ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ឥតឈប់ឈរបានសម្លាប់មនុស្សចំនួន២៩នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈមនុស្សជាច្រើននាក់ទៀតនៅតែបាត់ខ្លួន។ ហេតុការណ៍នេះកត់សម្គាល់ជាសោកនាដកម្មចុងក្រោយបំផុតសម្រាប់ប្រជាជាតិដែលងាយរងគ្រោះដោយគ្រោះមហន្តរាយមួយនេះ។
ការបាក់ដីនិងទឹកជំនន់គឺជារឿងធម្មតាជាពិសេសក្នុងអំឡុងរដូវមូសុងចន្លោះខែតុលាដល់ខែមេសានៅពេលដែលភ្លៀងធ្លាក់បានវាយប្រហារប្រជុំកោះអាស៊ីអាគ្នេយ៍មួយនេះ។
កាលពីថ្ងៃចន្ទ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ីបានបញ្ជាក់ថា មានមនុស្ស២៩នាក់បានស្លាប់ហើយនិយាយថា យ៉ាងតិចមនុស្ស១៣នាក់បានបាត់ខ្លួនបន្ទាប់ពីព្យុះភ្លៀងរយៈពេលច្រើនថ្ងៃវាយប្រហារកោះស៊ូម៉ាត្រា។
មនុស្សប្រហែល១២,០០០នាក់ផ្សេងទៀតត្រូវបានគេជម្លៀសចេញពីខេត្ត Bengkulu ខណៈសំណង់អគារ ស្ពាននិងផ្លូវថ្នល់រាប់រយត្រូវបានរងការខូចខាត។ កន្លែងរងគ្រោះខ្លាំងបំផុតគឺស្រុក Bengkulu Tengah ដែលនៅទីនោះមនុស្សចំនួន២២នាក់ត្រូវបានសម្លាប់រួមជាមួយនឹងសត្វរាប់រយក្បាល។
អាជ្ញាធរបានបង្កើតជម្រកបណ្តោះអាសន្ននិងផ្ទះបាយសាធារណៈសម្រាប់ជនជម្លៀស។
ទន្ទឹមនឹងនោះដែរ ការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Lampung នៃកោះស៊ូម៉ាត្រាកាលពីថ្ងៃសៅរ៍បានសម្លាប់គ្រួសារមួយដែលមានសមាជិក៦នាក់ហើយរំខានដល់ការដឹកជញ្ជូនទៅតំបន់ជិតខាងនោះ។
ទឹកជំនន់នៅក្នុងផ្នែកជាច្រើននៃរដ្ឋធានីហ្សាការតាក្នុងអំឡុងពេលមួយសប្តាហ៍នេះបានសម្លាប់មនុស្សយ៉ាងតិចពីរនាក់និងបង្ខំឲ្យមនុស្សជាង២,០០០នាក់ជម្លៀសចេញពីផ្ទះរបស់ពួកគេ។
អ្នកក្រុង Bogor ដែលជាទីក្រុងរណបនៃរដ្ឋធានីហ្សាការតាក៏ត្រូវប្រឈមមុខនឹងសត្វពស់ថ្លាន់ចំនួន១៤ក្បាលផងដែរដែលរួចចេញពីអចលនទ្រព្យឯកជនមួយដោយសារតែទឹកឡើងខ្លាំង។
នៅកោះស៊ូម៉ាត្រា អាជ្ញាធរបាននិយាយថា ការជីករ៉ែធ្យូងថ្មខុសច្បាប់គឺជាផ្នែកមួយដែលត្រូវស្តីបន្ទោសចំពោះបំណាក់ដីដោយសារតែវាធ្វើឲ្យដីរលុងងាយនឹងបាក់នៅពេលភ្លៀងធ្លាក់ខ្លាំង៕ AFP
Source: Kampuchea Thmey Daily
0 Comments