យោធាពាក់មួកចម្រុះពណ៌បានលើកគ្រែស្នែងឆ្លងកាត់សង្កាត់វ័យចំណាស់របស់ទីក្រុងបាងកកកាលពីថ្ងៃអាទិត្យដើម្បីហាត់សមសម្រាប់ព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ដែលជាទស្សនីយភាពមានមួយដងប៉ុណ្ណោះក្នុងមួយជីវិតដែលត្រូវបានកត់សម្គាល់ដោយដំណើរដ៏អធិកអធមនិងពិធីបែបប្រពៃណីបុរាណ។
ព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រព្រះជន្ម៦៦វស្សាអង្គនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែឧសភាហើយត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់បំផុតប្រចាំឆ្នាំនៅក្នុងប្រទេសថៃ។
វាគឺជាលើកដំបូងក្នុងរយៈពេល៦៩ឆ្នាំចាប់តាំងពីព្រះបិតា Bhumibol Adulyadej បានឡើងគ្រងរាជ្យបល្ល័ង្កជាផ្លូវការក្នុងឆ្នាំ១៩៥០។ ព្រះអង្គបានសោយទិវង្គតកាលពីពីរឆ្នាំមុន។
ថ្ងៃទី២នៃពិធីនេះគឺជាក្បួនដង្ហែព្រះមហាក្សត្រដែលក្នុងនោះព្រះអង្គ Vajiralongkorn នឹងត្រូវជិះគ្រែស្នែងដែលសែងដោយទាហាន។
ក្បួននេះនឹងចាកចេញពីព្រះបរមរាជវាំងហើយហែជុំវិញសង្កាត់វ័យចំណាស់ជាប្រវត្តិសាស្ត្រមួយដែលជាហេតុផ្តល់ឲ្យប្រជាជននូវឱកាសដើម្បីគោរពដល់ព្រះមហាក្សត្រថ្មីរបស់ពួកគេ។
ការហាត់សមកាលពីថ្ងៃអាទិត្យបានបង្ហាញពីការទាក់ទាញសម្រាប់អ្នកគាំទ្ររាប់សិបនាក់ដែលចង់ដឹងចង់ឃើញពីពិធីនេះ។
សម្លៀកបំពាក់ចម្រុះពណ៌តាមបែបប្រពៃណីត្រូវបានបង្ហាញខណៈទាហានបានដើរវាយស្គរ។
មេដឹកនាំយោធាលោកប្រាយុទ្ធចាន់អូចាក៏បានចូលរួមនៅក្នុងក្បួនដង្ហែនេះផងដែរ។
ប៉ុន្មានសប្តាហ៍មុនដល់ពិធីគ្រងរាជ្យ មន្ត្រីរដ្ឋបានចាប់ផ្តើមស្លៀកពាក់ពណ៌លឿងដែលត្រូវបានគេចាត់ទុកថាជាពណ៌របស់ស្តេច។ ពិធីករទូរទស្សន៍ក៏ស្លៀកពាក់ពណ៌ផងដែរក្នុងអំឡុងពេលនៃការផ្សាយព័ត៌មានពេលយប់។
គួរបញ្ជាក់ថា របបរាជាធិបតេយ្យដែលមានទ្រព្យសម្បត្តិបំផុតនៅលើពិភពលោកគឺត្រូវបានគេចាត់ទុកថាពិសិដ្ឋនៅក្នុងសង្គមថៃ៕ AFP
Source: Kampuchea Thmey Daily
0 Comments