រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃពុធថា លោកបានជំរុញឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោះលែងពលរដ្ឋអាមេរិកដែលត្រូវបានឃុំខ្លួនក្នុងការបង្ក្រាបលើសកម្មជនសិទិ្ធនារីនៅក្នុងប្រទេសនេះ។
លោក Pompeo បាននិយាយថា លោកបាននិយាយផ្ទាល់ទៅកាន់មន្ត្រីអារ៉ាប៊ីសាអ៊ូឌីតអំពីគ្រប់ជនជាតិអាមេរិកដែលលោកដឹងថាត្រូវបានចាប់ឃុំខ្លួនដោយមិនត្រឹមត្រូវ។
លោក Pompeo ប្រាប់គណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាថា “យើងបានជំរុញពួកគេឲ្យធ្វើការសម្រេចចិត្តល្អជាងមុនដោយនិយាយថា អ្នកទាំងនោះចាំបាច់ត្រូវតែដោះលែង”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Pompeo បានបដិសេធប្រាប់ឈ្មោះពលរដ្ឋអាមេរិកដែលត្រូវបានចាប់ខ្លួនដោយអារ៉ាប៊ីសាអ៊ូឌីត។ ប៉ុន្តែលោកត្រូវបានសួរអំពីលោក Salah al-Haidar ដែលជាកូនប្រុសរបស់សកម្មជនសិទ្ធិនារីដ៏លេចធ្លោឈ្មោះ Aziza al-Yousef ដោយសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យឈ្មោះTim Kaine ដែលនិយាយថាលោក Haidar រស់នៅក្នុងរដ្ឋ Virginia។
ក្រៅពីលោក Haidar, សកម្មជនបាននិយាយថា កូនកាត់អាមេរិក-អារ៉ាប៊ីសាអ៊ូឌីតដែលជាប់ឃុំឃាំងម្នាក់ទៀតគឺជាអ្នកនិពន្ធនិងជាវេជ្ជបណ្ឌិតឈ្មោះ Bader al-Ibrahim ។
រឿងហេតុចុងក្រោយបំផុតនេះបានចាប់ផ្តើមកាលពីសប្តាហ៍មុនបន្ទាប់ពីស្ត្រីចំនួន១១នាក់រួមទាំង Yousef ផងដែរបានវិលត្រលប់ទៅតុលាការវិញដើម្បីប្រឈមនឹងការចោទប្រកាន់ដែលរួមមានទាំងពីបទទាក់ទងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយបរទេស អ្នកការទូតបរទេសនិងក្រុមសិទ្ធិមនុស្សបរទេសផងដែរ។ ស្ត្រីមួយចំនួនបានចោទប្រកាន់ថា បានរងការធ្វើទារុណកម្មរួមទាំងការរំលោភបំពានផ្លូវភេទផងដែរនៅក្នុងពន្ធនាគារ។
ស្ត្រីទាំងនោះបានធ្វើយុទ្ធនាការដើម្បីសិទ្ធិក្នុងការបើកបរនិងដើម្បីលុបបំបាត់ប្រព័ន្ធអាណាព្យាបាលដែលផ្តល់សិទ្ធិអំណាចដល់បុរសជាងស្ត្រី។
អារ៉ាប៊ីសាអ៊ូឌីតបានប្រឈមមុខនឹងការរិះគន់យ៉ាងក្តៅគគុកពីសមាជិកសភាអាមេរិកបន្ទាប់ពីការសម្លាប់អ្នកកាសែតឈ្មោះ Jamal Khashoggi នៅក្នុងស្ថានកុងស៊ុលប្រចាំទីក្រុងអ៊ីស្តង់ប៊ុលកាលពីខែតុលា៕ AFP
Source: Kampuchea Thmey Daily
0 Comments