Ad Code

លោកស្រី អោ​ង សាន​ស៊ូ​ជី បាន​ដឹកនាំ​គណៈប្រតិភូ​មកដល់​ប្រទេស​កម្ពុជា​ហើយ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​



ភ្នំពេញ​ ៖ ​លោកស្រី អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ​ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បាន​ដឹកនាំ​គណៈប្រតិភូ មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ នៅ​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ តាម​ការ​អញ្ជើញ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោកស្រី Aung San Suu Kyi បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩ ខែ​មេសា ដល់​០១ ខែ​ឧសភា ឆ្នាំ​២០១៩ ហើយ​នៅ​ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​នេះ​ លោកស្រី អោ​ង សាន​ស៊ូ​ជី នឹង​ចូល​បង្គំ​គាល់​ព្រះករុណា ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ​ និង​សុភមង្គល នៅ​ក្នុង​ព្រះបរមរាជវាំង ហើយ​លោកជំទាវ ក៏​នឹង​ចូល​ជួប​សម្តែង​ការគួរ​សមជា​បន្តបន្ទាប់ ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ផង​ដែរ។ ជាមួយគ្នា​នោះ លោកជំទាវ នឹង​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ដែរ លោកជំទាវ Aung San Suu Kyi នឹង​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​វិមានឯករាជ្យ និង​ព្រះ​មណ្ឌប​ព្រះ​បរម​រតន​កោដ្ឋ អតីត​ព្រះមហាក្សត្រ​កម្ពុ​ជា ហើយ​នៅ​ចុង​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច លោកជំទាវ នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​មួយ​ចំនួន នៅ​ខេត្ត​សៀមរាប។

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ជំទាវ អោ​ង សាន​ស៊ូ​ជី​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ពង្រឹង និង​ពង្រីក​ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ ព្រមទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ពហុភាគី៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu