ក្លិបបាល់ទាត់ភ្នំពេញក្រោន សមាជិកពានរង្វាន់លីគកំពូលកម្ពុជា បានរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់យុវជន Smart Youth League ឆ្នាំ២០១៩ ដោយមានការសហការឧបត្ថម្ភធំដោយក្រុមហ៊ុនទូរស័ព្ទ Smart Axiata ដែលជាដៃគូសហការឧបត្ថម្ភធំរបស់ក្លិប ខណៈការប្រកួតបានចាប់ផ្តើមពីចុងសប្ដាហ៍ថ្មីៗនេះ។
យោងតាមការបញ្ជាក់របស់ក្លិបភ្នំពេញក្រោន លើកឡើងថាការប្រកួតក្នុងពានរង្វាន់ Smart Youth League 2019 មានក្រុមទាំងអស់ចំនួន៣៤ចូលរួម ហើយចែកចេញជាបួនកម្រិតអាយុខុសៗគ្នាដូចជាក្រុមកីឡាករអាយុក្រោម១២ឆ្នាំ ក្រុមកីឡាករអាយុក្រោម១៤ឆ្នាំ ក្រុមកីឡាករអាយុក្រោម១៧ឆ្នាំ និងក្រុមកីឡាករអាយុក្រោម២០ឆ្នាំ។ ទស្សនិកជនអាចចូលទស្សនាការប្រកួតបានដោយសេរីនៅកីឡដ្ឋាន RSN Stadium។
ការប្រកួតក្នុងពានរង្វាន់ Smart Youth League 2019 ត្រូវបានបញ្ចប់នៅសប្តាហ៍ទី១ ដោយមានការប្រកួតសរុបចំនួន១៤ គូហើយការប្រកួតចំនួន៣ ត្រូវបានពន្យារពេលដោយសារតែបញ្ហាភ្លៀងធ្លាក់។ ចំពោះលទ្ធផលនៃការប្រកួតរវាងក្រុមទាំងអស់មានដូចជា ប្រកួតក្នុងកម្រិតអាយុក្រោម១២ឆ្នាំក្រុមបាល់ទាត់នគររាជ ឈ្នះក្រុម Elite Soccer Coaching ២៧-០ ហើយក្រុមកីឡាករសហគមន៍អាយុក្រោម១១ឆ្នាំ ចាញ់ក្រុម Prak Football Academy ៦ទល់១។
ប្រកួតក្នុងកម្រិតអាយុក្រោម១៤ឆ្នាំ វិញក្រុមក្រាំងពង្រ បានយកឈ្នះលើក្រុមអេលីតអាយុក្រោម១៣ឆ្នាំ ដោយលទ្ធផល ៣ទល់១ ហើយក្រុម PSE ចាញ់ ក្រុមយុវជនថ្នាលអាយុក្រោម១៤ឆ្នាំ ដោយលទ្ធផល ៨ទល់០ ក្រុមកីឡាករសហគមន៍អាយុក្រោម១៣ឆ្នាំ ឈ្នះ ក្រុមកីឡាករសហគមន៍អាយុក្រោម១៤ឆ្នាំ ២ទល់១ ក្រុម Two Lionឈ្នះក្រុមសាលាអន្តរជាតិ GFL ៨ទល់០។
ប្រកួតក្នុងកម្រិតអាយុក្រោម១៧ឆ្នាំ វិញក្រុមអគ្គិសនីកម្ពុជាអាយុក្រោម១៦ឆ្នាំ យកឈ្នះលើក្រុមអេលីតអាយុក្រោម១៧ឆ្នាំ ដោយលទ្ធផល ១ទល់០ ហើយក្រុមយុវជនសម្ព័ន្ធ បានយកឈ្នះលើក្រុម សាលាព្រះខ័នរាជស្វាយរៀង ២ទល់១ ក្រុមយុវជនកងទ័ពជើងទឹក យកឈ្នះលើក្រុមអេលីតអាយុក្រោម១៥ឆ្នាំ ដោយលទ្ធផល ២ទល់០ ក្រុម Transformer ចាញ់ក្រុមយុវជនថ្នាលអាយុក្រោម១៦ឆ្នាំ ២ទល់០។ ដោយឡែកប្រកួតក្នុងកម្រិតអាយុក្រោម២០ឆ្នាំ ក្រុមកីឡាករសហគមន៍អាយុក្រោម១៩ឆ្នាំ B បានចាញ់ក្រុម Bayon Empire FT ៨ទល់១ ហើយក្រុមយុវជនថ្នាលអាយុក្រោម១៨ឆ្នាំ ឈ្នះក្រុមអាទិច្ចវង្ស១៨ ទល់០ ក្រុម King of Eagle ស្មើជាមួយ ក្រុមកីឡាករសហគមន៍អាយុក្រោម១៩ឆ្នាំ A ០ទល់០ និងក្រុមក្រុមជើងព្រៃ ចាញ់ក្រុម PSE ៣ទល់១។
ចំណែកលក្ខខណ្ឌមួយចំនួនដែលក្រុមទាំងអស់ ត្រូវបំពេញដើម្បីចូលរួមក្នុងការប្រកួតពានរង្វាន់ Smart Youth League បានគឺមានដូចជាក្រុមដែលចូលរួមតម្រូវឲ្យតម្កល់ប្រាក់ទៅតាមកម្រិតរបស់ខ្លួនដែលក្រុមកីឡាករអាយុក្រោម ១០ឆ្នាំ និង១២ឆ្នាំ ត្រូវតម្កល់៥០ដុល្លារ, ក្រុមកីឡាករអាយុក្រោម ១៤ឆ្នាំ និងនារី ត្រូវតម្កល់៧០ដុល្លារ, ក្រុមកីឡាករអាយុក្រោម ១៧ឆ្នាំ ត្រូវតម្កល់១២០ដុល្លារ និងក្រុមកីឡាករអាយុក្រោម ២០ឆ្នាំ ត្រូវតម្កល់២០០ដុល្លារ។ សូមបញ្ជាក់ថា ប្រាក់ទាំងអស់នឹងត្រូវប្រគល់ជូនដល់ក្រុមទាំងអស់វិញ នៅពេលដែលចប់កម្មវិធីប្រកួត ឬ ក្រុមទាំងអស់គោរពទៅតាមបទបញ្ញត្តិនៃការប្រកួតបានត្រឹមត្រូវ៕
Source: Kampuchea Thmey Daily
0 Comments