Ad Code

លោក​ ពេជ្រ កែវ​មុនី ចុះ​សួរ​សុខទុក្ខ​ និង​ជូន​ថវិកា​ដល់ ​លោក​ សេង សាញ់​ ដែល​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ​



​ភ្នំពេញ ៖ លោក​ ពេជ្រ កែវ​មុនី អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ ​កាលពី​ថ្ងៃទី​៧​មេសា​នេះ​លោក​បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ​ និង​ជូន​ថវិកា​ដល់​ លោក​ សេង សាញ់ ចៅសង្កាត់​ស្ទឹងមាន​ជ័យ​ទី​១​ ដែល​កំពុងមាន​ជំងឺ​ធ្ងន់ធ្ងរ ​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

លោក​ ពេជ្រ កែវ​មុនី បាន​ប្រសាសន៍​ថា ​នៅ​ព្រឹក​ថ្ងៃទី​៧​មេសា​នេះ ​លោក​បាន​ចុះ​សាកសួរ​សុខទុក្ខ​ដល់​នាំយក​ថវិកា​ផ្តល់ជូន ​លោក​ សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ​ទី​១ ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ ដោយ​រោគ​បេះដូង​ធ្ងន់ធ្ងរ​ ប៉ុន្តែ​បាន​ធូរ​ស្រាល​ឡើងវិញ ​បន្ទាប់ពី​មានការ​យកចិត្តទុកដាក់​ព្យាបាល​យ៉ាង​ចំណាន​របស់​លោក​គ្រូពេទ្យ​។​

លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់​ថា ​លោក ​សេង សាញ់ ត្រូវ​បាន​ក្រុមគ្រួសារ​ដឹកយក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ​កាលពី​យប់​ថ្ងៃទី​៤​មេសា​កន្លងទៅ​ថ្មីៗ​នេះ​។ ​ហើយ​មុន​ពេលដែល ​លោក​ចៅសង្កាត់​មក​សម្រាក​នៅ​មន្ទីរ ​គឺ​លោក​បានមក​បំពេញ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ​។​

ក្នុងឱកាស​នោះដែរ​ លោក​ ពេជ្រ កែវ​មុនី បាន​មានប្រសាសន៍​លើក​កម្លាំងចិត្ត​ដល់​លោក​ចៅសង្កាត់​ឲ្យ​លោក​ខិតខំ​ប្រឹងប្រែង​ពិសា​ថ្នាំពេទ្យ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ដើម្បី​ឲ្យ​ឆាប់​ធូរ​ស្បើយ​ និង​បាន​ទៅ​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​វិញ​ ព្រោះ​ប្រជាពលរដ្ឋ​ត្រូវការ​លោក​ចៅសង្កាត់​ខ្លាំងណាស់​។​

គួរ​បញ្ជាក់​ថា​ ជា​រៀងរាល់ថ្ងៃ​បន្ទាប់ពី​បញ្ចប់​ម៉ោង​ការងារ​រដ្ឋ​ គឺ​គេ​សង្កេតឃើញ​ លោក​ ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ​ តែ​ចុះសាកសួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ និង​មន្ត្រី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​មិនដែល​បាន​ទំនេរ​ឡើយ​។​

សកម្មភាព​មនុស្សធម៌​របស់លោក​អភិបាលខណ្ឌ​មានជ័យ ​ធ្វើ​ឲ្យ​មន្ត្រី​មូលដ្ឋាន​ ក៏ដូចជា​ប្រជាពលរដ្ឋ​មានការ​ពេញចិត្ត​ និង​គាំទ្រ​យ៉ាង​ខ្លាំង​ ព្រោះ​ពួកគាត់​ចង់បាន​ថ្នាក់ដឹកនាំ​មាន​សន្តាន​ចិត្តល្អ​បែបនេះ​ណាស់​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu