Ad Code

អ្នកប្រជាធិបតេយ្យ​បើក​ការស៊ើបអង្កេត​កំណត់​គោលដៅ​លើ​មនុស្ស​រាប់សិប​នាក់​នៅក្នុង​រង្វង់​ខាងក្នុង​របស់លោក Trump



កាលពី​ថ្ងៃ​ចន្ទ សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក ​បាន​បើក​ការស៊ើបអង្កេត​ដ៏​មាន​មហិច្ឆតា​បំផុត​របស់​ពួកគេ​ចូលទៅក្នុង​ការចោទប្រកាន់​អំពី​ការរារាំង​យុត្តិធម៌​និង​ការរំលោភបំពាន​អំណាច​ដោយ​លោក Donald Trump ដោយ​សំដៅ​ទៅលើ​បុគ្គល​រាប់សិប​នាក់​នៅក្នុង​រង្វង់​ខាងក្នុង​របស់លោក​ប្រធានាធិបតី។

ប្រធាន​គណៈកម្មាធិការ​យុត្តិធម៌​សភា​ដ៏​មាន​ឥទ្ធិពល​បាន​ផ្ញើលិខិត​ទៅ​សមាជិកគ្រួសារ​របស់លោក​ប្រធានាធិបតី​រួមទាំង​កូនប្រុស​ឈ្មោះ Don Jr និង Eric ក៏ដូចជា​អ្នក​ជំនិត​នយោបាយ​និង​អង្គភាព​ពាក់ព័ន្ធ​នានា​ផងដែរ​។​

លិខិត​នោះបាន​ទាមទារ​ឲ្យ​មាន​ឯកសារ​ដែល​អាចជួយ​បំភ្លឺ​អំពី​កំហុស​របស់​រដ្ឋបាល​និង​លោក Trump ខ្លួនឯង​ផ្ទាល់។

កូនប្រសារ​ឈ្មោះ Jared Kushner និង​មន្ត្រី​ហិរញ្ញវត្ថុ​ជា​យូរ​មកហើយ​របស់​ក្រុមហ៊ុន Trump Organization ឈ្មោះ Allen Weisselberg គឺ​ស្ថិត​ក្នុងចំណោម​មនុស្ស​និង​អង្គការ​ចំនួន​៨១​ដែល​បានទទួល​លិខិត​ពី​ប្រធាន​ខាង​បក្ស​ប្រជាធិបតេយ្យ​របស់​ក្រុមប្រឹក្សា​នេះ​ឈ្មោះ Jerry Nadler ។​

ពួកគេ​ក៏​រួមមាន​អតីត​ជំនួយការ​សេត​វិមាន​លោក Steve Bannon និង​លោក Hope Hicks, មេធាវី​ផ្ទាល់ខ្លួន​របស់លោក Trump នាពេល​បច្ចុប្បន្ន​ឈ្មោះ Jay Sekulow, អតីត​អគ្គ​រដ្ឋអាជ្ញា​លោក Jeff Sessions និង​ស្ថាបនិក WikiLeaks លោក Julian Assange ផងដែរ។

សំណើ​នេះ​គឺជា​ការបង្កើន​ការស៊ើបអង្កេត​ដ៏​សំខាន់បំផុត​លើ​លោក Trump ចាប់តាំងពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចូល​កាន់កាប់​សភាតំណាងរាស្ដ្រ​កាលពីដើម​ខែមករា​ហើយ​បាន​ព្យាយាម​រក​ឲ្យ​ឃើញថា​តើ​លោក Trump ឬ​រដ្ឋបាល​របស់គាត់​បាន​ចូលរួម​ក្នុងការ​រាំងស្ទះ​យុត្តិធម៌​ឬ​អំពើពុករលួយ​ជា​សាធារណៈ​ដែរ​ឬក៏​អត់។

លោក Nadler បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​នេះ​គឺជា​ពេលវេលា​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​របស់​យើង​ហើយ​យើង​មានការ​ទទួលខុសត្រូវ​ក្នុងការ​ស៊ើបអង្កេត​លើ​បញ្ហា​ទាំងនេះ​និង​រៀបចំ​សវនាការ​សម្រាប់​សាធារណជន​ដើម្បី​បញ្ចេញ​ការពិត​ទាំងអស់​”​។​
ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Sarah Sanders បាន​រិះគន់​ការស៊ើបអង្កេត​នេះ​ថា​ជា “​ភាពអាម៉ាស់​និង​ការរំលោភបំពាន​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu