ស្ទឹងត្រែង ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរក្រុង កាលពីថ្ងៃ27 ខែមេសាឆ្នាំ 2019 បានចុះត្រួតពិនិត្យទំនិញនៅតាមស្តង់នានាក្នុងពិព័រណ៍ផ្សារណាត់ថៃក្នុងក្រុងស្ទឹងត្រែង ដោយដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងអាហារមានសារធាតុគីមីប្រមាណជិត១០០គីឡូក្រាមយកទៅដុតកម្ទេចចោល។
លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺផ្តោតសំខាន់ទៅលើទំនិញវេចខ្ចប់ភេសជ្ជៈ និងចំណីអាហារដែលដាក់តាំងលក់ក្នុងពិព័រណ៍ផលិតផលថៃ ដើម្បីពិនិត្យគុណភាព សុវត្ថិភាពចំណីអាហារ ក្នុងគោលបំណង ទប់ស្កាត់ការដាក់លក់ទំនិញខូចគុណភាព ដែលបណ្តាលឲ្យប៉ះពាល់សុខភាពអ្នកបរិភោគទូទៅ។
លោកបានបន្តថា ការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ទៅលើចំណីអាហារដូចជាប្រហិតគ្រប់មុខ មឹក និងបង្គាស្រស់ជាដើម។ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញមិនប្រក្រតីមួយចំនួនយកទៅដុតកម្ទេចចោល សរុប៩៣គីឡូក្រាម រួមមាន ប្រហិតគ្រប់មុខហួសការបរិច្ឆេទប្រើប្រាស់ចំនួន៣៣គីឡូក្រាម និងមឹកស្រស់ចំនួន៦០គីឡូក្រាមមានដាក់សារធាតុគីមីម្យ៉ាងហៅថា«ហ្វ័រម៉ាលីន» ដែលថ្នាំប្រភេទនេះគេដាក់ក្នុងចំណីអាហារដើម្បីទុកឲ្យបានយូរ និងត្រូវគេប្រើសម្រាប់ថែរក្សាសាកសពផងដែរ។
ទន្ទឹមនឹងនោះ លោកប្រធានសាខាកាំកុងត្រូលខេត្ត ក៏បានធ្វើការណែនាំដល់អាជីវករទាំងអស់សូមបញ្ឈប់ការដាក់លក់ទំនិញខូចគុណភាព និងជៀសវាងការប្រើប្រាស់សារធាតុគីមីបន្ថែមទៅលើផលិតផលម្ហូបអាហារ ព្រមទាំងបានផ្សព្វផ្សាយបន្ថែមដល់អាជីវករឲ្យយល់ដឹងអំពីអនាម័យ និងការរៀបចំទំនិញលក់ដូរឲ្យមានសណ្ដាប់ធ្នាប់ប់ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ឲ្យដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមថែរក្សាសុខភាពអ្នកប្រើប្រាស់ទាំងអស់គ្នា៕
Source: Kampuchea Thmey Daily
0 Comments