បន្ទាយមានជ័យ ៖ តាមរបាយការណ៍របស់នគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៦ខែមេសា ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើតមានឡើង២ករណី របួសធ្ងន់៣នាក់ និងស្រាល៣នាក់។
លោកវរសេនីយ៍ សួន នីប៉ូ នាយរងការិយាល័យចរាចរណ៍ផ្លូវគោកបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ទូទាំងខេត្តបន្ទាយមានជ័យកើតឡើងចំនួន២ករណី ក្នុងនោះស្រុកមង្គលបូរី១ ករណីរបួសធ្ងន់១នាក់ និងស្រុកថ្មពួក១ករណី របួសធ្ងន់២នាក់ និងរបួសស្រាល៣នាក់ ហើយគ្រោះថ្នាក់នេះ ប្រភេទធ្ងន់ចំនួន២ករណី មូលហេតុ រថយន្តបុកនឹងថ្មើរជើង ម៉ូតូបុក និងម៉ូតូ បណ្តាលមកពីកត្តាមនុស្សបើកក្នុងល្បឿនលឿន។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា គ្រោះថ្នាក់ទាំង២ករណីនេះ បណ្តាលមកពីបើកផ្លូវត្រង់ ផ្លូវបំបែកជាបី ហើយបើកនៅពេលយប់ សម្ភារៈដែលខូចខាតរួមមាន ម៉ូតូខូចធ្ងន់១គ្រឿង និងស្រាល១គ្រឿង។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនេះ ជាមហាប្រសើរ ក្នុងក្រុមគ្រួសារខ្មែរ និងសង្គមជាតិទាំងមូល ក្នុងការទទួលទេវតាឆ្នាំថ្មី ឆ្លៀតក្នុងឱកាសនក្ខត្តឫក្សនេះផងដែរដោយសារតែមានការអំពាវនាវពីសំណាក់ លោកអភិបាលខេត្ត សួន បវរ ដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ ពិសេសក្រុមយុវជន យុវនារីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ កុំប្រើប្រាស់គ្រឿងញៀន ទាំងការផលិតចរាចរណ៍ រក្សាទុកជួញដូរ ចែកចាយ ព្រោះវាជាអំពើខុសច្បាប់ កុំលេងល្បែងស៊ីសង គោរពច្បាប់ចរាចរណ៍ កុំលេងគប់ទឹកតាមដងផ្លូវសាធារណៈ និងចូលប្រុងប្រយ័ត្ន ភ្លើងអគ្គិសនី ធូប ទៀន ភ្លើងចង្ក្រាន ការពារផ្ទុះសេ ខ្សែភ្លើង ដែលបង្កឲ្យឆេះរាលដាល បង្កឲ្យខូចខាតទ្រព្យសម្បត្តិជាដើម ទើបធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសចូលឆ្នាំថ្មី៣ថ្ងៃនេះ មានការថយចុះជាងឆ្នាំមុនៗ គ្មានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments