ការប្រយុទ្ធគ្នាសម្រាប់រដ្ឋធានីរបស់ប្រទេសលីប៊ីបានកើនឡើងខ្លាំងខណៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាកាលពីថ្ងៃពុធដើម្បីពិភាក្សាអំពីវិបត្តិដែលកំពុងញាំញីប្រទេសអាហ្វ្រិកខាងជើងមួយនេះដែលជាកន្លែងគូប្រជែងប្រដាប់ដោយអាវុធបានជាប់នៅក្នុងការតស៊ូដណ្ដើមអំណាច។
កិច្ចពិភាក្សាបិទទ្វារនៅទីក្រុងញូវយ៉កបានកើតឡើងមួយថ្ងៃបន្ទាប់ពីអង្គការសហប្រជាជាតិផ្អាកសន្និសីទជាតិលីប៊ីដែលមានគោលបំណងរៀបចំផែនការបោះឆ្នោតមួយដោយសារតែមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅច្រកចូលទីក្រុងទ្រីប៉ូលី។
ប្រទេសលីប៊ីត្រូវរងគ្រោះដោយការបែកបាក់ចាប់តាំងពីការផ្តួលរំលំជនផ្តាច់ការ Moamer Kadhafi ក្នុងឆ្នាំ២០១១ដែលក្រុមប្រដាប់អាវុធជាច្រើននិងរដ្ឋាភិបាលស្របគ្នាចំនួនពីរកំពុងប្រកួតប្រជែងដណ្តើមទឹកដីនិងទ្រព្យសម្បត្តិប្រេង។
ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាត្រូវបានគេឮកាលពីថ្ងៃពុធក្នុងសង្កាត់ Ain Zara នៅតំបន់ភាគអាគ្នេយ៍នៃជាយក្រុងទ្រីប៉ូលីខណៈកងកម្លាំងយោធារបស់បុរសខ្លាំង Khalifa Haftar បានបើកការវាយប្រហារមួយដែលមានបំណងដណ្តើមយករដ្ឋធានីពីរដ្ឋាភិបាលជាតិ (GNA) ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។
អំពើហិង្សាបានផ្លាស់ទីលំនៅរបស់មនុស្សរាប់ពាន់នាក់រួចទៅហើយនិងបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់។
អឌ្ឍចន្ទក្រហមលីប៊ីបាននិយាយថាខ្លួនបានជម្លៀសជនស៊ីវិលកាលពីព្រឹកថ្ងៃពុធប៉ុន្តែរហូតមកដល់ពេលនេះអាចចូលបានតែក្នុងកន្លែងប្រយុទ្ធដែលត្រូវបានគ្រប់គ្រងដោយ GNA ប៉ុណ្ណោះ។
ជាមួយការដឹកនាំដោយលោក Fayez al-Sarraj, អាជ្ញាធររបស់ GNA មិនត្រូវបានទទួលស្គាល់ដោយរដ្ឋបាលនៅភាគខាងកើតនៃប្រទេសដែលត្រូវបានចងសម្ព័ន្ធភាពជាមួយលោក Haftar នោះទេ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចាប់ផ្តើមកិច្ចប្រជុំបិទទ្វារដើម្បីពិចារណាជំហានបន្ទាប់ខណៈក្រុមអ្នកការទូតបាននិយាយថា ចក្រភពអង់គ្លេសកំពុងពិភាក្សាអំពីដំណោះស្រាយដែលអាចធ្វើទៅបាន។
ឯកអគ្គរាជទូតអង់គ្លេសលោក Karen Pierce បានប្រាប់ក្រុមអ្នកយកព័ត៌មានមុនកិច្ចចរចាថា “យើងយល់ស្របជាមួយលោកអគ្គលេខាធិការថា គួរតែមានបទឈប់បាញ់គ្នាមួយប៉ុន្តែនៅពេលនេះ យើងមិនមានពង្រាងសេចក្តីសម្រេចទេ”៕ AFP
Source: Kampuchea Thmey Daily
0 Comments