ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា នៅកម្ពុជាមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបង្កើតឡើងតាមច្បាប់ មានប្រមាណជាង៥៣០០អង្គភាព ដែលឆ្លុះបញ្ចាំងពីសិទ្ធិសេរីភាពយ៉ាងទូលំទូលាយ ប៉ុន្តែនៅមានមួយចំនួនតូច បានព្យាយាមប្រឆាំងទៅនឹងច្បាប់ ក្នុងបំណងបិទបាំងអំពើពុករលួយរបស់ខ្លួន។
លោក សុខ ឥសាន លើកឡើងយ៉ាងនេះថា “សព្វថ្ងៃនេះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានបង្កើតឡើងស្របតាមច្បាប់ មានប្រមាណជាង៥៣០០អង្គភាព ដែលឆ្លុះបញ្ចាំងពីសិទ្ធិសេរីភាពយ៉ាងទូលំទូលាយ ក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ក្នុងចំណោមសមាគម និងអង្គការទាំងជាង៥៣០០នេះ មានសមាគម និងអង្គការដ៏ច្រើនលើសលប់ បានអបអរសាទរ និងស្វាគមន៍ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឡើង ដើម្បីគ្រប់គ្រង និងបង្កលក្ខណៈឲ្យបណ្តាអង្គការ និងសមាគមដំណើរការការងាររបស់ខ្លួន ដោយមានគោលការណ៍ច្បាស់លាស់”។
តាមលោក សុខ ឥសាន ទន្ទឹមនឹងការរៀបចំនេះ ក៏នៅមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច មិនដល់១ភាគរយផង បានថ្នាំងថ្នាក់នឹងវត្តមានច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ហើយនិយាយចោទថា រាជរដ្ឋាភិបាលកម្ពុជារឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ធ្វើបាបបណ្តាសមាគម និងអង្គការរបស់ខ្លួនទៅវិញ ប៉ុន្តែការចោទប្រកាន់លើរាជរដ្ឋាភិបាលនេះ ដោយសារតែពួកគេចង់សេរី ចង់ធ្វើអ្វីស្រេចនឹងចិត្ត ចង់លាក់លៀមតម្លាភាពនៅក្នុងការទទួលជំនួយថវិកាពីបរទេស និងការចាយវាយផ្សេងៗ ព្រមទាំងអំពើពុករលួយ ទើបពួកគេមិនចង់ផ្តល់ច្បាប់ថតចម្លងនៃរបាយការណ៍ចំណាយ ដែលបានផ្តល់ឲ្យម្ចាស់ជំនួយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងនេះចង់ធ្វើអ្វីនៅក្នុងទីងងឹត មិនចង់នៅទីភ្លឺ ហើយចេះតែអួតខ្លួនជាអ្នកប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។ ចំណុចនេះ គេនៅចាំបានថា កាលពីអង្គការសិទ្ធិមនុស្សរបស់ជនជាប់ចោទ កឹម សុខា ធ្វើយុទ្ធនាការមួយ ដែលហៅថាយុទ្ធនាការប្រមូលសំបុត្រស្តីពីអំពើពុករលួយ ដែលយុទ្ធនាការនេះ ធ្វើឡើងតាមផ្លូវពីភ្នំពេញទៅខេត្តសៀមរាប ហើយនៅពេលបើកមើល ស្រាប់តែឃើញសុទ្ធតែអំពើពុករលួយនៅក្នុងអង្គការរបស់ខ្លួនទៅវិញ។ នៅពេលនេះ លោក កឹម សុខា ក៏បិទទៅវិញ ហើយលែងនឹកនាពីបញ្ហាពុករលួយតទៅទៀត តែនៅទីបំផុតអង្គការរបស់លោក កឹម សុខា ត្រូវម្ចាស់ជំនួយផ្តាច់ជំនួយ ហើយបិទជាស្ថាពរ។ ដូច្នេះនេះបានបង្ហាញពីចរិតមិនស្អាតស្អំ នៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលតែងតែស្រែកថា ប្រឆាំងនឹងអំពើពុករលួយនោះ។
លោក កឹម សុខា បញ្ជាក់ទៀតថា “ឥឡូវដើម្បីបិទបាំងអំពើពុករលួយរបស់ពួកគេ គេនាំគ្នាយកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្សមកបិទបាំងម្តងវិញ”។
សូមបញ្ជាក់ថា តាមរបាយការណ៍ក្រសួងមហាផ្ទៃបានឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៩៣ មកដល់ពេលនេះ ប្រទេសកម្ពុជាមានសមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល៥៣៨៦ ប៉ុន្តែក្នុងចំណោមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងនេះ មានប្រហែលជិត២ពាន់ប៉ុណ្ណោះ ដែលបានបំពេញកាតព្វកិច្ច និងផ្តល់ព័ត៌មានគណនីរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំមកក្រសួងពាក់ព័ន្ធ។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអះអាងថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ ក្រសួងការបរទេសបានចុះបញ្ជីអង្គការបរទេសសរុបចំនួន៣៨៦ស្ថាប័ន៕
Source: Kampuchea Thmey Daily
0 Comments