ក្បួនជនអន្តោប្រវេសន៍ថ្មីមួយ ដែលមានជនជាតិហុងឌូរ៉ាសប្រហែលមួយពាន់នាក់បានចេញដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិកកាលពីថ្ងៃពុធដោយផ្គើនទៅនឹងការគំរាមកំហែងពីប្រធានាធិបតីអាមេរិកលោក Donald Trump។
យោងតាមកាកបាទក្រហមបានឲ្យដឹងថា ជនអន្តោប្រវេសន៍ជាង៨០០នាក់ បានមកជួបជុំគ្នាកាលពីល្ងាចថ្ងៃអង្គារនៅទីក្រុង San Pedro Sula មុនពេលធ្វើដំណើរទៅភាគខាងជើងតាមប្រទេសហ្គាតេម៉ាឡាឆ្ពោះទៅប្រទេសម៉ិកស៊ិកនិងព្រំដែនសហរដ្ឋអាមេរិក។
ក្បួននេះដែលបានធ្វើឡើងតាមការអំពាវនាវលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបណ្តាលឲ្យអាជ្ញាធរមានភាពភ្ញាក់ផ្អើលបន្ទាប់ពីការអំពាវនាវស្រដៀងគ្នាចាប់តាំងពីខែកុម្ភៈមកបានបរាជ័យក្នុងការប្រមូលផ្តុំមនុស្សក្នុងតួលេខបែបនេះ។
ក្រុមបែបនេះគឺជាគោលដៅរបស់លោក Trump ដែលបានប្តេជ្ញារឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍និងសាងសង់ជញ្ជាំងដើម្បីបញ្ឈប់ពួកគេពីការចូលក្នុងសហរដ្ឋអាមេរិកតាមរយៈប្រទេសម៉ិកស៊ិក។
ពួកគេប្រហែលពាក់កណ្តាលបាននាំគ្នាឡើងជិះឡានក្រុងធុនតូចដោយឡានមួយចំនួននឹងដឹកពួកគេឆ្ពោះទៅកាន់ទីក្រុង Tecun Uman លើព្រំដែនហ្គាតេម៉ាឡា-ម៉ិកស៊ិកក្នុងតម្លៃ៥១ដុល្លារ។ អ្នកផ្សេងទៀតបានជ្រើសរើសយកការធ្វើដំណើរខ្លីជាងនេះនិងថោកជាងនេះទៅកាន់ទីក្រុង Agua Caliente ដែលជាទីក្រុងមួយស្ថិតនៅតាមព្រំដែនហុងឌូរ៉ាសជាមួយហ្គាតេម៉ាឡា។
ចាប់តាំងពីថ្ងៃទី១៣ខែតុលាមកនៅពេលដែលក្បួនដំបូងនៃមនុស្ស២,០០០នាក់បានចេញដំណើរ, ក្បួននៃជនអន្តោប្រវេសន៍ចំនួនបីផ្សេងទៀតបានចាកចេញពីប្រទេសហុងឌូរ៉ាសឆ្ពោះទៅសហរដ្ឋអាមេរិកដើម្បីស្វែងរកការងារធ្វើឬរត់គេចពីអ្នកជួញដូរគ្រឿងញៀន។
ជនជាតិអាមេរិកកណ្តាលរាប់ពាន់នាក់ បានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិកតាមក្បួននេះចាប់តាំងពីឆ្នាំមុនមកដោយគេចចេញពីភាពក្រីក្រនិងអំពើហិង្សានៅក្នុងប្រទេសកំណើតរបស់ពួកគេ៕ AFP
Source: Kampuchea Thmey Daily
0 Comments