រតនគិរី ៖ បន្ទាប់ពីជនជាតិវៀតណាមទាំង១២នាក់ បាននាំគ្រឿងចក្រ ចំនួន ៦គ្រឿងចូលមកឈូសឆាយដីខ្មែរដោយខុសច្បាប់ នៅត្រង់ចំណុចអូរតាយ៉ាក ស្ថិតក្នុងឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី (ក្នុងតំបន់ឧទ្យានជាតិវីរជ័យ) ហើយមន្ត្រីនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកលេខ២០៣ ចំនួន៤នាក់ ត្រូវបានដកបញ្ឈរជើងបន្ទាប់ពីមានរឿងអាស្រូវ។
ការដកបញ្ឈរជើងមន្ត្រីនគរបាលប៉ុស្តិ៍ការពារព្រំដែន៤នាក់នោះ រួមមាន លោកអនុសេនីយ៍ឯក ហួង ភួង លោកអនុសេនីយ៍ត្រី តឺ ចាយ នាយប៉ុស្តិ៍ និងអនុប្រធានប៉ុស្តិ៍កន្ទុយនាគ លោកអនុសេនីយ៍ឯក ប្រជូ ព្រៀវ នាយប៉ុស្តិ៍អូរតាយ៉ាក និងលោកអនុសេនីយ៍ឯក ភឿន អ៊ីន នាយប៉ុស្តិ៍អូរយើល ត្រូវបានថ្នាក់លើដកបញ្ឈរជើង។
ជុំវិញបញ្ហាការដកបញ្ឈរជើងមន្ត្រីនគរបាលប៉ុស្តិ៍ព្រំដែននោះដែរ បន្ទាប់ពីមានបញ្ហាជនជាតិវៀតណាម១២នាក់មកឆ្លងដែនដីខ្មែរដោយខុសច្បាប់។
លោកវរសេនីយ៍ ថេង ចន្ធី មេវរការពារព្រំដែនគោកលេខ២០៣ បានឲ្យសារព័ត៌មានយើងដឹងនៅរសៀលថ្ងៃទី២៨ មេសាថា ពួកគាត់ទាំងនោះ ពុំត្រូវបានថ្នាក់លើដកបញ្ឈរជើងនោះទេ ពោលគឺពួកគាត់មានជំងឺ ហើយក៏បានសុំសម្រាក ព្រោះមានបញ្ហាសុខភាពផងដែរ។
បើទោះបីជាយ៉ាងណាក៏ដោយក៏មានប្រភពលើកឡើងថា រឿងរ៉ាវទាំងអស់នេះ នឹងត្រូវលាតត្រដាងនៅពេលសមត្ថកិច្ចថ្នាក់លើ ចុះស៊ើបអង្កេតព្រោះថា គ្រឿងចក្រធំៗ ជនជាតិវៀតណាមចំនួន១២នាក់ បើគ្មានការបើកភ្លើងខៀវពីមេៗយោធា, នគរបាលការពារព្រំដែនទេ ពិតជាមិនអាចចូលដីខ្មែរដោយបានរលូននោះទេ។ ទាល់តែខ្មោចស្រុកឲ្យដៃ ទើបបានខ្មោចព្រៃវាហ៊ានចូលមកនោះ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ជនជាតិវៀតណាមចំនួន១២នាក់ ត្រូវបានចៅក្រមតុលាការខេត្តរតនគិរី លោកឡេង សុវណ្ណារិទ្ធ សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារភ្នំស្វាយ ខេត្តរតនគិរី។
ជាមួយនឹងការឃុំខ្លួនជនជាតិវៀតណាមខាងលើ និងការដកមន្ត្រីនគរបាលការពារព្រំដែននេះដែរ មជ្ឈដ្ឋានប្រជាពលរដ្ឋ និងមន្ត្រីរាជការមានមតិលើកឡើងស្រដៀងគ្នាថា សូមឲ្យថ្នាក់លើចុះស្រាវជ្រាវរកមេខ្លោង នៅពីក្រោយខ្នងដែលយកគ្រឿងចក្រ និងជនជាតិវៀតណាម ចូលមកឈូសឆាយដីព្រៃឈើ នៅតំបន់ឧទ្យានជាតិវរជ័យ យកមកផ្តន្ទាទោសតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments