អ្នកប្រដាល់គីន ខ្លឹម ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ និង លីន សេងហុង អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ ជាអ្នកឈ្នះចុងក្រោយគេក្នុងការប្រកួតជម្រុះជុំទី១ នៃការប្រកួតដណ្តើមពានរង្វាន់កំពូលជើងឯកTV5 Knock Out Series by K.Cement ទម្ងន់៥៤គីឡូក្រាម កាលពីយប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៩ នៅសង្វៀន TV5 ព្រែកកំពឹស។
គីន ខ្លឹម បានយកឈ្នះអ្នកប្រដាល់ញឹម សារិទ្ធ ក្លិបអារុណរះកីឡាដោយពិន្ទុ។ សារិទ្ធ បានខ្ទាតចេញបីការប្រកួតហើយ ឯ គីនខ្លឹម ត្រៀមខ្លួនឡើងប្រកួតបន្តនៅវគ្គជម្រុះជុំទី២ទៀត។
ចំណែក លីន សេងហុង ក្លិបបូរីរាជសីហ៍មានរិទ្ធ បានយកឈ្នះអ្នកប្រដាល់ម៉ាក់ សាមុត ក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុ។
សេងហុង ត្រូវសាមុត វាយមួយកែងបណ្ដាលឲ្យមានរបួសក្បាលនៅទឹកទី១។ ប្រៀបដូចខ្លាត្រូវរបួសនោះ សេងហុង បានវាយបកសងវិញ ធ្វើឲ្យសាមុត ស្ទើរតែមិនមានឱកាសវាយសង។ ការប្រកួតដែលមានតែ៣ទឹកនោះ សេងហុង មានប្រៀបរហូតតែម្ដង។
សាមុត បានខ្ទាតចេញពីការប្រកួត ឯលីន សេងហុង ត្រៀមខ្លួនឡើងប្រកួតជម្រុះបន្តនៅជុំទី២ដែលនៅសល់អ្នកប្រដាល់ចំនួន១៦រូប។ ១៦រូបនេះ ត្រូវជម្រុះយកតែ៨រូបប៉ុណ្ណោះ ដើម្បីឡើងទៅប្រកួតជម្រុះជុំទី៣បន្តទៀត។
ជម្រុះជុំទី១ពេលនេះ នៅសល់តែ១៦រូបប៉ុណ្ណោះ ដើម្បីឡើងទៅប្រកួតជម្រុះជុំទី២បន្តទៀត។ ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះ អ្នកប្រដាល់យុគ យក្សផ្លែ ក្លិបបូរីរាជសីហ៍មានរិទ្ធ ប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃអុប សៃ(Op Sai) បន្ទាប់ពីព្យាយាមវាយសង្គ្រប់គ្នាចំនួន៥ទឹកពេញនោះ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះ ឌុម កែវដប ក្លិបយុវវាលស្បូវប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ងឿន វិចិត្រ មកពីក្លិបតាព្រហ្មមានជ័យ៕
Source: Kampuchea Thmey Daily
0 Comments