Ad Code

ការ​យល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ដ្រី ជា​ឧបករណ៍​មួយ​សារៈសំខាន់​ក្នុងការ​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ដ្រី



ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​កិច្ចការនារី​បាន​ចាត់ទុកថា ការ​យល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ដ្រី ជា​ឧបករណ៍​មួយ​សារៈសំខាន់​សម្រាប់​ការចូលរួមចំណែក​ឈាន​ទៅ​លើកកម្ពស់​សមភាព​យេនឌ័រ ពិសេស​លើ​ការបង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ដ្រី​។

​ថ្លែង​នៅក្នុង​ពិធី​ជាមួយនឹង​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​កាលពី​ថ្ងៃទី​២៣​មេសា​កន្លង​ទៅ​នេះ លោកស្រី ច័ន្ទ សូ​រិ​យ៍ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​ឲ្យ​ដឹង​ថា ​«​នៅ​កម្ពុជា​ស្ដ្រី​តែងតែ​ត្រូវ​បាន​ចាត់ទុកថា ជា​មនុស្ស​សំខាន់​ក្នុងការ​រក្សា និង​គ្រប់គ្រង​ថវិកា​ក្នុង​គ្រួសារ ហើយ​នៅពេល​ស្ដ្រី​មានចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ល្អប្រសើរ នឹង​ជួយ​ឲ្យ​តួនាទី​របស់​ស្ដ្រី ក្នុងការ​គ្រប់គ្រង​ថវិកា​ក្នុង​គ្រួសារ ឲ្យ​កាន់​តែមាន​ភាព​សំខាន់ ក្នុងការ​ប្រើប្រាស់ និង​មាន​ភាពល្អប្រសើរ​ជាង​មុន​»​។

លោកស្រី​បញ្ជាក់​ថា ​ទោះបី​ការ​ទទួល​បាន​សេវា​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ មិនមែន​ជា​មធ្យោបាយ​តែមួយ សម្រាប់​ការអភិវឌ្ឍន៍​អាជីវកម្ម និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​គ្រួសារ ប៉ុន្ដែ​សមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ ជា​ចំណែក​ដ៏​សំខាន់ សម្រាប់​ការអភិវឌ្ឍន៍​អាជីវកម្ម និង​គ្រួសារ​ប្រចាំថ្ងៃ​។

ដើម្បី​លើកកម្ពស់ និង​ជំរុញ​ការ​ផ្សព្វផ្សាយ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ស្ថាប័នរដ្ឋ​ចំនួន​៣​រួមមាន ធនាគារជាតិ​នៃ​កម្ពុជា​, ក្រសួង​កិច្ចការ​នារី និង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​គ្នា​ប្ដេជ្ញា​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ លើ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ដល់​ប្រជាពលរដ្ឋ​។ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជា​ចំណេះដឹង​មួយ ជួយ​ឲ្យ​ពលរដ្ឋ​ចេះ​គ្រប់គ្រង​ការ​ចំណាយ​ប្រចាំថ្ងៃ ហើយ​ជា​កត្តា​ជំរុញ​ដ៏​សំខាន់ ក្នុង​ការ​ជៀស​ផុត​ពី​បំណុល​វ័ណ្ឌក របស់​ប្រជាពលរដ្ឋ​មានន័យថា កាលណា​ពលរដ្ឋ​ចេះ​គ្រប់គ្រង​ការ​ចំណាយ​របស់ខ្លួន នោះ​នឹង​មិនមាន​បំណុល​ឡើយ​។



លោក អ៊ឹម កុ​ច រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​ដឹង​ថា កន្លងមក​ក្រសួង​អប់រំ បាន​សហការ​ជាមួយ​ធនាគារជាតិ ដោយ​បាន​រៀបចំ ផែនការ​បញ្ចូល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​កម្មវិធីសិក្សា​ចំណេះដឹង​ទូទៅ​ចាប់ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ លើ​មុខវិជ្ជា​គណិតវិទ្យា​, គេហ​សេដ្ឋកិច្ច​វិទ្យា​, បំ​ណិ​ន​ជីវិត​តាម​មូលដ្ឋាន និង​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ​វិជ្ជា ក្នុង​គោលដៅ​លើកកម្ពស់​ចំណេះដឹង ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​បញ្ជ្រាប​ការ​ចេះ​សន្សំ​លុយ ព្រមទាំង​ការគ្រប់គ្រង​ការ​ចំណាយ ដល់​កុមារ​ដែល​កំពុង​សិក្សា​។

​លោក​បន្ដ​ថា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជា​កត្តា​គន្លឹះ ក្នុងការ​ជំរុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​ការការពារ​ប្រជាពលរដ្ឋ​ផ្នែក​ហិរញ្ញវត្ថុ ដែល​នឹង​រួមចំណែក​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច ប្រកបដោយ​បរិ​យាប​ន្ន​។ ហេតុ​ដូច្នេះហើយ​បានជា​ការ​ទទួលបាន​ចំណេះដឹង ផ្នែក​ហិរញ្ញវត្ថុ​មិនមែន​ជា​ជម្រើស​ទៀត​ទេ ប៉ុន្ដែ​ជា​តម្រូវ​ការចាំបាច់​បំផុត​។

ចំណែក​លោកស្រី នាវ ច័ន្ទ​ថា​ណា ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ឲ្យ​ដឹង​ថា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សំដៅលើ​ចំណេះដឹង និង​ជំនាញ​គ្រប់គ្រង​ក្នុង​ការ​ចាត់ចែង និង​ការ​ធ្វើ​ការ​ផ្នែក​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹមត្រូវ និង​ឆ្លាត​វៃ​។ ចំណេះដឹង និង​ជំនាញ​នេះ ជា​ផ្នែក​សំខាន់​មួយ​នៃ​ជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​។

លោកស្រី​បន្ដ​ថា «​ជាទូទៅ​ប្រជាជន​មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​មាន​សមត្ថភាព​សម្រេចចិត្ត​បាន ប្រសើរ​ជាង​ប្រជាជន​ដែល​ពុំ​មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ នឹង​រួមចំណែក​លើកកម្ពស់​កម្រិត​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ដោយ​ជំរុញ​ឲ្យ​ប្រជាជន​អាច​ទទួលបាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ឲ្យ​បាន​កាន់តែច្រើន​»​។

លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា ឲ្យ​ដឹងថា​ កត្តា​ដែល​ជំរុញ​ឲ្យ​ធនាគារជាតិ ផ្ដោត​សំខាន់​លើ​ស្ដ្រី ព្រោះ​តាមរយៈ​ការសិក្សា​ជាច្រើន​បញ្ជាក់​ថា ស្ដ្រី​បើ​មាន​ធនធាន គឺ​ចាយវាយ​ច្រើន​ទៅលើ​គ្រួសារ លើ​ការអប់រំ​កូន​ជាដើម​។ ចំណែកឯ​បុរស​វិញ​ចាយវាយ​លើ​ការសិក្សា​, លើ​សុខាភិបាល​កូន តែ​ចំណែក​នៃ​ការ​ចំណាយ​របស់​បុរស​មាន​តិច​ជាង​ស្ដ្រី​។ កត្តា​ទាំងនេះ​ដែល​យើង​ចង់​ជំរុញ​ឲ្យ លទ្ធភាព​ស្ដ្រី​ឲ្យ​មាន​ភាពរឹងមាំ ក្នុង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu