Ad Code

វេទិកា​នារី​រតនៈ​ ស្ដីអំពី​យុវជន ​រួមគ្នា​កាត់បន្ថយ​អំពើ​ហិង្សា​



ព្រៃវែង​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៩ នាយកដ្ឋាន​ព័ត៌មាន ​នៃ​ក្រសួង​កិច្ចការ​នារី សហការ​ជាមួយ​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ព្រៃវែង និង ​មន្ទីរអប់រំ​យុវជន និង​កីឡា បាន​រៀបចំ​វេទិកា​យុវជន​រួមគ្នា​ដើម្បី​កាត់បន្ថយ​អំពើ​ហិង្សា ក្រោម​អធិបតីភាព​លោកជំទាវ ប៊ុន ពុ​ទ្ធី អនុរដ្ឋលេខាធិការ ​នៃ​ក្រសួង​កិច្ចការនារី ដែល​ប្រារព្ធ​ធ្វើ​នៅ​វិទ្យាល័យ ​ហ៊ុន សែន ​កំពង់លាវ​ ក្រុង​ព្រៃវែង ដែល​មាន សិស្សា​នុ​សិស្ស​ចូលរួម​ប្រមាណ១៦០នាក់​។

លោកជំទាវ ប៊ុន ពុ​ទ្ធី អនុរដ្ឋលេខាធិការ​ នៃ​ក្រសួង​កិច្ចការ​នារី បាន​លើកឡើងថា​ វេទិកា​នេះ​ គឺមាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការ​បញ្ជ្រាប​ចំណេះដឹង​ដល់​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ ដើម្បី​យល់​ដឹង​អំពី​អំពើ​ហិង្សា​ផល​ប៉ះពាល់​ នៃ​អំពើ​ហិង្សា ​ដែល​កើតមានឡើង​ចំពោះ​បុរស​ទៅលើ​ស្ត្រី ម្តាយ​ទៅ​កូន ពី​គ្រូ​ទៅ​សិស្ស និង​សិស្ស និង​សិស្ស​ដូចគ្នា ឬក៏​អំពើ​ហិង្សា​នៅ​ក្នុង​ក្រុម​គ្រួសារ​ណាមួយ​នោះ​។

លោកជំទាវ​បន្ត​ថា ការ​ចុះ​ផ្សព្វផ្សាយ​អំពី​បញ្ហា​អំពើហិង្សា​នេះ គឺមាន​គោលបំណង បង្កើន និង​បញ្ជ្រាប ការយល់ដឹង​ដល់​យុវជន ធ្វើយ៉ាងណា រួមគ្នា​កាត់បន្ថយ​អំពើហិង្សា នៅក្នុង​ប្រទេស​កម្ពុជា​យើង​ឲ្យ​បានជា​ដាច់ខាត​។ និង​ដើម្បី​ឲ្យ​សិស្សានុសិស្ស​យល់ដឹង និង​ចេះ​ដោះស្រាយ​នូវ​អំពើហិង្សា​នៅក្នុង​ក្រុមគ្រួសារ ឬ​ចំពោះ​ខ្លួន​ ដែល​នឹង​អាច​កើតមានឡើង​។ បើ​មាន​អំពើ​ហិង្សា​នេះ ​កើតឡើង​ហើយ​នោះ គឺ ជះឥទ្ធិពល​អាក្រក់​យ៉ាងខ្លាំង អាចឈាន​ទៅដល់​ការបែកបាក់​គ្រួសារ និង​បាត់​បង់​អនាគត​ដល់​កូនៗ​នោះ​ផង​ដែរ។

លោកជំទាវ ក៏​សូម​អរគុណ​ដល់​សិស្សានុសិស្ស ​យុវជន ដែល​បាន​ចំណាយ​ពេលវេលា​សិក្សា​រៀន​សូត្រ​ ដើម្បី​មក​ទទួលយក​នូវ​ចំណេះដឹង​ទាក់ទង​អំពី​បញ្ហា​ នៃ​អំពើ​ហិង្សា​នៅ​ក្នុង​ថ្ងៃនេះ​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu