នៅឆ្នាំ២០១៩ នេះមានកីឡាករសមាជិកក្រុមជម្រើសជាតិកម្ពុជា ចំនួន២នាក់កំពុងប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី (Malaysia Super League) ដោយក្នុងនោះមានកីឡាករ ចាន់ វឌ្ឍនាកា ជាសមាជិកក្លិបបាល់ទាត់ PKNS (Kelab Bolasepak Perbadanan Kemajuan Negeri Selangor) និងកីឡាករ ធារី ចន្ថាប៊ីន សមាជិករបស់ក្លិបTerengganu FA។
សម្រាប់លទ្ធផលប្រកួតសប្ដាហ៍ទី១១ ថ្មីៗនេះវិញក្រុមTerengganu FA ធ្វើដំណើរទៅដណ្តើមជ័យជម្នះពីក្រុមម្ចាស់ផ្ទះPetaling Jaya City ដោយលទ្ធផល ២ទល១ លើទីលានកីឡដ្ឋាន Stadium Petaling Jaya ក្នុងទីក្រុង Petaling Jaya នៅយប់ថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៩ ថ្មីៗនេះ ខណៈក្រុម PKNS បានយកឈ្នះលើក្រុមភ្ញៀវ Kuala Lumpur ៣ទល់២ លើទីលានកីឡដ្ឋាន Stadium Shah Alam ក្នុងទីក្រុង Shah Alam នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ដូចគ្នា។
សូមរំលឹកថា រដូវកាលឆ្នាំ២០១៩ នៅលីគកំពូលប្រទេសម៉ាឡេស៊ីមានសមាជិកចំនួន១២ក្រុម ដែលត្រូវប្រកួតពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។ ក្រុមទាំង១២ត្រូវប្រកួតសន្សំពិន្ទុចំនួន២ជើង ហើយក្រុមជើងឯកទទួលកៅអីទៅលេងវគ្គចែកពូលពានរង្វាន់កម្រិតទ្វីបអាស៊ី (AFC Champions League group stage) និងក្រុមជើងឯករងទទួលបានរងទទួលបានកៅអីចូលលេងវគ្គជម្រុះពានរង្វាន់ AFC Champions League ជុំទី២។ ចំណែកក្រុមបាតតារាងចំនួន២ក្រុម វិញត្រូវធ្លាក់ទៅលេងនៅពានរង្វាន់លីគលំដាប់ទី២Malaysia Premier League។
សម្រាប់ប្រកួតសប្ដាហ៍ទី១២ វិញក្រុម PKNS ត្រូវប៉ះក្រុម Perak នៅវេលាម៉ោង៨យប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ លើទីលានកីឡដ្ឋានStadium Shah Alam ក្នុងទីក្រុង Shah Alam ខណៈក្រុមTerengganu វិញត្រូវបន្តធ្វើដំណើរទៅកាន់ទីក្រុងManjung ដោយប៉ះម្ចាស់ផ្ទះ PKNP នៅវេលាម៉ោង៨យប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ លើទីលានកីឡដ្ឋានMini Manjung Stadium។
ចំពោះប្រទេសកម្ពុជា ធ្លាប់មានកីឡាករ៤នាក់ចេញទៅប្រកបអាជីពនៅលីគកំពូលប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៨ កន្លងទៅដោយក្នុងនោះមានកីឡាករ ចាន់ វឌ្ឍនាកា ចូលរួមក្លិប Pahang FA ហើយកីឡាករ កែវ សុខផេង ចូលរួមក្លិប PKNP កីឡាករ ប្រាក់ មុន្នីឧត្តម ចូលក្លិបNegeri Sembilan និងកីឡាករ ធារី ចន្ថាប៊ីន ចូលរួមក្លិបTerengganu FA។ ក្នុងចំណោមកីឡាករទាំង៤មាន៣នាក់ត្រូវក្លិបសម្រេចបញ្ចប់កិច្ចសន្យាត្រឹមពាក់កណ្ដាលរដូវកាលហើយមានតែ ធារី ចន្ថាប៊ីន ប៉ុណ្ណោះក្លិបរក្សាកិច្ចសន្យារហូតដល់ចប់រដូវកាលព្រមទាំងបន្តកិច្ចសន្យារហូតដល់ឆ្នាំ២០១៩នេះទៀត៕
Source: Kampuchea Thmey Daily
0 Comments