បាត់ដំបង ៖ យ៉ាងហោចណាស់ ក៏មានមនុស្ស ក្មេង ចាស់ ប្រុស ស្រី ចំនួន០៣នាក់ បានស្លាប់ និងរបួស ខណៈដែលបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍១បានកើតឡើងដែលបង្កដោយអ្នកបើករថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន។
ហេតុការណ៍ខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងតាមសេចក្ដីរាយការណ៍ថា កាលពីវេលាម៉ោង១៤និង៥០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១លើក រវាងម៉ូតូនិងរថយន្ត ត្រង់ចំណុចផ្លូវចូលទំនប់ពហុបំណង ស្ថិតភូមិសេកសក ឃុំផ្លូវមាស ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង ដោយបើកបរបញ្ច្រាសទិសគ្នា ពីត្បូង ទៅជើង បង្កទ្បើងដោយរថយន្តម៉ាក់លុចស៊ីស ពណ៌ស ពាក់ស្លាកលេខបាត់ដំបង២B.៣៩៥៨ អ្នកបើកបរ ឈ្មោះ ផែន ស៊ីម អាយុ៤៦ឆ្នាំ រស់នៅភូមិបោះពោធិ ឃុំអូដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
សេចក្ដីរាយការណ៍បន្តថា ជនរងគ្រោះបានបើកបរម៉ូតូម៉ាកzoomerx ពណ៌ក្រហម លាយស ពាក់ស្លាកលេខបាត់ដំបង១AB.៣១៣៨ បើកពីត្បូងទៅជើង បើកបរដោយឈ្មោះ វង្ស វត្ត ភេទប្រុសអាយុ២២ឆ្នាំ ស្នាក់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរងរបួសធ្ងន់ធ្ងរ និងអ្នករួមដំណើរ ឈ្មោះ ឈណ ស៊ីនាថ ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រងរបួសស្រាល និងក្មេងប្រុសរួមដំណើរជិះខាងមុខម៉ូតូម្នាក់ទៀត ឈ្មោះ ឈណ វិច្ឆិកា ភេទប្រុស អាយុ៨ឆ្នាំ ស្នាក់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានស្លាប់ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពឃុំផ្លូវមាស។
ក្រោយសមត្ថកិច្ចអន្តរាគមន៍ បច្ចុប្បន្ន ម៉ូតូ និងរថយន្ត សមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាស ស្រុករតនៈមណ្ឌល រង់ចាំបន្តនីតិវិធី។ ចំណែកសាកសពក្មេង ត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments