ភ្នំពេញ ៖ ក្រសួងធនធានទឹកបានឲ្យដឹងថា នៅតំបន់មួយចំនួន ក្នុងប្រទេសកម្ពុជា និងបន្តកើនកំដៅខុសពីបណ្តាឆ្នាំមុនៗកន្លងមក ដោយសារឥទ្ធិពលនៃ Global Warming ធ្វើកើនឡើងកំដៅ ប៉ះទង្គិច រវាងម៉ាស់ត្រជាក់ និងក្តៅកាន់តែសកម្មថែមទៀត ដែលជាហេតុធ្វើឲ្យអាកាសធាតុប្រែប្រួល។
យោងតាម ការព្យាករណ៍ នៃក្រសួងធនធានទឹក នៅថ្ងៃទី២៩មេសានេះ បានបញ្ជាក់ថា ឥទ្ធិពលនៃ (Global Warming) ធ្វើឲ្យកំដៅមានការកើនឡើងខុសសព្វមួយដង ក្នុងឆ្នាំ២០១៩នេះ ពោលគឺខុសពីបណ្តាឆ្នាំមុនៗកន្លងមក ដោយកើនពី២,០០ទៅ២,២០អង្សាសេ។ ការកើនឡើងកំដៅរហូតមានកម្រិតខ្ពស់ ធ្វើឲ្យប៉ះទង្គិច រវាងម៉ាស់ត្រជាក់ និងក្តៅកាន់តែសកម្មថែមទៀត ដែលជាហេតុធ្វើឲ្យអាកាសធាតុប្រែប្រួល។
យោងតាមសេចក្តីជូនដំណឹងដែលបានព្យាករបង្ហាញថា តាមបណ្តាខេត្តមួយចំនួននឹងមានអាកាសធាតុប្រែប្រួលដូចជា នៅថ្ងៃទី ២៩ ខែមេសា បណ្ដាខេត្ត ភាគពាយ័ព្យ ដូចជាខេត្តឧត្ដរមានជ័យ បន្ទាយមានជ័យសៀមរាប ខេត្តបាត់ដំបង នឹងអាចមានភ្លៀងកក់ខែពីតិចទៅមធ្យម នៅស្រុក-ក្រុងមួយចំនួន។ រីឯនៅបណ្ដាលខេត្តដទៃទៀត មានភ្លៀងកក់ខែតិចតួច។ -ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី ២ ខែឧសភា ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀងតាកែវ កំពត ព្រះសីហនុ កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង និងរាជធានីភ្នំពេញអាចមានភ្លៀងកក់ខែពីតិចទៅបង្គួរ។
បន្ទាប់ពីនោះ ដល់ថ្ងៃទី៥ ខែឧសភា បណ្ដាខេត្តមួយចំនួនអាចមានភ្លៀងកក់ខែ ក្នុងកម្រិតពីខ្សោយទៅមធ្យម ខណៈសីតុណ្ហភាពអតិបរមា ជាទូទៅមានពី ៣៥ ទៅ ៣៧អង្សាសេ។ បន្តពីនោះសីតុណ្ហភាពនឹងបន្តកើនឡើង ដោយសីតុណ្ហភាពអតិបរមាអាចមានពី ៣៧ ទៅ ៤១អង្សាសេ។
ក្រៅពីអាកាសធាតុបន្តកើនកំដៅ ក្រសួងធនធានទឹក និងឧតុនិយមក៏បានអំពាវនាវឲ្យពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments