Ad Code

រាជរដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សហជីព​ ដើម្បី​លើកកម្ពស់​សេរីភាព​អង្គការ​វិជ្ជាជីវៈ​ ឲ្យ​កាន់តែ​ល្អប្រសើរ



​ភ្នំពេញ​ ៖​ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ថ្នាក់​ជាតិ​លើ​សេច​ក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សហជីព​ចំនួន​១០​មាត្រា​ដើម្បី​ប្រមូល​ធាតុ​ចូល​ជា​មូលដ្ឋាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ភាគី​តំណាង​កម្មករនិយោជិត​និង​និយោជក​សំដៅ​ធានាបាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្តីពី​សហជីព​។

ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​កង្វល់​នានា​ក្នុងការ​អនុវត្ត​ច្បាប់​ស្តីពី​សហជីព​ដែលជា​បទប្បញ្ញត្តិ​ច្បាប់​ថ្មី បើ​ប្រៀបធៀប​ជាមួយ​ច្បាប់​ស្តីពី​ការងារ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏បាន​រៀបចំ​កិច្ចប្រជុំ​កម្រិត​បច្ចេកទេស និង​សិក្ខាសាលា​ពិគ្រោះ​យោបល់ ដើម្បី​ធ្វើ​វាយតម្លៃ​ការអនុវត្ត​ច្បាប់​ស្តីពី​សហជីព​ជា​បន្តបន្ទាប់ ជាមួយ​តំណាង​កម្មករនិយោជិត សហជីព និយោជក និង​សមាគម​និយោជក ដោយ​សហការ​ជាមួយ​អង្គការ ILO និង​បានដាក់ ចេញ​ជា​សេចក្តី​ណែនាំ​នានា ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់ដឹង​អំពី​ច្បាប់​ស្តីពី​សហជីព និង​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី​សហជីព​នេះ​ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់។

ថ្លែង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ថ្នាក់​ជាតិ ​លើ​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សហជីព​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​សាន់វ៉េ​លោក​បណ្ឌិត អ៊ិត សំហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​លោកស្រី ដែល​ជា​តំណាង​ឲ្យ​ត្រីភាគី​និង​អង្គការ ILO ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​នានា​ដែល​បាន ចូលរួម​សិក្ខា​សា លា​ដ៏​មាន​សារៈសំខាន់​នា​ពេល​នេះ ដើម្បី​ពិភាក្សា​ពិគ្រោះ​យោបល់​និង​ផ្តល់​ធាតុ​ចូល​បន្ថែម​លើ​សេចក្តី​ព្រា ង​ច្បាប់​ស្តីពី​វិសោធនកម្ម​លើ មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៤ មាត្រា​៥៥ និង​មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី​សហជីព។

លោក​រដ្ឋមន្ត្រី​បាន​រំលឹក​ថា ​ច្បាប់​ស្តីពី​សហជីព ដែល​រួមមាន ១៧​ជំពូក និង​១០០​មាត្រា ត្រូវបាន ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៥១៦/០០៧ ចុះ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០១៦ ក្នុង​គោលបំណង​ផ្តល់​សិទ្ធ និង​សេរីភាព​ដល់​សហគ្រាស ឬ​គ្រឹះស្ថាន និង​ជន​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ និង​បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស​និង​ផ្លូវ​សមុទ្រ​និង​កំណត់​ពី​ការរៀបចំ​និង​ការ​ប្រព្រឹត្តទៅ​នៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករនិយោជិត និង​និយោជក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ស្តី ពី​ការងារ ព្រមទាំង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​លេខ​៨៧ និង​៩៨ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​។



លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ច្បាប់​ស្តីពី​សហជីព គឺជា​ក្របខ័ណ្ឌ​គតិយុត្តិ​មួយ​ដែល​មាន​គោលដៅ ១-​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​បងប្អូន​កម្មករនិយោជិត ២​ធានា​នូវ​សិទ្ធ​សេរីភាព​ក្នុង​ការ​ចរចា​ជា​សមូហភាព​រវាង​កម្មករនិយោជិត និង​និយោជក ៣- ជំរុញ​ឲ្យ​មាន​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ និង ៤-​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​ការងារ​សមរម្យ បង្កើន​ផលិតភាព និង​ការ​វិនិយោគ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​ក្រោយពី​ចូល​ជា​ធរមាន​ច្បាប់​ស្តី​ពី​សហជីព​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការធានា​ភាព​សុខដុមរមនា​នៅក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ការ​លើកកម្ពស់​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​។ ជាក់ស្តែង គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ នេះ អង្គការ​វិជ្ជាជីវៈ​ដែល​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ចំនួន ៤ ៩៤៩ ក្នុង​នោះ​សហជីព​មូលដ្ឋាន​មាន​ចំនួន ៤ ៧២២, សហព័ន្ធ សហជីព​មាន​ចំនួន ១៨៩ សហភាព​សហជីព​មាន​ចំនួន ២៩ សមាគម​និយោជក​មាន​ចំនួន​០៩​។

បន្ថែម​លើ​នេះ ចំនួន​វិវាទ​ការងារ​រួម និង​កូដកម្ម​-​បាតុកម្ម​ក៏​មាន​ការ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ដែល​បណ្តាល​មក​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​សហជីព និង​ការពង្រឹង​ប្រព័ន្ធ​អធិការកិច្ច​ការងារ​កា​ន់​តែ​ល្អប្រសើរ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ទន្ទឹម​នឹង​វឌ្ឍនភាព​ទាំងនេះ ក៏​នៅមាន​សហជីព និង​ស្ថាប័ន​អន្តរជាតិ​មួយចំនួន មិន​ទាន់​មាន​ការយល់​ដឹង​ច្បាស់​អំពី​ខ្លឹមសារ​នៃ​បទប្បញ្ញត្តិ​ច្បាប់​ស្តី​ពី​សហជីព ដោយ​បាន​បន្ត​លើក ឡើង​អំពី​កង្វល់ មួយចំនួន​ក្នុង​ការ​ចុះបញ្ជី​សហជីព និង​ការស្នើសុំ​បញ្ជាក់​ភាពជា​តំណាង​បំផុត​របស់​សហជីព​។

លោក សុខ​ឡោ តំណាង​ភាគី​សមាគម​និយោជក​បាន​ស្វាគមន៍​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​សហជីព​នេះ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អនុសញ្ញា​អន្តរជាតិ​។​តែ​យ៉ាងណាក៏ដោយ​លោក​ស្នើ​ឲ្យ​សហជីព​អនុវត្ត​ច្បាប់​ក្នុង​ការ​ធ្វើ​កូដកម្ម​បាតុកម្ម​ដើម្បី​ធានា​បាន​នូវ​សុខដុមរមនា​ក្នុង​វិស័យ​ទំនាក់ទំនង​វិជ្ជាជីវៈ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

លោក​អាត់​ធន​ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ស្នើ​ឲ្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្វើ​វិសោធនកម្ម​បន្ថែម​មាត្រា​ចំនួន​៤​ទៀត​រួមមាន​មាត្រា​ទី​១២,១៣,១៤​និង​មាត្រា​៤៧​ដើម្បី​ឲ្យ​ការអនុវត្ត​សិទ្ធិ​របស់​សហជីព​បាន​ពេញលេញ​ព្រោះថា ​ការ​ធ្វើ​វិសោធនកម្ម​១០​មាត្រា​របស់​ក្រសួង​បាន​ឆ្លើយតប​ការទាមទារ​របស់​សហ​ជីព​បានត្រឹមតែ​៧០​ទៅ​៨០​ភាគរយ​ប៉ុណ្ណោះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu