ភ្នំពេញ ៖ មេខ្លោងជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ដែលអាចលក់គ្រឿងញៀនមួយថ្ងៃអស់២គីឡូក្រាម និងបក្ខពួកម្នាក់ទៀត ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនមកកាន់តុលាការហើយនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ។
លោកឧត្ដមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ត្រីប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែមេសា ឆ្នាំ២០១៩ ដែលកម្លាំងជំនាញនៃមន្ទីរប្រឆាំង និងដឹកនាំសម្របសម្រួល ដោយ លោក គួជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់នៅ៣គោលដៅផ្សេងៗគ្នា ៖ គោលដៅទី១ ៖ នៅវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល បន្ទប់លេខ២០៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទូច សីហា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ដកហូតវត្ថុតាងមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ២២៧.៦១ក្រាម និងជញ្ជីងថ្លឹង១គ្រឿង។ គោលដៅទី២ ៖ នៅវេលាម៉ោង៧ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារអូរឫស្សី សង្កាត់អូរឫស្សី ខណ្ឌ៧មករា ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ តាំង ស្រុន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ដកហូតវត្ថុតាងសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ២,០១៤.៨ក្រាម និងគោលដៅទី៣ ៖ នៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចបានបន្តទៅឆែកឆេរលំនៅដ្ឋាន របស់ជនសង្ស័យ ឈ្មោះ តាំង ស្រុន នៅចំណុចផ្ទះលេខ១៣៦ អឺ២ ផ្លូវសុកហុក (១០៧) សង្កាត់អូរឫស្សី ទី៤ ខណ្ឌ៧មករា ដកហូតវត្ថុតាងរួមមាន ៖ សារធាតុញៀន មេតំហ្វេតាមីន (ice) ២៨២.៨៩ក្រាម, ជញ្ជីងថ្លឹង១គ្រឿង, សំបកកញ្ចប់ (តែ) សម្រាប់ច្រកគ្រឿងញៀនចំនួន១៩កញ្ចប់ (ច្រកគ្រឿងញៀនចំនួន១៩គីឡូក្រាម) ដែលជនសង្ស័យបាន រំលែកលក់ឲ្យម៉ូយតែ១សប្ដាហ៍ប៉ុណ្ណោះ, សំបកថង់ប្លាស្ទិកសម្រាប់វេចខ្ចប់មួយចំនួន និងបានឃាត់ទុកទ្រព្យសម្បត្តិ ៖ ផ្ទះល្វែងលេខ ១៣៦អឺ២ របស់ឈ្មោះ តាង ស្រុន ផងដែរ។
សរុបវត្ថុតាងដែលចាប់យកបានរួមមាន ៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ២៥២៥.៣ក្រាម ជញ្ជីងថ្លឹង២គ្រឿង ទូរស័ព្ទដៃ៣គ្រឿង ថង់វេចខ្ចប់មួយចំនួន និងឃាត់ទុកផ្ទះ១ល្វែង។
លោកឧត្ដមសេនីយ៍ត្រី អ៊ិន សុង បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅមន្ទីរប្រឆាំងគ្រឿងញៀន និងរៀបចំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ស្អែកនេះ៕
Source: Kampuchea Thmey Daily
0 Comments