Ad Code

ប្រធាន​ក្រុម​បឹងកេត ហុង ផេង រំពឹង​ថា​ ក្រុម​ខ្លួន​ត្រឡប់​មក​រក​ភាព​ខ្លាំង​ដូចដើម​វិញ



ខ្សែការពារ ហុង ផេង សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ចូលរួម​ជាមួយ​ក្លិប​បឹង​កេក​តាំងពី​ឆ្នាំ​២០១៤ មក​កំពុងតែ​កាន់​តួនាទី​ប្រចាំ​ក្លិប​ជើងឯក​៣​សម័យកាល​មួយ​នេះ​ខណៈ​រូប​មានការ​ជឿជាក់​លើ​មិត្ត​រួម​ក្រុម​នឹង​ត្រឡប់​មក​រក​ភាព​ខ្លាំង​ដូចដើម​វិញ ក្រោយ​បើកឆាក​រដូវ​កាល​ថ្មី​ប៉ុន្មាន​ប្រកួត​ឈ្នះ​២​លើក ស្មើគ្នា​១​លើក​និង​ចាញ់​១​លើក​។

​កីឡាករ​ដែល​មាន​ដើម​កំ​ណើ​ត​នៅ​ខេត្តបាត់ដំបង​រូប​នេះ​ បាន​លើក​ឡើង​ក្រោយ​ក្រុម​របស់​ខ្លួន​យក​ឈ្នះ​លើ​ក្រុមបាល់ទាត់​ខេត្តកំពង់ចាម ដោយ​លទ្ធផល ៧-០ នា​ល្ងាច​ថ្ងៃអាទិត្យ​ថ្មីៗ ថា​ស្ថានភាព​របស់​ក្រុម​នឹង​ត្រឡប់​ទៅ​រក​ភាពល្អ​ឡើងវិញ​។ ហុង ផេង បន្តថា «​ការ​ត្រៀមខ្លួន​របស់​ពួកយើង​ក្នុង​ប៉ុន្មាន​ប្រកួត​ដំបូង​នេះ គឺ​បានល្អ​ហើយ ប៉ុន្តែ​ក្នុង​បាល់ទាត់ ពេលខ្លះ​យើង​ត្រូវការ​សំណាង​ឲ្យ​នៅ​ខាងយើង​ថែមទៀត​»​។



កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ថា ​«​ចំពោះ​យុវជន និង​កីឡាករ​ថ្មីៗ​ដែល​មក​ចូលរួម​ជាមួយ​ពួក​យើង​ក្នុង​រដូវ​កាល​ថ្មី​នេះ ភាគច្រើន​គឺ​ពួកគាត់​អាច​យល់​និង​ចាប់បាន​នូវ​អ្វីដែល​ជា​ការ​ចង់បាន​រប​ស់​គ្រូបង្វឹក និង​ក្រុម​។ លទ្ធផល​ថ្មីៗ​នេះ ថ្វីត្បិតតែ​ពួក​យើង​ឈ្នះ​លើ​ក្រុម​ដែល​ទើប​បង្កើត​ថ្មី ប៉ុន្តែ​វា​គឺជា​លទ្ធផល​ដ៏​ល្អ ដែល​កីឡាករ​របស់​យើង ពុំ​មើលងាយ​លើ​គូប្រកួត ហើយ​តែងតែ​ព្យាយាម​ពេញ ៩០​នាទី​»​។ កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៨ ខ្សែការពារ ហុង ផេង បានសម្រេច​បន្ត​កិច្ចសន្យា​របស់​ខ្លួន​ជាមួយ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​បឹងកេត​អែ​ហ្វ​ស៊ី ដល់​ដំណាច់ឆ្នាំ​២០២០ ខាងមុខ​។



កីឡាករ ហុង ផេង ធ្លាប់​បាន​ចូលរួម​ជាមួយ​ក្រុម​បក្សី​ចាំ​ក្រុង មុន​ឆ្នាំ​២០១១ ខណៈ​ចាប់ពី​ឆ្នាំ​២០១១ ដល់​២០១៤ រូបគេ​បាន​ចូលរួម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ចាប់ពី​ឆ្នាំ​២០១៤ ទល់​បច្ចុប្បន្ន​ចូលរួម​ជាមួយ​ក្រុម​បឹងកេត​។ គិត​ពី​ឆ្នាំ​២០១៤ ដល់​បច្ចុប្បន្ន​រូបគេ​ក៏​ត្រូវ​បាន​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា កោះហៅ​ឲ្យ​ចូល​រួម​ក្នុង​ក្រុម​ជាប្រចាំ​ផង​ដែរ​។ កាល​នៅ​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន រូបគេ​ធ្លាប់​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១៤ ខណៈ​ពេល​ចូលរួម​ជាមួយ​ក្រុម​បឹងកេត ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់​នេះ​ចំនួន​២​លើក​ទៀត​គឺ​នៅ​ឆ្នាំ​២០១៦ និង​២០១៧ កាលពី​ឆ្នាំ​២០១៥ រូបគេ​ក៏​ជា​ផ្នែក​ជួយ​ឲ្យ​ក្រុម​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ 2015 Mekong Club Championship តែ​បាន​ត្រឹម​ជើងឯក​រង​ផងដែរ​។

គួរ​បញ្ជាក់​ថា ក្រោយ​ប្រកួត​សប្តាហ៍​ទី​៤​នេះ បឹង​កេត មាន ៧​ពិន្ទុ​ក្នុង​ដៃ​ក្រោយ​យកឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោ​ន ៣-២ តែ​ចាញ់​អគ្គិសនី​កម្ពុជា ១-០ ហើយ​ស្មើ​អង្គ​រថា​យ​ហ្គឺ​រ ១-១ និង​ឈ្នះ​កំពង់ចាម ៧-០​។ សម្រាប់​ប្រកួត​បន្ត​នៅក្នុង​សប្ដាហ៍​ទី​៥ ក្រុម​បឹងកេត ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៧ ខែមេសា​ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​)៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu