ភ្នំពេញ ៖ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២៩ខែមេសានេះ បានដឹកនាំមន្ត្រីជំនាញនិងគ្រឿងចក្រយកទៅស្តាប្រឡាយដើម្បីរំដោះទឹកចេញពីផ្លូវចូលភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ដែលរងការលិចលង់បន្ទាប់ពីមានភ្លៀងធំបានធ្លាក់យ៉ាងខ្លាំងកាលពីថ្ងៃទី២៨ខែមេសាមក។
លោកចេង មុនីរ៉ា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ លោកបានដឹកនាំមន្ត្រីជំនាញនិងនាំយកគ្រឿងចក្រមកស្តាប្រឡាយ ដែលស្ថិតនៅក្រោយភូមិអូរអណ្តូងដើម្បីរំដោះទឹកចេញពីលើកំណាត់ផ្លូវចូលភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ដែលបានរងការលិចលង់បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំកាលពីរសៀល ថ្ងៃទី២៨ ខែមេសាកន្លងទៅនេះ។
លោកអភិបាលខណ្ឌបានបញ្ជាក់ថា បើសិនជាមិនដាក់គ្រឿងចក្រមកស្តាប្រឡាយស្ថិតនៅខាងក្រោយភូមិអូរអណ្តូងនេះទេ គឺច្បាស់ជាទឹកដក់លើផ្លូវជាច្រើនថ្ងៃ ហើយបង្កឲ្យមានផលលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិនេះ មានរហូតរាប់ពាន់គ្រួសារឯណោះ។
ក្នុងឱកាសនោះដែរ លោកចេង មុនីរ៉ា ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងភូមិអូរអណ្តូងដោយមានភាពគោរពនិងរាប់អានក្នុងភាពស្និទ្ធស្នាលបំផុត។
ខណៈនោះដែរ ប្រជាពលរដ្ឋបានសំដែងនូវក្តីរីករាយ ព្រោះបានឃើញលោកអភិបាលខណ្ឌច្បារអំពៅនាំយកគ្រឿងចក្រយកទៅស្តាប្រឡាយដើម្បីរំដោះទឹកចេញពីផ្លូវ ដែលរងការលិចលង់ដោយសារតែភ្លៀងធ្លាក់មួយមេធំ កាលពីថ្ងៃទី២៨ ខែមេសា រំលងបានកន្លះថ្ងៃនេះ។
ប្រជាពលរដ្ឋសំដែងនូវក្តីរំភើបរីករាយពេលបានឃើញវត្តមានលោកអភិបាលខណ្ឌច្បារអំពៅចុះជួយស្តាប្រឡាយ ដើម្បីរំដោះទឹកកុំឲ្យរងការលិចលង់ផ្លូវនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅតំបន់នេះ។ ព្រោះកាលពីលោកចេង មុនីរ៉ា មិនទាន់បានកាន់តំណែងជាអភិបាលខណ្ឌច្បារអំពៅគឺតំបន់នេះរងការលិចលង់រាប់ខែឲ្យតែដល់រដូវវស្សា។ នេះគឺភាពទទួលខុសត្រូវរបស់លោកអភិបាលខណ្ឌច្បារអំពៅ ដែលមិនទុកឲ្យប្រជាពលរដ្ឋជួបការលំបាកនោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments