ភ្នំពេញ ៖ រថយន្ត toyota Tacoma មួយគ្រឿង បានទទួលរងការខូចខាតដោយរួញអស់មួយកំណាត់មុខ ខណៈដែលរថយន្តនេះ ម្ចាស់វាបើកយ៉ាងលឿនទៅបុករបាំងថ្មបាក់អស់៣កង់រួចមកនោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងហេតុការណ៍នេះ មិនបានធ្វើឲ្យមានមនុស្សរងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្កម៉ាក TOYOTA TACOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AD-3840 បើកបរដោយបុរសម្នាក់ជាជនជាតិតៃវ៉ាន់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈដល់ចំណុចកើតហេតុដែលជាកន្លែងផ្លូវកោង ហើយមិនបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូង ផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់រៀបដល់ដី ចំនួន៣កង់ និងវៀចចំនួន៣កង់ ចំណែករថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក រង់ចាំឲ្យម្ចាស់ចូលខ្លួន ដោះស្រាយ នៃការខូចខាតរបស់រដ្ឋ នៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments