧត្ដម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី ២៣​ខែមីនា លោក​បាន​ដឹកនាំ​កម្លាំង សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល ស្រុក​ជល​គី​រី និង​ប៉ុស្តិ៍​រដ្ឋបាល​កំពុង​អូស ដាក់​កម្លាំង​ចាំ​ស្ទាក់​ចាប់ ម៉ូតូ​គេចពន្ធ​នៅ​ចំណុច​ខាងលើ ដោយ​ចាប់​ម៉ូតូ​ចំនួន​០៦​គ្រឿង ជា​ប្រភេទ​ម៉ូតូ​ម៉ាក ហុងដា អាល់​ហ្វា ផលិត​នៅ​ប្រទេស​វៀតណាម​អត់​មាន​ពន្ធ គឺ​គេចពន្ធ។

លោកនាយ​ការិយាល័យ បាន​បញ្ជាក់ថា ​ម៉ូតូ​ទាំងនេះ នាំចូល​ពី​ប្រទេស​វៀតណាម ព្រំប្រទល់​ខេត្ត​កំពង់ចាម កាត់​មក​ខេត្តកំពង់ឆ្នាំង​តាម​ស្រុក​ជល​គី​រី ក្នុង​គោលបំណង​យកមក​ដាក់តាំង​លក់ នៅ​ក្រុង​កំពង់ឆ្នាំង ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្ទាក់​ចាប់បាន​នៅវេលា​ម៉ោង​ប្រមាណ​ជាង​៨​ព្រឹក​ និង​បាន​នាំមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​មន្ត្រី​រដ្ឋាករ​គយ ធ្វើការ​បង់​ពន្ធ​ទៅតាម​ផ្លូវច្បាប់។

ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ដដែល មន្ត្រី​សាខាគយ​ខេត្តកំពង់ឆ្នាំង​បាន​ចុះមក​ពិនិត្យ​វាយតម្លៃ ហើយ​បាន​យក​ម៉ូតូ​ទាំង​០៦​គ្រឿង ទៅ​ស្នាក់ការ​សាខាគយ និង​រដ្ឋាករ ខេត្ត​កំពង់ឆ្នាំង មាន​ទីតាំង​ស្ថិតនៅ ភូមិ​ទ្រា ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ដើម្បី​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំងនោះ​ចូលខ្លួន​មក​បង់ពន្ធ​ម៉ូតូ​ទៅតាម​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ថា​ ជារឿយៗ​ ម៉ូតូ​គេចពន្ធ​តែង​នាំ​មកពី​ប្រទេសជិតខាង​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ចូលមក​កម្ពុជា​ហើយ​បានដាក់​លក់​នៅតាម​ទីផ្សារ​ដោយ​មិនសូវ​ឃើញ​មានការ​បង្ក្រាប​ឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu