កំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ដែលជាមេខ្លោងក្រុមបងធំ ដែលបានដេញកាប់គ្នា កាលពីរសៀលថ្ងៃទី១៦មេសា នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ទាំងកណ្តាលថ្ងៃ ផ្អើលប្រជាពលរដ្ឋតាមផ្លូវ បានគេចខ្លួនត្រឹមតែ១ថ្ងៃ ក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចតាមប្រមាញ់ចាប់ខ្លួនបាន នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ដើម្បីចាត់ការតាមនីតិវិធី។
លោកអធិការនគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ជនសង្ស័យជាមេខ្លោងក្រុមក្មេងទំនើងដែលបានឃាត់ខ្លួននេះមាន ឈ្មោះ កង សារឿន ហៅបារាំង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឱកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ដែលបានប្រព្រឹត្តអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលបង្កឡើងនៅចំណុចខ្លាកូន ភូមិផ្សារត្រាច ឃុំលង្វែក កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០១៩ វេលាម៉ោង១៥និង៤០នាទី។ ដោយរូបគេ និងបក្ខពួកក្រុមក្មេងទំនើងទាំងនេះ បានប្រើដាវសាម៉ូរ៉ៃដេញកាប់គ្នានៅចំណុចផ្លូវចូលវត្តត្រឡែងកែង ដោយប្រជាពលរដ្ឋបានបង្ហោះរូបភាពដែលគេកំពុងដេញកាប់គ្នា សំណូមពរដល់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការទៅលើជនសង្ស័យដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋយកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីអនុវត្តន៍គោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ទើបសមត្ថកិច្ចប្រើប្រាស់កម្លាំងតាមដានយ៉ាងសកម្មចាប់ខ្លួនជនសង្ស័យបានជោគជ័យ ចាត់កាតតាមផ្លូវច្បាប់។ ដោយឡែក បក្ខពួកគេមួយចំនួនទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តដើម្បីចាប់ខ្លួន។
ទាក់ទងនឹងការបង្ក្រាបចាប់ឃាត់ខ្លួនបានជនសង្ស័យ ធ្វើឲ្យប្រជាពលរដ្ឋអបអរសាទរយ៉ាងខ្លាំង ប៉ុន្តែជនរងគ្រោះរបួសធ្ងន់និងស្រាលនៅក្នុងករណីនេះមានប៉ុន្មាននាក់ រស់នៅទីណា និងមានសភាពយ៉ាងនោះ សមត្ថកិច្ចមិនទាន់ប្រាប់អ្នកកាសែតឲ្យដឹងឡើយ៕
Source: Kampuchea Thmey Daily
0 Comments