តាកែវ ៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋទាំងព្រឹក ខណៈមានការកើតឡើងនៅអគ្គិភ័យដោយឆាបឆេះសាលាខេត្តតាកែវ និងផ្ទះប្រជាពលរដ្ឋនៅស្រុកគីរីវង់មួយខ្នង បង្កការខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ។
សាលាខេត្តតាកែវដែលជាកន្លែងបម្រើការងាររដ្ឋបាល ត្រូវបានអគ្គិភ័យឆាបឆេះមួយផ្នែកតូចដោយពុំដឹងមូលហេតុ នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩។ ដោយឡែកផ្ទះឈើប្រក់ស័ង្កសី១ខ្នង នៅស្រុកគីរីវង់ ក៏ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុងផងដែរ កាលពីវេលាព្រឹក ថ្ងៃទី០៨មេសានេះ។
ហេតុការណ៍អគ្គិភ័យកើតឡើងនៅសាលាខេត្តតាកែវមិនបណ្តាលឲ្យខាតបង់សម្ភារៈធ្ងន់ធ្ងរនោះទេ ព្រោះត្រូវបានរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវជួយអន្តរាគមន៍ទាន់ពេលវេលា។ ចំណែកអគ្គិភ័យដែលកើតឡើងនៅស្រុកគីរីវង់ គឺខូចខាត និងខាតបង់ទ្រព្យសម្បត្តិអស់មួយចំនួនធំ ព្រោះម្ចាស់ផ្ទះបានបិទទ្វារចោលចេញទៅក្រៅ។ ដែលករណីនេះ បានកើតឡើងនៅភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ នៅវេលាម៉ោង១០និង៤០នាទី។
លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ បានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ប៉ែន ផាន់ ភេទប្រុស អាយុ៦៨ឆ្នាំ (ម្ចាស់ផ្ទះ ) បានជួលទៅឲ្យឈ្មោះ ម៉ាយ យ៉ាំងតាំង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម មានកន្លែងកំណើតនៅភូមិគៀងអាង ឃុំគៀងអាង ស្រុកចើម៉ើយ ខេត្តអាងយ៉ាង បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។
លោកអធិការនគរបាលស្រុកបានបន្តទៀតថា មូលហេតុ គឺទុស្សេខ្សែភ្លើង ហើយចំពោះសម្ភារៈដែលរងការខូចខាតមាន ៖ ផ្ទះឈើលាយថ្ម ប្រក់ស័ង្កសី ដែលមានទទឹង៤,៥០x បណ្ដោយ១៥ម៉ែត្រ ម៉ូតូចំនួន០៣គ្រឿង(ឆេះខូចខាតទាំងស្រុង) ថវិកាឆាបឆេះអស់មួយចំនួនធំ។ ដើម្បីគ្រប់គ្រងហេតុការណ៍នេះបាន កម្លាំងជំនាញពន្លត់អគ្គិភ័យស្រុកបានបាញ់ទឹកពន្លត់អស់០២រថយន្ត។
នេះជាលើកទី១ហើយនៅដើមខែមេសា ដែលមានអគ្គិភ័យឆាបឆេះសាលាខេត្តតាកែវ និងផ្ទះប្រជាពលរដ្ឋ និងជាសារមួយឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ព្រោះរដូវនេះជារដូវក្តៅ វាងាយនឹងកើតមានអគ្គិភ័យខ្លាំងណាស់ ហើយបើសិនយើងប្រហែសតែបន្តិចអ្វីៗត្រូវអស់ពីខ្លួនមិនខានឡើយដូចពាក្យចាស់ពោលថា ស៊ូលិចទូកកណ្តាលទន្លេកុំឲ្យតែភ្លើងឆេះផ្ទះ៕
Source: Kampuchea Thmey Daily
0 Comments