ភ្នំពេញ ៖ តារាចម្រៀងស្រីរូបស្រស់វ័យក្មេង កញ្ញា ធា រ៉ានី ដែលត្រូវគេស្គាល់តាមរយៈ បទ”អូនដឹង”គ្រាន់តែចេញAudio មានViews5Mនោះ ពេលនេះ តារាស្រីរូបនេះ បានចេញ៤បទថែមទៀត ដើម្បីអបអរឱកាសពិធីបុណ្យឆ្នាំថ្មីនៅផលិតកម្មហ្គោលមានដូចជា ៖ បទ”ក្រមុំស្រុកស្រែ”,”គន់មើលផ្កាយ”,”កម្ពុជាសួស្ដី” និងបទ”គេចាក់បទអីរាំបទហ្នឹង”។
បើតាមការឲ្យដឹងពី កញ្ញា ធា រ៉ានី លើកឡើងថា កន្លងមកនាងចូលចិត្តច្រៀងតែបទស្លូតៗ ព្រោះសំឡេងនាងស៊ីបទសង់ទីម៉ង់ តែពេលនេះ នាងបានផ្លាស់ប្ដូរមកច្រៀងបទញាក់ និង រាំទៀតអញ្ចឹងវាមិនស្រួលប៉ុន្មានទេ តែជាបទពិសោធន៍ថ្មីមួយ ហើយក្នុងនាមនាងជាតារាចម្រៀងម្នាក់ គឺចង់ច្រៀងឲ្យបានគ្រប់ទម្រង់ទាំងអស់។ នាងថា ខ្ញុំនៅឆ្គងៗខ្លះដែរ មិនទាន់ស៊ាំទេការលេងក្បាច់រាំអីហ្នឹងហើយមុនថតបទញាក់ហ្នឹង ខ្ញុំហាត់រាំបានតែកន្លះម៉ោងអីចឹង រាំមិនទាន់រលូនទេ។ យ៉ាងណាខ្ញុំពេញចិត្តបទចម្រៀងរបស់ខ្ញុំទាំង៤បទ ដែលបានចេញសម្រាប់ចូលឆ្នាំខ្មែរឆ្នាំកុរនេះ ហើយបទដែលពេញចិត្តជាងគេ គឺបទ ”គេចាក់បទអីរាំបទហ្នឹង ដែលនិពន្ធដោយ លោក លាង ស៊ាងលីន”។
កញ្ញា ធា រ៉ានី បានបន្តទៀតថា ទោះបីនាងនៅមិនទាន់ស៊ប់ទៅនឹងការលេងក្បាច់រាំក្ដីតែតាមរយៈរូបសម្រស់គួរឲ្យទាក់ទាញអ្នកចម្រៀងរូបនេះ ពិតជាគួរឲ្យក្នក់ក្នាញ់នៅពេលលេងក្បាច់រាំ និងមានក្រុមរាំអម ហើយកញ្ញាថា នឹងត្រៀមចេញបទចម្រៀងថ្មីៗថែមទៀត ខណៈពេលនេះនាងជាតារាចម្រៀងដែលគ្មានកុងត្រាជាមួយផលិតកម្មណាឡើយ។
តារាចម្រៀងដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង កញ្ញា ធា រ៉ានី បន្ថែមទៀតថា នៅឆ្នាំថ្មីនេះនាងក៏បានវិវត្តន៍ខ្លួនមកជាអ្នកចម្រៀងដែលមានក្រុមរាំអមដូចតារាចម្រៀងល្បីៗផ្សេងទៀតដែរដោយនាងថា នេះជាទីផ្សារតម្រូវ។ ប៉ុន្ដែនៅពេលសួររឿងស្នេហា នាង រ៉ានី បែរជាថាមិនចង់ធ្វើអត្ថាធិប្បាយរឿងបេះដូងទៅវិញ៕
Source: Kampuchea Thmey Daily
0 Comments