ត្បូងឃ្មុំ ៖ បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០១៩នេះ រយៈពេល៣ថ្ងៃ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍១ករណី ដែលបង្កឡើងដោយរថយន្តកាមរីបាឡែន បានព្រលះជាមួយរថយន្តហ៊ីយិនដាយពីក្រោយចំយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្ស៣នាក់ បានត្រដរខ្យល់ស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ និង មនុស្សម្នាក់ទៀត បានប្រកាច់ដង្ហើមចង្រិតរងរបួសយ៉ាងធ្ងន់ធ្ងរ នៅម៉ោង២ទៀបភ្លឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៧ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៨-១៤៨ ស្ថិតក្នុងភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តហ៊ីយិនដាយ បានរត់បាតជើងសព្រាត គេចខ្លួនបាត់ស្រមោលតែម្តងទៅ។
លោកឧត្ដមសេនីយ៍ត្រី ឈឹម គឹមហុង ស្នងការរងទទួលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈខេត្តត្បូងឃ្មុំបានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃបុណ្យប្រពៃណីចូលឆ្នាំខ្មែរនេះ ខេត្តត្បូងឃ្មុំរបស់យើង មានករណីគ្រោះថ្នាក់ចរាចរណ៍១ករណីគត់ ពោលគឺ នៅថ្ងៃកើតហេតុខាងលើ មូលហេតុដោយសារការបើកបរប្រើល្បឿនលឿន ក្នុងទិសដៅស្របទិសគ្នា ជាហេតុបណ្ដាលឲ្យ រថយន្តកាមរី ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បានបុកចំពីក្រោយរថយន្តហ៊ីយិនដាយ ពណ៌ស គ្មានស្លាកលេខ លាន់ឮ មិនចាញ់មីស៊ីលបាញ់នៅស៊ីរីនោះទេ ជាលទ្ធផល អ្នកបើកបររថយន្តកាមរីបាឡែន ១-ឈ្មោះ សៅ សុធា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ស្លាប់មុនគេនៅនឹងកន្លែងកើតហេតុ។ ២-ឈ្មោះ កាន់ សាវី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ស្លាប់នៅកន្លែងកើតហេតុ)។ ៣-ឈ្លោះ លី ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ និងអ្នកជិះរួមដំណើរម្នាក់ទៀត ឈ្មោះ ពេជ្រ ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអូតាគាំ១ សង្កាត់ទួលតាអែក ក្រុងបាត់ដំបង ខេត្តបាត់ដំបង (របួសធ្ងន់)។
លោកស្នងការរងបានបញ្ជាក់ទៀតថា ក្រោយកើតហេតុ អ្នករបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម រីឯសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រថយន្តទាំងពីរ អូសយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងសួង ចាត់ការទៅតាមនីតិវិធី។
លោកស្នងការរងបានបញ្ជាក់ទៀតថា បុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៩នេះ ខេត្តត្បូងឃ្មុំរបស់យើងមានករណីគ្រោះថ្នាក់ចរាចរណ៍ តែ១ករណីនេះទេ បើធៀបឆ្នាំទៅឆ្នាំនេះលើស១ករណី ខណៈឆ្នាំទៅ មិនមានកើតហេតុអ្វីនោះទេ៕
Source: Kampuchea Thmey Daily
0 Comments