Ad Code

ម៉ឺន សុភា ឈ្នះ​ថៃ ទឹក​២ ឯ ជ័រ ពៅ ឈ្នះ​ថៃ​ទឹក​៤



ម៉ឺន សុភា អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា នៃ​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បាន​ផ្តួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ប្រទេស​ថៃ តាក សិលា​(Tuksila Phran26) ក្នុងការ​ជួបគ្នា​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃអាទិត្យ​ ទី​២៨ ខែ​មេសា ឆ្នាំ​២០១៩។

ម៉ឺន សុភា និង តាក សិលា ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧១​គីឡូក្រាម ដែល​ក្នុង​ការប្រកួត​ទឹក​ទី​២​នោះ សុភា បាន​ផ្ដួល ​តាក​សិលា ឲ្យ​បោះបង់ចោល​ការប្រកួត តាមរយៈ​ការ​ទាត់​ជើង​ក្រោម​(​ជើង​ខាង​ស្តាំ​)​របស់​សិលា ឲ្យ​ឈឺ​ដួល​ក្រោក​លែងរួច។​

តាក សិលា អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តង​ហើយ ដែល​គេ​ចាំបាន​ថា បាន​ប្រកួត​ឈ្នះ វង្ស ណ​យ ជើង​ខ្លាំង​របស់​កម្ពុជា​ក្នុង​ទឹក​ទី​៥ កាលពី​ថ្ងៃទី​០២​ ខែ​កុម្ភៈ ឆ្នាំ​​២០១៩ នៅ​លើ​សង្វៀន​ស្ទឹងមានជ័យ​នេះ។ តែ​លើក​នេះ ប៉ះ​ជាមួយ​ម៉ឺន សុភា គេ​ទប់ទល់​មិនបាន​ពីរ​ទឹក​នោះទេ។

ចំពោះ ជ័រ ពៅ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ នៃ​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ បាន​ផ្តួល​យកឈ្នះ អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ប្រទេស​ថៃ​ឈ្មោះ ផេ​ត ផូ​ស្រ៊ី (Petchphosri Site Chharngnunuth umporn) ក្នុង​ទឹក​ទី​៤។​

ជ័រ ពៅ គេ​វាយ​បានល្អ​ និង​ខ្លាំង ដោយ​វាយ​កែង​ត្រូវ​ថ្គាម​ ផេ​ត ផូ​ស្រ៊ី មួយ​កែង​ពេញ បណ្ដាល​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ដួលសន្លប់​លើ​រេញ។

ជ័រ ពៅ គេ​ទើបតែ​ត្រូវបាន​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ថៃ​ជា​លើក​ទី​២​ប៉ុណ្ណោះ។ ​កាលពី​លើក​ទី​១​ ក្នុង​ឆ្នាំ​២០១៨ ជ័រ ពៅ បាន​ប្រកួត​ចាញ់​ថៃ លីង លុម (Ling Lom)​ដោយ​ពិន្ទុ តែ​លើក​ទី​២​នេះ គេ​បាន​ផ្ដួល ​ផេ​ត ផូ​ស្រ៊ី ដែលជា​អ្នក​ប្រដាល់​ធ្លាប់​ប្រកួត​ស្មើ​ជាមួយ​ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​
សែន​ជ័យ កាលពី​ថ្ងៃទី​០១ ខែ​មីនា​ ឆ្នាំ​២០១៩​កន្លងមក​នោះ​។

ផេ​ត ផូ​ស្រ៊ី មានកំនត់​ត្រា​ប្រកួត​ចំនួន៧៨លើក ឈ្នះ​៥៥​លើក ចាញ់​២០​លើក និង​ស្មើ​០៣​លើក។ ឯ ជ័រ ពៅ គេ​មាន​ប្រវត្តិ​ប្រកួត​តិចជាង។

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ មាស សារ៉ាក់ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ដែល​គេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ ថន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​នោះ បាន​វាយ​ឈ្នះ​ថន ភឿ​ត ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។​
•​ធន អៀង​ឡៃ ឈ្នះ​ពានរង្វាន់​បាយ័ន​ទម្ងន់​៥៧​គីឡូក្រាម​
​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ទម្ងន់​៥៧​គ​.​ក្រ ចំនួន​៤​រូប ដែល​ជួប​ប្រកួត​គ្នា ដើម្បី​ដណ្តើមយក​ពានរង្វាន់​ប្រាក់​លាន​របស់​ស្ថានីយទូរទស្សន៍​បាយ័ន​នោះ ទីបំផុត​បាន​ធ្លាក់​ទៅលើ​អ្នក​ប្រដាល់​ធន អៀង​ឡៃ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បន្ទាប់ពី​គេ​បាន​វាយ​ឈ្នះ​កំពែង ខ្មៅ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃទី​២៧​មេសា​នោះ។

ក្នុងការ​ប្រកួត​ជម្រុះ​ដំណាក់​ដំបូង ធន អៀង​ឡៃ គេ​វាយ​ឈ្នះ​ឯម សុធី អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​គ្នា​បី​ទឹក​នោះ។

ចំណែក​កំពែង ខ្មៅ ក្នុងការ​ប្រកួត​ជម្រុះ​ដំណាក់​ទី​១​នោះ គេ​វាយ​ឈ្នះ​ហេង សុ​ភ័​ក្រ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ក្នុង​ទឹក​ទី​៣។ ប៉ុន្តែ​ពេល​ឡើងមក​ជួប​ធន អៀង​ឡៃ នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ កំពែង ខ្មៅ វាយ​ចាញ់​អៀង​ឡៃ​ក្នុង​ទឹក​ទី​៣​វិញ ដោយ​ត្រូវ​អៀង​ឡៃ វាយឲ្យ​សន្លប់​ដោយ​ស្នៀត​ជង្គង់ ។
​ ​
ដោយឡែក សម្រាប់​ការប្រកួត​គូ​ឯក​វិញ​នោះ មាឃ វណ្ណា​រ៉ា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍ ខេត្ត​រតនគិរី បាន​ផ្តួល អេ​លី​ត កែវ​ឡុង អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ឲ្យ​​សន្លប់​ក្នុង​ទឹក​ទី​៤​។ ពួកគេ​ទាំងពីរ​នេះ ក៏​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu