ក្រុមប៉ូលិសនូវែលហ្សេឡង់រំពឹងថា អាវុធប្រមាណជារាប់ម៉ឺនដើមនឹងត្រូវបានប្រគល់ឲ្យនៅក្នុងគម្រោងទិញកាំភ្លើងត្រលប់មកវិញមួយបន្ទាប់ពីសភាបានអនុម័តច្បាប់កាំភ្លើងថ្មីដ៏តឹងរ៉ឹងក្រោយការបាញ់ប្រហារសម្លាប់រង្គាលអាក្រក់បំផុតរបស់ប្រទេសនេះ។
ក្រុមអ្នកតាក់តែងច្បាប់ក្នុងប្រទេសនូវែលហ្សេឡង់បានបោះឆ្នោតសឹងតែឯកច្ឆន្ទកាលពីថ្ងៃពុធដើម្បីផ្លាស់ប្តូរច្បាប់កាំភ្លើង, តិចជាងមួយខែបន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្សចំនួន៥០នាក់នៅក្នុងការវាយប្រហារលើវិហារឥស្លាមពីរកន្លែងនៅក្នុងទីក្រុង Christchurch។
ច្បាប់ថ្មីនេះបានរារាំងចរាចរនិងការប្រើប្រាស់អាវុធពាក់កណ្តាលស្វ័យប្រវត្តិ ឡតដាក់គ្រាប់កាំភ្លើងលើសមត្ថភាពនិងកាំភ្លើងវែងខ្លះ។ នេះរួមបញ្ចូលទាំងកាំភ្លើងដែលត្រូវបានប្រើប្រាស់ដោយជនសង្ស័យក្នុងការបាញ់ប្រហារនៅទីក្រុង Christchurch ផងដែរ។
រដ្ឋមន្ត្រីក្រសួងប៉ូលិសលោក Stuart Nash បានប្រាប់សភាថា ច្បាប់នេះបានផ្តល់ការលើកលែងទោសមួយរហូតដល់ថ្ងៃទី៣០ខែកញ្ញាសម្រាប់អ្នកដែលប្រគល់សម្ភារៈហាមឃាត់។ អាវុធជាង៣០០ដើមត្រូវបានប្រគល់រួចទៅហើយ។
ស្នងការរងលោក Michael Clement បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍ថា ពួកគេមិនប្រាកដថាតើមានកាំភ្លើងប៉ុន្មានដើមដែលពួកគេនឹងទទួលបាននោះទេដោយសារតែប្រទេសនូវែលហ្សេឡង់គ្មានច្បាប់ដែលតម្រូវឲ្យមនុស្សចុះបញ្ជីកាំភ្លើង។
យោងតាមគេហទំព័រ gunpolicy.org បានឲ្យដឹងថា មានកាំភ្លើងប្រមាណពី១.២ទៅ១.៥លានដើមនៅក្នុងប្រទេសនូវែលហ្សេឡង់។ ក្នុងចំណោមទាំងនេះ រដ្ឋាភិបាលបាននិយាយថា កំណត់ត្រាអាជ្ញាប័ណ្ណបានបង្ហាញថា មានអាវុធចំនួន១៣,៥០០ដើមគឺជាកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិបែបយោធា (MSSA)។ ប៉ុន្តែចំនួននេះអាចខ្ពស់ជាងនេះ។
លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានប៉ាន់ប្រមាណថា គំរោងទិញកាំភ្លើងត្រលប់មកវិញនេះនឹងធ្វើឲ្យរដ្ឋាភិបាលខាតបង់ទឹកប្រាក់ចន្លោះពី១០០ទៅ២០០លានដុល្លារនូវែលហ្សេឡង់ប៉ុន្តែរដ្ឋមន្ត្រីដទៃទៀតបានព្រមានថា ការចំណាយអាចនឹងខ្ពស់ជាងនេះអាស្រ័យលើចំនួនកាំភ្លើងដែលត្រូវបានប្រគល់ទៅឲ្យប៉ូលិស៕ REUTERS
Source: Kampuchea Thmey Daily
0 Comments