លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានស្វែងរកការបង្កើតរដ្ឋាភិបាលចម្រុះស្តាំនិយមមួយនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតអ៊ីស្រាអែល បើទោះបីជាមានការប្រកួតប្រជែងយ៉ាងខ្លាំងពីសម្ព័ន្ធភាពនិយមកណ្តាលក៏ដោយ។
លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអង្គារបានកើតឡើងថ្វីបើមានការចោទប្រកាន់ពីអំពើពុករលួយប្រឆាំងនឹងនាយករដ្ឋមន្ត្រីវ័យ៦៩ឆ្នាំរូបនេះក៏ដោយហើយគាត់កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ការក្លាយជានាយករដ្ឋមន្ត្រីដែលបម្រើការយូរបំផុតរបស់អ៊ីស្រាអែលនៅចុងឆ្នាំនេះ។
គណបក្សឆ្វេងនិយម Likud របស់លោក Netanyahu នឹងបញ្ចប់ទៅជាមួយអាសនៈសភាក្នុងចំនួនស្រដៀងគ្នាជាមួយគូប្រជែងសំខាន់របស់លោកគឺគណបក្សនិយមកណ្តាល Blue and White របស់អតីតមេបញ្ជាការយោធាលោក Benny Gantz។
ប៉ុន្តែលទ្ធផលបានបង្ហាញថា គណបក្ស Likud រួមជាមួយគណបក្សស្តាំនិយមដទៃទៀតដែលមានសម្ព័ន្ធភាពជាមួយលោកនាយករដ្ឋមន្ត្រីគឺនឹងកាន់កាប់អាសនៈចំនួន៦៥នៅក្នុងសភាដែលមាន១២០អាសនៈ។
លោក Gantz បានទទួលស្គាល់បរាជ័យកាលពីរាត្រីថ្ងៃពុធហើយលទ្ធផលផ្លូវការចុងក្រោយត្រូវបានគេរំពឹងថានឹងប្រកាសនៅថ្ងៃសុក្រ។
លទ្ធផលនេះបានធ្វើឲ្យលោកប្រធានាធិបតី Reuven Rivlin មានជម្រើសតិចតួចប៉ុន្តែត្រូវតែជ្រើសរើសយកលោក Netanyahu ។
ការចរចាដ៏តឹងតែងអំពីរដ្ឋាភិបាលចម្រុះអាចអូសបន្លាយពេលច្រើនថ្ងៃឬច្រើនសប្តាហ៍។
លោក Rivlin បាននិយាយថា លោកនឹងចាប់ផ្តើមពិភាក្សាជាមួយប្រធានគណបក្សនៅសប្តាហ៍ក្រោយមុនពេលធ្វើការសម្រេចចិត្ត។
ការិយាល័យរបស់លោកបាននិយាយថា ការពិគ្រោះយោបល់នឹងត្រូវផ្សាយផ្ទាល់ទាំងស្រុងជាលើកដំបូង។
ការប្រកួតប្រជែងយ៉ាងប្រកៀកប្រកិតរវាងគណបក្សសំខាន់ទាំងពីរបាននាំឲ្យមានភាពមិនប្រាកដប្រជាបន្ទាប់ពីការបោះឆ្នោតបានបិទកាលពីយប់ថ្ងៃអង្គារ។
ទាំងលោក Netanyahu និងលោក Gantz បានអះអាងអំពីជ័យជម្នះបន្ទាប់ពីការបោះឆ្នោត៕ AFP
Source: Kampuchea Thmey Daily
0 Comments