ភ្នំពេញ៖ ណាហ្គាវើលដ៍ បានឈ្នះពានរង្វាន់ “ឧត្តមភាពការងារសង្គមល្អបំផុតតំណាងប្រទេសកម្ពុជា” ពីរឆ្នាំជាប់គ្នានៅក្នុង “សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកលប្រចាំឆ្នាំលើកទី១១ ឆ្នាំ២០១៩” ដែលជាពិធីប្រគល់ពានរង្វាន់ការងារសង្គមបំផុតមួយប្រចាំទ្វីបអាស៊ីនៅក្នុងទីក្រុង Sarawak ប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ។
ពានរង្វាន់ការងារសង្គមសកលនេះ ទទួលស្គាល់កម្មវិធីការងារសង្គមគំរូរបស់បណ្តាក្រុមហ៊ុនណាដែលមានការប្រតិបត្តិធុរកិច្ចរបស់ខ្លួនដោយទំនួលខុសត្រូវប្រកបដោយវិជ្ជាជីវៈខ្ពស់ និងយកចិត្តទុកដាក់ទៅលើប្រជាជន សហគមន៍ និងបរិស្ថាន។
រៀបចំដោយ Pinnacle Group International ពានរង្វាន់នេះបានក្លាយជាស្តង់ដាររួមមួយក្នុងសហគមន៍នៃក្រុមការងារសង្គមទាំងអស់។ មានតែក្រុមហ៊ុនមួយចំនួននៅក្នុងតំបន់ប៉ុណ្ណោះដែលទទួលបានពានរង្វាន់ប្រចាំឆ្នាំ២០១៩ នេះដែលមានប្រភេទពានរង្វាន់រាប់រយផ្សេងៗគ្នា។ ពានរង្វាន់នេះ ត្រូវបានប្រគល់ដោយ YB Dato’ Sri Hajjah Fatimah Abdullah ដែលជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសុខុមាលភាពសហគមន៍ ស្ត្រី គ្រួសារ និងកុមារនៃទីក្រុង Sarawak ។
ណាហ្គាវើលដ៍ បានទទួលពានរង្វាន់នេះដោយសារខ្លួនបានអនុវត្តកម្មវិធីការងារសង្គមដោយផ្អែកទៅលើយុទ្ធសាស្ត្រស្នូលរបស់ក្រុមហ៊ុន និងបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងកសាងប្រទេសកម្ពុជាក្នុងពេលតែមួយ។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “យើងមានកិត្តិយសយ៉ាងខ្លាំងដែលទទួលបានពានរង្វាន់ដ៏សំខាន់នេះដែលសរបញ្ជាក់ឲ្យឃើញពីស្នាដៃឆ្នើមមួយទៀតរបស់ណាហ្គាវើលដ៍ក្នុងការអភិវឌ្ឍការងារសង្គមក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីណាហ្គាវើលដ៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ មក យើងបានបញ្ចូលការងារទំនួលខុសត្រូវក្នុងសង្គមនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រធុរកិច្ចប្រកបដោយនិរន្តរភាពរបស់យើងដែលយើងយកចិត្តទុកដាក់ទៅលើសហគមន៍ បុគ្គលិក ម្ចាស់ភាគហ៊ុន និងប្រទេសកម្ពុជាទាំងមូល”។
លោកបានបន្តថា“យើងក៏មានសេចក្តីសោមនស្សរីករាយផងដែរក្នុងការចែករំលែកស្នាដៃនេះជាមួយបុគ្គលិករបស់យើងដែលបានស្ម័គ្រចិត្ត និងចូលរួមយ៉ាងសកម្មជាមួយ ‘ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស’ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាប្រមាណ ២០០.០០០ នាក់បានទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមការងារសង្គមរបស់យើងដែលផ្តោតទៅលើសសរស្ដម្ភ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន”។
លោក Pern Chen ក៏បានបន្ថែមផងដែរថា “សកម្មភាពការងារសង្គមថ្មីៗរបស់យើង រួមមាន កាឧប ត្ថម្សម្ភារសិក្សា និងថ្លៃសិក្សាដល់សិស្ស ការដាំកូនឈើ ការផ្តល់សិក្ខាសាលាស្តីពីការអភិរក្សបរិស្ថាន ការលើកកម្ព ស់ការយល់ដឹងស្តីពីបរិស្ថានតាមរយៈយុទ្ធសាស្ត្រ ៣R (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ) ការផ្តល់ការបណ្តុះបណ្តាលអំពីសុវត្ថិភាពអគ្គីភ័យ ការឧបត្ថម្ភបំពង់ពន្លត់អគ្គីភ័យដល់សាលារៀន ការលើកទឹកចិត្តដល់យុវជនតាមរយៈក្លឹបបាល់ទាត់ណាហ្គាវើលដ៍ និងការអភិវឌ្ឍកីឡាជាតិតាមរយៈការសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា”។
ក្នុងឆ្នាំ២០១៨ ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរសបានអនុវត្តយុទ្ធនាការចំនួន ២៣។ ក្រោមសសរស្តម្ភការលើកកម្ពស់វិស័យអប់រំ ណាហ្គាវើលដ៍បានជួយសិស្សានុសិស្ស ១៤.២០៩ នាក់នៅតាមសាលារៀនជាង ៤០ ទូទាំងប្រទេសកម្ពុជា។ ក្រោមសសរស្តម្ភការផ្សារភ្ជាប់ជាមួយសហគមន៍ ណាហ្គាវើលដ៍បានជួយប្រជាពលរដ្ឋដែលជួបការលំបាក ១៧.៩៤០ នាក់ ខណៈក្រោមសសរស្តម្ភការអភិវឌ្ឍវិស័យកីឡា យើងបានបណ្តុះបណ្តាលបច្ចេកទេសបង្ហាត់កីឡាបាល់ទាត់អាជីពដល់គ្រូកីឡា ១២០ នាក់ដែលផ្តល់ដោយក្លឹបបាល់ទាត់ណាហ្គាវើលដ៍ដោយប្រើមេរៀនដែលអភិវឌ្ឍដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងបានផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្សជាង ១៨.៥០០ នាក់។
ចំណែកនៅក្រោមសសរស្តម្ភការគាំពារបរិស្ថានវិញ ណាហ្គាវើលដ៍បានជួយសន្សំថាមពលអគ្គិសនី ៦១០ គីឡូវ៉ាត់ម៉ោងក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដី និងបានជួយសម្អាតរាជធានីភ្នំពេញជាមួយបុគ្គលិកស្ម័គ្រចិត្តនៃក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរសដោយប្រមូលសំរាមបាន ៤១៨ គីឡូក្រាមនៅតាមដងផ្លូវ។ មិនតែប៉ុណ្ណោះ ណាហ្គាវើលដ៍ក៏បានកែច្នៃសាប៊ូដុំដើម្បីប្រើប្រាស់ឡើងវិញចំនួន ៤៤៣ គីឡូក្រាម និងបានដាំកូនឈើប្រមាណ ១.០០០ ដើមសម្រាប់ប្រទេសកម្ពុជាកាន់តែមានភាពបៃតងថែមទៀតផង៕
Source: Kampuchea Thmey Daily
0 Comments