ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសរំលេចអំពីសមិទ្ធផលឆ្នាំចាស់និងខិតខំពុះពារគ្រប់បែបយ៉ាងជាបន្តទៀតដើម្បីបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈឲ្យបានកាន់តែរឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយមស្របតាមបាវចនាជាតិ សាសនាព្រះមហាក្សត្រ និង ការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋទាំងមូលសម្រេចបាននាពេលកន្លងទៅ។ បន្តធ្វើការកែទម្រង់ស៊ីជម្រៅតាមអភិក្រម “ឆ្លុះកញ្ចក់ងូតទឹក ដុះក្អែល ព្យាបាលនិងវះកាត់”។
សម្តេចតេជោ ហ៊ុន សែន បានរំលេចនូវសមិទ្ធផលឆ្នាំចាស់ និង ការប្តេជ្ញាឆ្នាំថ្មីនេះនៅក្នុងសារលិខិតជូនជនរួមជាតិនៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភាដែលបានប្រសូតចេញពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅក្នុងលក្ខណៈសេរីយុត្តិធម៌ត្រឹមត្រូវតម្លាភាពនិងក្នុងបរិយាកាសស្ថិរភាព នយោបាយ ស្របទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដោយមានប្រជាពលរដ្ឋចូលរួមរហូតដល់ ៨៣,០២ភាគរយនៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបាននឹងកំពុងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយនិងការប្ដេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយនឹងកាន់តែស្វាហាប់ជាងពេលណាៗទាំងអស់ក្នុងការបម្រើប្រជាជនធ្វើដងក៏ដូចជាការពន្លឿនកិច្ចអភិវឌ្ឍន៍និងជំរុញអនុវត្តការកែទម្រង់កាន់តែស៊ី ជម្រៅ និងទូលំទូលាយក្នុងគ្រប់វិស័យឆ្ពោះទៅរកអនាគតមួយដ៏រុងរឿងស្របតាមឆន្ទៈនិងបំណង ប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជននៅទូទាំងប្រទេស»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា បើទោះបីកម្ពុជាបានប្រឈមនឹងឧបសគ្គគ្រប់បែបយ៉ាងទាំងក្នុងនិងក្រៅប្រទេសក៏ដោយក៏រាជរដ្ឋាភិបាលបន្តកសាងប្រទេសជាតិឲ្យមានវឌ្ឍនភាពលើគ្រប់វិស័យការពារឲ្យបានឯករាជ្យជាតិ សន្តិភាពអធិបតេយ្យ និងបូរណភាពទឹកដីការពារសមិទ្ធផលសង្គមជាតិទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាប្រឆាំងដាច់ខាតរាល់សកម្មភាពដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ឬការញុះញង់ណាមួយបង្កឲ្យមានអស្ថេរភាពនយោបាយ ឬ ចលាចលនៅក្នុងសង្គមជាតិកម្ពុជា។ ជាលទ្ធផលកម្ពុជារក្សាបាននូវសុខសន្តិភាពឯករាជ្យជាតិនិងអធិបតេយ្យភាពរបស់ខ្លួនព្រមទាំងបញ្ជាបាននូវគ្រោះមហន្តរាយជាថ្មីសម្រាប់ពលរដ្ឋកម្ពុជាដែលកំពុងចូលរួមយ៉ាងសស្រាក់សស្រាំក្នុងជីវភាព រស់នៅប្រចាំថ្ងៃនិងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចតេជោបានបន្តថា ដោយឈរលើមូលដ្ឋានដែលប្រទេសជាតិមានសន្តិសុខនិងសន្តិភាពពេញលេញនេះក្នុងឆ្នាំ២០១៨កន្លងទៅតាមការប៉ាន់ស្មានសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ៧,៥%។ កំណើនដ៏រឹងមាំនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្ត សាល សំណង់កសិកម្មនិងសេវាកម្មដូចជាទេសចរណ៍និងអចលនទ្រព្យជាដើម។ គួរកត់សម្គាល់ថា កម្ពុជាកំពុងតែផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្មនិងសេវាកម្ម។ កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ននិងធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាពហើយបានជំរុញលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចភាពប្រកួតប្រជែងព្រមទាំងការផលិតនិងការប្រើប្រាស់ក្នុងស្រុក។ ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណជាង ២៩.៨០០ លានដុល្លារចំណែកឯការនាំចេញមានប្រមាណជាង ១២.៨០០លានដុល្លារ។ អត្រាប្ដូរប្រាក់មានស្ថិរភាពអត្រាអតិផរណាស្ថិតក្នុងកំរិតទាបនិងអាចគ្រប់គ្រងបានទុនបម្រុងអន្តរជាតិបានកើនជារៀងរាល់ឆ្នាំអាស្រ័យដោយវិនិយោគផ្ទាល់ពីបរទេសមានកំណើនល្អនិងតុល្យភាពជញ្ជីងទូទាត់ក៏មានភាពកាន់តែប្រសើរឡើងដែរ។
កម្រិតជីវភាពរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរដែលបង្ហាញឲ្យឃើញតាមរយៈសូចនាករសង្គម ជាពិសេសការកើនឡើងនៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស)ជាមធ្យមសម្រាប់មនុស្សម្នាក់ពី១០៤២ដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ដល់១៥៦៣ ដុល្លារអាមេរិចក្នុងឆ្នាំ ២០១៨។ អត្រាផ្កាយក្រោយមានការធ្លាក់ចុះយ៉ាងខ្លាំងពី ៥៣,៥%ក្នុងឆ្នាំ ២០០៤ បានធ្លាក់មកក្នុងរង្វង់ ៩% ក្នុងឆ្នាំ ២០១៨ នឹងបន្តធ្លាក់ចុះថែមទៀតនៅឆ្នាំ២០១៩ នេះ ហើយគម្លាតនៃប្រាក់ចំណូលរបស់ប្រជាជនក៏មានការធ្លាក់ចុះជាលំដាប់ផងដែរ។ ទន្ទឹមនេះរាជរដ្ឋាភិបាលក៏បានរៀបចំបង្កើនប្រាក់ចំណូលជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធឲ្យទទួលបាននូវប្រាក់បៀវត្សកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំដែលក្នុងឆ្នាំ ២០១៨ កន្លងទៅប្រាក់បៀវត្សរបស់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធបានកើតដល់ជាង ១ លានរៀលហើយការបើកបៀវត្សបានធ្វើទាន់ពេលវេលាគឺបើកពីរដងក្នុងមួយខែតាមប្រព័ន្ធធនាគារ។
ក្នុងឆ្នាំកន្លងទៅរាជរដ្ឋាភិបាលសម្រេចបានការងារធំៗជាច្រើនវិស័យក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានត្រូវបានបន្តអនុវត្តជាប់ជាប្រចាំស្របតាមការអនុវត្តយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី ៤ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូននិងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។រហូតមកដល់បច្ចុប្បន្នសមិទ្ធផលជាច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធត្រូវបានរាជរដ្ឋាភិបាលសម្រេចបានក្នុងនោះមានផ្លូវជាតិផ្លូវខេត្តផ្លូវលំជនបទស្ពានឆ្លងកាត់ទន្លេស្ពានអាកាសក្នុងរាជធានីភ្នំពេញ។ល។
ជាក់ស្តែងក្នុងឆ្នាំ ២០១៨កន្លងទៅរដ្ឋាភិបាលបានដាក់ឲ្យដំណើរការផ្លូវជាតិលេខ ៦ ដែលមានប្រវែងវែង ២៤៨ ,៥៣គីឡូម៉ែត្រចាប់ពីថ្នល់កែងខេត្តកំពង់ចាមដល់អង្ក្រងខេត្តសៀមរាប ,ផ្លូវជាតិលេខ ៥៨ ដែលមានប្រវែង១៧៤,១៦គីឡូម៉ែត្រចាប់ប៉ោយប៉ែតខេត្តបន្ទាយមានជ័យដល់ក្រុងសំរោងខេត្តឧត្ដរមានជ័យ ចំណតកំពង់ផែពហុបំណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុខេត្តព្រះសីហនុស្ពានឆ្លងកាត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិង ព្រះរាជាណាចក្រថៃពីភូមិស្ទឹងបត់ក្រុងប៉ោយ ប៉ែតខេត្តបន្ទាយមានជ័យទៅភូមិ ណងអៀន ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលមានប្រវែង ១៣០ម៉ែត្រស្ពានមិត្តភាពកម្ពុជា-ជប៉ុនស្ពាន(ជ្រោយចង្វារទី១)ដែលមានប្រវែង៩៧១ម៉ែត្រថ្មីៗនេះនិងបានបើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុដែលមានប្រវែង ១៩០ គីឡូម៉ែត្រដែលភ្ជាប់ពីភូមិ១សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដល់ភូមិ ១ សង្កាត់លេខ៣ក្រុងព្រះសីហនុខេត្តព្រះសីហនុកាលពីថ្ងៃទី ២២ ខែមីនាឆ្នាំ ២០១៩ ហើយចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារអាមេរិកក្រោមរូបភាពសាងសង់ធ្វើអាជីវកម្មនិងផ្ទេរ (B.O.T) ដែលនឹងក្រុងបញ្ចប់រយៈពេល ៤៨ខែ។
ចំពោះវិស័យថាមពលអគ្គិសនីវិញនៅឆ្នាំ ២០១៨ កន្លងទៅបរិមាណផ្គត់ផ្គង់ដោយវារីអគ្គិសនីនិងរោង ចក្រអគ្គិសនីដុតធ្យូងថ្មដែលជាប្រភពថាមពលផ្ទាល់របស់កម្ពុជា សម្រេចបានជាង ៩,៦ ពាន់លានគីឡូវ៉ាត់ម៉ោង បានកើនឡើងប្រមាណ ២៤,៨៩ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៧ ។ការតភ្ជាប់ខ្សែបណ្តាញចរន្តឲ្យដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់អគ្គិសនីរហូតមកដល់ឆ្នាំ២០១៨ នេះចំពោះគេហដ្ឋានប្រជាពលរដ្ឋសុទ្ធសាធ បានកើនដល់ប្រមាណ ២,៥៥ លានខ្នងផ្ទះត្រូវជាប្រមាណ ៧២ ,១៦% នៃចំនួនផ្ទះសរុបប្រមាណ ៣,៣៨លានខ្នងនិងគ្រប់ដណ្ដបដោយភូមិប្រមាណ ៨៧ ភាគរយនៃចំនួនភូមិសរុប ១៤,៣៨៣ ភូមិនៅទូទាំងព្រះរាជា ណាចក្រកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំ ២០១៨ កន្លង ទៅរាជរដ្ឋាភិបាលបានដាក់ឲ្យដំណើរការវារីអគ្គិសនីសេសានក្រោម ២ មានអានុភាព ៤00 មេហ្គាវ៉ាត់នៅស្រុកសេសានខេត្តស្ទឹងត្រែង។
សម្រាប់ការបង្កបង្កើនផលដំណាំស្រូវនៅទូទាំងប្រទេសព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យបរិមាណផលិតផលស្រូវរដូវវស្សានិងស្រូវរដូវប្រាំងសម្រេចបានប្រមាណជាង១០,៦ លានតោនកើនឡើងជាងផលិតផលស្រូវវស្សានិងស្រូវរដូវប្រាំងក្នុងឆ្នាំកន្លងប្រមាណ២,៦៣%និងសល់ស្រូវជាង ៦,២លានតោនគិតជាអង្ករប្រមាណជា ៤ លានតោនសម្រាប់បម្រើឲ្យការនាំចេញ។ រីឯការនាំចេញអង្ករទៅទីផ្សារបរទេសបានជាង ៦២ ម៉ឺនតោន។
រហូតមកដល់បច្ចុប្បន្ននៅកម្ពុជាវិស័យឧស្សាហកម្មនិងសិប្បកម្មបានលេចឡើងជាបន្តបន្ទាប់។ រោងចក្រសរុបចំនួនជាង១.៥០០រោងចក្រដែលភាគច្រើនជារោងចក្រកាត់ដេរសំលៀកបំពាក់ស្បែកជើងនិងមានឧស្សាហកម្មមធ្យមនិងសិប្បកម្មជាង ១៥៦,៨៩០ មូលដ្ឋានហើយដែលបានស្រូបកម្លាំងពលករសរុបប្រមាណជាង ១ លាននាក់។ ស្របនឹងការរីកចម្រើនវិស័យឧស្សាហកម្មនិងសិប្ប កម្មរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើជីវភាព រស់នៅចំពោះកម្មករនិយោជិតដោយបានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង កើនឡើង ដល់ ១៨២ ដុល្លារអាមេរិកហើយបើកពីរដងក្នុងមួយខែនៅឆ្នាំ ២០១៩ ដែលមិនទាន់គិតដល់ការទទួលបាននូវអត្ថប្រយោជន៍បន្ថែមផ្សេងទៀតពីការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។
ជាមួយនេះរាជរដ្ឋាភិបាលបានគិតគូរនិងដោះស្រាយជូនបងប្អូននិយោជិតកម្មករកម្មការិនីនូវអត្ថប្រយោជន៍ជាច្រើនទៀតដូចជាការពិនិត្យសុខភាពការព្យាបាលជំងឺដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរបស់រដ្ឋ ការផ្ដល់នូវរបបឧបត្ថម្ភមាតុភាពចំនួន ៤0 ម៉ឺនរៀលសម្រាប់ការសម្រាលបានកូន ១ និងការធ្វើដំណើរតាមរថយន្តក្រុងសាធា រណៈដោយមិនគិតថ្លៃផងដែរ។ ទន្ទឹមនេះរាជរដ្ឋាភិបាលក៏បាននឹងកំពុងជួយពលករកម្ពុជាដែលធ្វើការនៅបរទេសមានប្រមាណជាង ១,២ លាននាក់មានជាអាទិ៍ប្រទេសថៃ សាធារណរដ្ឋកូរ៉េប្រទេសម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និង ហុងកុង ក្នុងការធានានូវផលប្រយោជន៍ស្របច្បាប់និងមុខជំនា ញបច្ចេកទេស។
វិស័យសំណង់រីកលូតលាស់ដោយមានអគារខ្ពស់ប្រមាណជាង ១,០៨០ អគារចាប់ពី ៥ ជាន់ទៅ ៤0 ជាន់ឡើង ក្នុងរាជធានីភ្នំពេញនិងនៅតាមបណ្ដាខេត្តមួយចំនួន។ ភ្ញៀវទេសចរអន្តរជាតិក៏បានចូលមកព្រះរាជាណាចក្រកម្ពុជាមានចំនួនប្រមាណ ៦,២លាននាក់កើនឡើងប្រមាណ១០,៧ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ បានបង្កើតការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៦២ម៉ឺននាក់និងដោយប្រយោលប្រមាណជាង ១ លាននាក់។ ចំណូលពីវិស័យទេសចរណ៍បានប្រមាណ ៤,៤៥៦ លានដុល្លារអាមេរិក មានការកើនឡើង ១៥.១៣ភាគរយ ហើយចំណូលពីការលក់ប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរទទួលបានប្រមាណ ១១៦ លានដុល្លារអាមេរិក ដែលមានភ្ញៀវទេសចរអន្តរជាតិចូលទស្សនាប្រមាណ ២,៦លាននាក់កើន ៥,៤៥ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៧ ។ នេះសបញ្ជាក់ឲ្យឃើញពីការរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពនិងសន្តិភាពនៅទូទាំងប្រទេសដោយអនុវត្តនូវវិធានការច្បាប់ដោយម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល។
ចំពោះការងារការបរទេសវិញរាជរដ្ឋាភិបាលបានខិតខំបំពេញបេសកកម្មការទូតនៅលើឆាកអន្តរ ជាតិនិងកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យ ដោយទទួលបាននូវលទ្ធផលប្រកបដោយផ្លែផ្កាជាអាទិ៍កិច្ចប្រជុំទូទៅលើកទី ៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនិងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី ១២កាលពីថ្ងៃទី ១៨ ដល់១៩ខែតុលា ២០១៨នៅទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក ហើយកិច្ចប្រជុំនេះក៏បានអនុម័តគាំទ្រឲ្យព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ឆ្នាំ ២០២០។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានចូលរួមចំណែកបញ្ជូនកងយោធពលខេមរភូមិន្ទជាបន្តបន្ទាប់ទៅចូលរួមបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋលីបង់សាធារណរដ្ឋស៊ូដង់ខាងត្បូង សាធារណរដ្ឋម៉ាលី និង សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ដែលមកដល់បច្ចុប្បន្នមានចំនួន ៨១៣នាក់ក្នុងនោះស្រី ៦៦ នាក់។
រាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងទៅនេះគឺអាស្រ័យដោយមានការដឹកនាំខាងនយោបាយត្រឹមត្រូវប្រកបដោយឆន្ទៈមោះមុតមានការចូលរួមគាំទ្រពីសមាជិកសមាជិកានៃស្ថាប័ននីតិបញ្ញត្តិសមាជិកសមាជិការាជរដ្ឋាភិបាលមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការបំពេញភារកិច្ចរបស់ខ្លួននិងការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋទូទាំងប្រទេសព្រមជាមួយនឹងការជួយឧបត្ថម្ភគាំទ្រដោយចិត្តស្មោះសពីបណ្ដាប្រទេសជាមិត្តដៃគូអភិវឌ្ឍន៍និងសហគមន៍អន្តរជាតិផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបន្តថា សម្រាប់ឆ្នាំថ្មីនេះរាជរដ្ឋាភិបាលនឹងខិតខំពុះពារគ្រប់បែបយ៉ាងជាបន្តទៀតដើម្បីបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានរឹងមាំការពាររដ្ឋធម្មនុញ្ញការពាររបបរាជានិយមស្របតាមបាវចនាជាតិ ជាតិ សាសនា ព្រះមហាក្សត្រនិងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋទាំមូលបានសម្រេចកន្លងទៅ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលនឹងបន្តការធ្វើកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅតាមអភិក្រម «ឆ្លុះកញ្ចក់ ងួតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ក្នុងនោះមានការពង្រឹងអភិបាលកិច្ចល្អតាមរយៈការពង្រឹងស្ថាប័នជាតិនិងថ្នាក់ក្រោមជាតិការធ្វើកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការនិងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយការអភិវឌ្ឍធនធានមនុស្សកែលម្អប្រព័ន្ធអប់រំឱ្យកាន់តែមានគុណភាពខ្ពស់ការលើកកម្ពស់ប្រព័ន្ធការពារសង្គមការលើកកម្ពស់គុណភាពសេវាសុខាភិបាលនិងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សំណង់ ផ្លូវ ស្ពាន ធារាសាស្ត្រព្រមទាំងបង្កើនប្រភពថាមពលអគ្គិសនី ដើម្បីបន្តការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម សេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យកសិកម្ម៕
Source: Kampuchea Thmey Daily
0 Comments