រតនគិរី ៖ យ៉ាងហោចណាស់ មានមនុស្សក្មេងចាស់ប្រុស/ស្រីចំនួន៨នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯង បណ្តាលឲ្យក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ៧នាក់ទៀត រងរបួសធ្ងន់ស្រាល។
ហេតុការណ៍បង្កគ្រោះថ្នាក់ចរាចរណ៍ខ្លួនឯង បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ តាមផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ត្រង់ចំណុចផ្ទះចម្ការ ឈ្មោះ មឿន លឿន ស្ថិតនៅក្នុងភូមិវ៉ង ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា ៖
ទី១-ឈ្មោះ នួន ស្រីនាង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិឡាវ(ស្លាប់) នៅនឹងកន្លែង។
ទី២-ឈ្មោះ ដៀង ភៀន ភេទស្រី អាយុ៧០ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ របួសធ្ងន់។
ទី៣-ឈ្មោះ នួន ជួន ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ របួសធ្ងន់។
ទី៤-ឈ្មោះ គិម កាការ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិឡាវ មុខរបរសិស្ស របួសធ្ងន់។
ទី៥-ឈ្មោះ ជា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរ របួសស្រាល។ ជនរងគ្រោះទាំង៥នាក់ខាងលើ រស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ចំណែកជនរងគ្រោះ៣នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណឡើយ។
មន្ត្រីនគរបាលបានបន្តទៀតថា ដោយជនរងគ្រោះទាំង៨នាក់ខាងលើនេះ បានជិះរថយន្ត១គ្រឿងម៉ាកកាមរី បាឡែន ពណ៌ប្រផេះ ពាក់ស្លាកលេខ កំពង់ចាម2A-4314 បើកបរក្នុងល្បឿនលឿនដល់ត្រង់ចំណុចកើតហេតុខាងលើ បានរេចង្កូតក្រឡាប់ជាច្រើនត្រឡប់ផ្ងារជើងឡើងលើតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ ត្រូវបានរថយន្តសាមុយរបស់ស្នងការខេត្តដឹកជនរងគ្រោះទាំង៧នាក់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។
ដោយឡែក សព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments